ភ្នំពេញៈ រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​ចេញ​រូបរាង​ថ្ងៃ​នេះ​ត្រូវ​បាន​បញ្ចូល​ឈាម​ថ្មី ដែល​ជា​យុវជន​ក្នុង​ចំនួន​ច្រើន ដើម្បី​កាន់​ការងារ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​នានា ខណៈ​សមាជិក​រដ្ឋាភិបាល​ត្រូវ​បាន​កំណត់​ចាប់ពី​រដ្ឋមន្ត្រី​ដល់​ឧបនាយករដ្ឋមន្ត្រី​ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហើយ​រដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី​ដែល​ជាប់ឆ្នោត​ជា​សមាជិក​រដ្ឋសភា​នោះ​ត្រូវ​លាលែង​ទៅ​ធ្វើ​ជា​សមាជិក​រដ្ឋាភិបាល​។

ប៉ុន្តែ​អ្វី​ដែល​គេ​ទន្ទឹង​រង់ចាំ​ចង់​ដឹង​បំផុត​នោះ គឺ​ឈាម​ចាស់​ និង​ឈាម​ថ្មី​ (​រដ្ឋមន្ត្រី​) ដែល​ត្រូវ​តែងតាំង​ឲ្យ​កាន់​តំណែង​ជា​ថ្នាក់ដឹកនាំ​តាម​ស្ថាប័ន​នីមួយៗ​នៃ​រដ្ឋាភិបាល​ថ្មី​ដែរ​នេះ​ជា​នរណា​? មាន​សមាសភាព​មកពី​ណា​? ហើយ​ឈាម​ចាស់​នៅ​សល់​ប៉ុន្មាន​? និង​ឈាម​ថ្មី​មក​ជំនួស​មាន​ចំនួន​ប៉ុន្មាន​?​។

ទោះ​ជា​យ៉ាង​ណា បញ្ជី​ឈ្មោះ​នៃ​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងនោះ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ​គិត​ត្រឹម​ល្ងាច​ម្សិលមិញ ប៉ុន្តែ​ការទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​របស់​អ្នក​ដែល​ចង់ដឹង​គឺ​នឹង​ត្រូវ​មក​ដល់​នា​ថ្ងៃ​នេះ​ហើយ​។

មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​សម្រាប់​រាជរដ្ឋាភិបាល​ថ្មី​ដែល​កើតឡើង​ថ្ងៃ​នេះ​មិន​មាន​បុគ្គល​ណា​មួយ​ដឹង​អំពី​បញ្ជី​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ជា​សមាជិក​រាជរដ្ឋាភិបាល​ដែលមាន​ឋានៈ​ចាប់ពី​រដ្ឋមន្ត្រី​រហូត​ដល់​ឧបនាយករដ្ឋមន្ត្រី និង​មន្ត្រី​ដែល​មិនមែន​ជា​សមាជិក​រដ្ឋាភិបាល​មាន​ឋានៈ​ចាប់ពី​អនុរដ្ឋលេខាធិការ​ដល់​រដ្ឋលេខាធិការ​ក្នុង​អាណត្តិ​ថ្មី​នេះ​ជា​បុគ្គល​ ឬ​សមាសភាព​ណា​ខ្លះ​នោះ​ទេ ក្រៅតែ​ពី​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កាន់​បញ្ជី​ឈ្មោះ​នេះ​។

ប៉ុន្តែ​លោក​ ឥសាន បញ្ជាក់​ថា​យុវជន​ជំនាន់​ក្រោយ​ជាច្រើន​នឹង​ត្រូវ​ដាក់​ឲ្យ​កាន់​ការងារ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ ឬ​ស្ថាប័ន​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ក្នុង​មុខ​តំណែង​ជា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ប៉ុន្តែ​តំណែង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នឹង​ត្រូវ​តែងតាំង​ជា​បន្តបន្ទាប់ ក្រោយពី​សមាជិក​រដ្ឋាភិបាល​ត្រូវ​បាន​ប្រកាស​ថ្ងៃ​នេះ​។

លោក​ ឥសាន ថ្លែង​ថា​៖ «[​ការដាក់​បញ្ចូល​យុវជន​ច្រើន​] អាហ្នឹង​វា​ច្បាស់​ហើយ [​យើង​] ​ដាក់​បន្ត​ឲ្យ​មាន​និរន្តរភាព​នៃ​ការដឹកនាំ​គ្រប់គ្រង​។ ទោះបី​រដ្ឋមន្ត្រី​ដែល​នឹង​មាន​អនុម័ត​ហ្នឹង​ក៏​មាន​អ្នក​វ័យក្មេង​ចូល​ដែរ មិនមែន​អត់​ទេ​»​។

ទោះ​ជា​យ៉ាង​ណា​លោក​ សុខ ឥសាន បន្ថែម​ថា​លោក​មិន​បាន​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​ ឬ​ប៉ុន្មាន​ភាគរយ​នៃ​យុវជន​ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​ឲ្យ​កាន់​ការងារ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នោះ​ទេ​។

