ភ្នំពេញៈ យុវជនកម្ពុជា បច្ចុប្បន្នអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម តាមបែបលទ្ធិប្រជាធិបតេយ្យបានតិចតួច ដោយសារខ្វះលទ្ធភាពគ្រប់គ្រាន់ និងទិសដៅច្បាស់លាស់សម្រាប់ការផ្លាស់ប្តូរ។ នេះបើតាមការលើកឡើងរបស់វាគ្មិន និងយុវជន នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ឱកាសរបស់យុវជនក្នុងសង្គមប្រជាធិបតេយ្យដែលធ្វើឡើងកាលពីម្សិលមិញក្នុងទិវាអន្តរជាតិប្រជាធិបតេយ្យ រៀបចំដោយក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)។
យុវតី ម៉ម ណា និស្សិតសកលវិទ្យាល័យមួយ និងជាសមាជិកនៃក្រុមប្រឹក្សាយុវជនកម្ពុជា បានថ្លែងថា កញ្ញាគាំទ្រចំពោះការបើកទូលាយ ការបញ្ចេញមតិ លើប្រព័ន្ធទំនាក់ទំនងសង្គម ប៉ុន្តែ កញ្ញាមានការព្រួយបារម្ភ លើការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិរបស់យុវជនទៅថ្ងៃអនាគតបន្ទាប់ពីលេចឮថា រដ្ឋាភិបាលមានគម្រោងបង្កើតច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត។
ម៉ម ណា បាននិយាយថា៖ «យុវជនបច្ចុប្បន្ន មិនហ៊ានបញ្ចេញមតិជាសាធារណៈ ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ពួកគេ ច្រើនប្រើប្រាស់ហ្វេសប៊ុក ដើម្បីបញ្ចេញទស្សនៈ ចុះបើរដ្ឋាភិបាល បង្កើតច្បាប់គ្រប់គ្រងអ៊ីនធឺណិតនេះ តើយុវជនគួរធ្វើបែបណា?»។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតកំពុងស្ថិតក្នុងការពិចារណារបស់រដ្ឋាភិបាល ហើយសង្គមស៊ីវិល បានកំពុងជំរុញការអនុម័តច្បាប់ ឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីធានាការលើកកម្ពស់សិទ្ធិបញ្ចេញមតិ។
លោក អ៊ូ វីរៈ ថ្លែងថា បើទោះបីជា អំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនហាក់បានចូលរួមយ៉ាងសកម្មក្នុងការបញ្ចេញមតិនិងបង្ហាញពីអ្វីដែលខ្លួនចង់បានក្តី តែកម្រិតនិងការផ្លាស់ប្តូរ ដែលពួកគេចង់បានគឺនៅមានកំណត់ដោយសារតែភាគច្រើនយុវជនទាំងនោះមិនមានលទ្ធភាពនិងឱកាសពេញលេញក្នុងការបង្ហាញពីសមត្ថភាពរបស់ខ្លួន។
លោកបន្តថា បញ្ហាប្រឈមរបស់យុវជនក្នុងការផ្លាស់ប្តូរគឺដោយសារការកំណត់ទិសដៅនិងទស្សនវិស័យមិនច្បាស់លាស់។
លោក អ៊ូ វីរៈ បញ្ជាក់ថា៖ «ខ្ញុំចាប់អារម្មណ៍ឃើញកាលពី ១ ឆ្នាំមុន យុវជនចាប់ផ្តើមប្រើប្រាស់ Facebook ហើយហ៊ានបង្ហាញសកម្មភាព និងទស្សនៈរបស់ខ្លួន តែពួកគេហាក់ជឿលើព័ត៌មានទាំងនោះពេក។ ក្រោយមក ខ្ញុំឃើញថា ពួកគេចាប់ផ្តើមងឿងឆ្ងល់លើព័ត៌មាន ដែលទទួលបានខុសៗគ្នា និងបានចាប់ផ្តើមសិក្សាបន្ថែមលើបញ្ហាទាំងនោះ»។
កញ្ញា ជេស៊ីកា ឃីហ្គេន នាយកកម្មវិធីអង្គការ (IRI) ប្រចាំកម្ពុជា បានថ្លែងដោយផ្អែកលើការស្រាវជ្រាវថា ការចូលរួមរបស់យុវជនក្នុងកិច្ចការសង្គម ស្របតាមលទិ្ធប្រជាធិបតេយ្យបច្ចុប្បន្ន ប្រឈមនឹងឧបសគ្គច្រើន ដោយសារតែឱកាស នៃការកសាងសមត្ថភាព ចំណេះដឹង និងជំនាញរបស់ពួកគេ នៅមានកម្រិតទាប ព្រោះប្រព័ន្ធអប់រំ នៅកម្ពុជា នៅមានភាពទន់ខ្សោយហើយអំពើពុករលួយ បក្ខពួកនិយម នៅតែបន្តកើតមាន។ ទន្ទឹងនឹងនេះ កញ្ញាយល់ថា ការមិនយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្នុងការផ្តល់ឱកាសដល់យុវជន ក្នុងការចូលរួមដោះស្រាយបញ្ហាជាតិ ក៏ជាផ្នែកមួយដែលនាំឲ្យយុវជនមិនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។
សម្រាប់នាយកប្រតិបត្តិស្តីទី នៃក្រុមប្រឹក្សាយុវជនកម្ពុជា លោក គួយ គឹមរើន បានថ្លែងថា យុវជនក៏មានតួនាទីសំខាន់ផងដែរក្នុងកិច្ចការងារនយោបាយ ជាពិសេសកិច្ចការកម្រិតថ្នាក់ ឃុំ សង្កាត់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតាមមូលដ្ឋាន៕