កោះកុងៈ នគរបាល​ក្រុង​ខេមរភូមិន្ទ​បាន​បញ្ជូន​ក្មេងប្រុស​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​កាលពី​រសៀល​​ម្សិលមិញ ក្រោយពី​ចាប់​ខ្លួន​បាន​ពេល​ជនសង្ស័យ​កំពុង​លាក់ខ្លួន​នៅ​ភូមិ​តាចាប ឃុំ​ទួលគគីរ ស្រុក​មណ្ឌលសីមា បន្ទាប់ពី​សម្លាប់​ក្មេង​រងគ្រោះ​កាលពី​ថ្ងៃទី​ ១២ ខែ​ឧសភា​ឆ្នាំ​ ២០១៨ កន្លង​មក​នេះ​។

លោក ង៉ែត សុវណ្ណារ៉ា អធិការរង​នគរបាល​ក្រុង​ខេមរភូមិន្ទ​​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ចាប់​ខ្លួន​សមត្ថកិច្ច​បាន​ប្រើ​ពេល​អស់​ ៣ ​ថ្ងៃ​ដើម្បី​ស្រាវជ្រាវ​រក​កន្លែង​លាក់​ខ្លួន​របស់​ជនសង្ស័យ ហើយ​​ក៏​មាន​ការសហការ​ជាមួយ​ម្តាយ​ឪពុក​ជនសង្ស័យ​ដែរ​។

លោក​ប្រាប់​ថា​៖ «​ជនសង្ស័យ​​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ខ្ញុំ​ថា គេ​ចាក់​សម្លាប់​ជនរងគ្រោះ ព្រោះ​ខឹង​ជនរងគ្រោះ​មាន​គ្នា​ ៥-៦ ​នាក់​ព្រួត​គ្នា​វាយ​លើ​រូបគេ ខណៈ​រូបគេ​កំពុង​ហូប​ប្រហិត​ចៀន ហើយ​ចៃដន្យ​ឃើញ​កាំបិត​ទុក​នៅ​ក្រោម​តុ​ក៏​យក​ទៅ​ចាក់​ជនរងគ្រោះ​ទៅ​»​។

លោក​ប្រាប់​បន្ត​ថា​ជនសង្ស័យ​​ក្រោយ​ពី​ចាប់​ខ្លួន​បាន​កម្លាំង​របស់​លោក​បាន​ធ្វើ​កំណត់ហេតុ​ និង​ចាប់​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​រសៀល​នេះ​ (​ថ្ងៃ​អង្គារ​) ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​សាកសួរ​បន្ត​ទៀត​។

គួរ​រំឭក​ថា​ជនសង្ស័យ​ក្នុង​ឃាតកម្ម​នេះ​ឈ្មោះ នួន សុខណា អាយុ​ ១៥ ​ឆ្នាំ​មាន​លំនៅ​ក្នុង​ភូមិ​ ២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ មាន​មុខរបរ​ជា​ជាង​ធ្វើ​គ្រឿង​សង្ហារិម​ស្នាក់​នៅ​ផ្ទះជួល​។ រីឯ​ក្មេង​រងគ្រោះ​ឈ្មោះ​ ចាន់ ហាក់ អាយុ​ ១២ ​ឆ្នាំ ឈប់​រៀន​នៅ​ថ្នាក់​បឋមសិក្សា និង​មាន​លំនៅឋាន​ក្នុង​ភូមិ​ទី​ ៤ ​សង្កាត់ ដងទង់ ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង​។

លោក សុវណ្ណារ៉ា បាន​ប្រាប់​តាម​សម្តី​សាក្សី​ដែល​បាន​ឃើញ​​នៅ​កន្លែង​កើតហេតុ​ថា ការចាក់​សម្លាប់​គ្នា​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ១៩ ​និង​ ២០ ​នាទី​នៅ​តាម​ផ្លូវ​បេតុង​ត្រង់​ចំណុច​ប្រសព្វ​គ្នា​ជាមួយ​ភូមិ​លេខ​ ៤ និង​ភូមិ​លេខ​ ២ ក្នុង​សង្កាត់​ដងទង់​។ ក្រោយពី​​នគរបាល​ធ្វើ​កោសល្យវិច័យ​បង្ហាញ​ថា នៅ​លើ​ខ្លួន​សាក​សព​ក្មេង​រងគ្រោះ​មាន​ស្នាម​ចាក់​ត្រូវ​ ២ ​កាំបិត​ដោយ​ ១ ​កាំបិត​ត្រូវ​ពោះ​ខាង​ឆ្វេង និង​ ១ ​កាំបិត​ទៀត​ត្រូវ​ចំ​ដោះ​ខាង​ឆ្វេង​។

ពាក់ព័ន្ធ​នឹង​អាយុ​នៃ​ការទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នោះ​ត្រូវ​បាន​លោក មេធាវី យុង ផានិត ជា​អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន​ប្រាប់​ថា ចំពោះ​ក្មេង​បង្ក​បទឧក្រិដ្ឋ​នោះ​តាម​ផ្លូវ​ច្បាប់​គឺ​គិត​ពី​អាយុ​។ បាន​ន័យ​ថា បើ​ក្មេង​នោះ​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​ហើយ​ប្រព្រឹត្ត​បទល្មើស​ចាក់​គេ​ស្លាប់​គឺ​ច្បាប់​ចែង​ថា គាត់​មិន​អាច​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​បាន​ទេ​។ ប៉ុន្តែ​បើ​ក្មេង​នោះ​មាន​អាយុ​លើស​ ១៤ ​ឆ្នាំ​គឺ​គាត់​ត្រូវ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ប៉ុន្តែ​ច្បាប់​ចែង​ថា ជនល្មើស​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​គឺ​ទោស​ស្មើ​តែ​ពាក់កណ្តាល​នៃ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​៕