ដោយឡែក​សម្រាប់​តំណែង​ជា​សមាជិក​រដ្ឋសភា​ក្នុង​អាណត្តិ​ទី​ ៦ ​នេះ​លោក​ ឥសាន បញ្ជាក់​ថា ឥស្សរជន​ណា​ដែល​មាន​តំណែង​ជា​ទេសរដ្ឋមន្ត្រី ហើយ​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ ឬ សមាជិក​រដ្ឋសភា​នោះ ពួកគេ​ត្រូវ​តែ​លាលែង​ពី​តួនាទី​ជា​តំណាងរាស្ត្រ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទៅ​បម្រើ​ការងារ​ក្នុង​តំណែង​ជា​ទេសរដ្ឋមន្ត្រី​ក្នុង​នីតិប្រតិបត្តិ​។ ពួកគេ​មិន​អាច​បម្រើការ​នៅក្នុង​ស្ថាប័ន​រដ្ឋសភា​ផង និង​រដ្ឋាភិបាល​ផង​ដូច​ក្នុង​អាណត្តិ​មុនៗ​បាន​ឡើយ​។

លោក​បន្ថែម​ថា​៖ «​ឥឡូវ​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​តែ​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​ធ្វើ​ឧបនាយករដ្ឋមន្ត្រី​ផង ធ្វើ​តំណាងរាស្ត្រ​ផង​»​។

ជាមួយ​គ្នា​នេះ​ដែរ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​អនុម័ត​គាំទ្រ និង​ចូល​ស្បថ​នៅ​ចំពោះ​ព្រះភក្ត្រ ព្រះមហាក្សត្រ ដើម្បី​ដំណើរការ​ក្នុង​អាណត្តិ​ទី​ ៦ នា​ថ្ងៃ​នេះ តំណែង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នឹង​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​បញ្ជី​ដើម្បី​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​សុំ​ព្រះរាជទាន​នូវ​ព្រះហស្តលេខា​ដើម្បី​ដាក់​បញ្ចូល​ពួកគេ​ចូល​បម្រើ​ការងារ​ក្នុង​រដ្ឋាភិបាល​។

លោក ស៊ីផាន បញ្ជាក់​ខ្លី​ថា​៖ «​ទំនោរ​របស់​រាជរដ្ឋាភិបាល​ថ្មី​ជា​ទំនោរ​បង្កើត​នូវ​ការ​បន្តវេន [​ដូច្នេះ​] ​ច្បាស់​ជា​មាន​ឈាម​ថ្មី​ចូល​ច្រើន​»​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ Fresh News ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន ក៏បាន​បង្ហាញ​អំពី​ចក្ខុវិស័យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការដាក់​បញ្ចូល​យុវជន​ទៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​ក្នុង​ក្រសួង ឬ ស្ថាប័ន​ផងដែរ ដើម្បី​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ថា​លោក​ ហ៊ុន សែន ពិតជា​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់​លើ​អ្នក​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​បច្ចុប្បន្ន ​និង​ទៅ​អនាគត​។ តាមរយៈ​ការយក​ចិត្ត​ទុកដាក់ និង​កំណើន​នៃ​ធនធាន​មនុស្ស​ជា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា យុវជន​ត្រូវ​បាន​រំពឹង​ថា​នឹង​លេច​មុខ​ច្រើន​នៅ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ កាន់តំណែង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៅ​តាម​ក្រសួង​នីមួយៗ​។

ប៉ុន្តែ​ប្រធាន​សមាគម ជយលាភី បញ្ញាជន កម្ពុជា និង​ជា​អ្នកវិភាគ លោក​ រស់ សារ៉ុម ដែល​ថ្លែង​តាម​ការកត់​សម្គាល់​ក្នុង​អាណត្តិ​កន្លង​មក​របស់​រដ្ឋាភិបាល ហាក់​មិន​រំពឹង​ថា​រដ្ឋាភិបាល​ថ្មី​ដែល​បញ្ចូល​ឈាម​ថ្មី​ជា​យុវជន​ចំនួន​ច្រើន​ឲ្យ​កាន់​ការងារ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន ក្រសួង​នានា​របស់​រដ្ឋាភិបាល​នោះ អាច​ជួយ​រុញ​ដំណើរការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​បាន​ច្រើន​នោះ​ទេ ដោយ​លោក​ថា​រដ្ឋាភិបាល​បាន​ប្រកាស​កែទម្រង់​តាំងពី​អាណត្តិ​ទី​ ៥ ​មក​ម្ល៉េះ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​នោះ​ឡើយ​។

លោក​ សា រ៉ុម ថ្លែង​ថា​៖ «​ឈាម​ថ្មី​ដែល​ខ្ញុំ​មើល​ឃើញ​ហ្នឹង វា​​អត់​មាន​ឈាម​ថ្មី​ណា ដែល​ក្រៅ​តែ​ពី​កូន​របស់​ឥស្សរជន​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​។ អ៊ីចឹង​វា​ឈាម​ថ្មី​ដែរ ប៉ុន្តែ​ឈាម​ពី​ឪ​ទៅ​កូន​។ ខ្ញុំ​មិន​រើសអើង​ទេ សំខាន់​សមត្ថភាព​ការអនុវត្ត​ការងារ​ជាក់​ស្តែង​ឲ្យ​ប្រជារាស្ត្រ​ឃើញ​ថា ខ្លួន​ពិត​ជា​ឈាមជ័រ​ថ្មី​ហើយ​បង្កើត​បាន​នូវ​សមិទ្ធផល​ថ្មី​»៕