ភ្នំពេញៈ តំណាង​សមាគម​សហព័ន្ធ​និស្សិត សហព័ន្ធ​សហជីព យុវជន និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ២០ ​នាក់​បាន​ទៅ​ដាក់​ញត្តិ​នៅ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (UNOHCHR) កាលពី​ម្សិលមិញ ដើម្បី​ស្នើ​ឱ្យជួយ​អន្តរាគមន៍​ដោះលែង​លោក រ៉ុង ឈុន និង​អ្នក​ពាក់ព័ន្ធ​មួយចំនួន​ទៀត និង​បាន​បន្ត​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន​ទៀត ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​រារាំង​។

បើតាម​លោក រ៉ុង វ៉ាន់ អាយុ​ ២២ ​ឆ្នាំ​ដែល​ត្រូវជា​ក្មួយ​លោក រ៉ុង ឈុន ​ដែល​បាន​ចូលរួម​ដាក់​ញត្តិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​នៃ​ការដាក់​ញត្តិ​នេះ​មិន​ទទួលបាន​ដូច​អ្វី​ដែល​ពួកគាត់​គ្រោង​នោះទេ ដោយសារ​សមត្ថកិច្ច​បាន​រារាំង​មិន​ឱ្យ​ហែ​ក្បួន​ទៅកាន់​ស្ថានទូត​ជប៉ុន បន្ទាប់ពី​ពួកគាត់​បាន​ដាក់​ញត្តិ​រួចរាល់​នៅ UNOHCHR​។

លោក​ថ្លែង​ថា​៖ «​យើង​បានដាក់​ញត្តិ​នៅ​ការិយាល័យ UNOHCHR ដោយ​ជោគជ័យ​ដោយ​មាន​ការស្វាគមន៍​ពី​មន្ត្រី​នៃ​អង្គការ​នេះ ហើយ​ពួកគាត់​បាន​សន្យា​ថា​នឹង​ជួយ​ធ្វើការ​ដោះស្រាយ​ករណី​លោក រ៉ុង ឈុន​»​។

បន្ទាប់ពី​ដាក់​ញត្តិ​រួចរាល់​នៅ UNOHCHR ក្រុម​យុវជន​ទាំងនេះ​បាន​បន្តដំណើរ​ទៅ​ស្ថានទូត​ជប៉ុន​ដោយ​ថ្មើរជើង ប៉ុន្តែ​ត្រូវ​បាន​រារាំង​ពី​សមត្ថកិច្ច​។

លោក រ៉ុង វ៉ាន់ ​ថ្លែង​ថា ក្រុម​អ្នក​ដាក់​ញត្តិ​ទាំងនេះ​មិន​មាន​កម្លាំង​ដើម្បី​ធ្វើការ​ទប់ទល់​ ឬ​រុញច្រាន​ជាមួយ​នឹង​សមត្ថកិច្ច​ទាំងនោះ​ទេ ដោយសារ​តែ​ក្រុម​ពួកគាត់​មាន​ឆន្ទៈ​ប្រកាន់ខ្ជាប់​នូវ​អហិង្សា ទើប​ពួកគាត់​សម្រេច​ធ្វើការ​រំសាយ​ប៉ុន្តែ​ក្រុម​អ្នក​ទាមទារ​ទាំងនេះ​នឹង​ដាក់​ញត្តិ​ដដែល​នេះ​ទៅ​ខាង​ស្ថានទូត​ជប៉ុន នៅពេល​ក្រោយ​។

យោងតាម​ញត្តិ​ស្នើសុំ​ការជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ​ដែល​ចុះហត្ថលេខា​ដោយ​តំណាង​សមាគម សហព័ន្ធ​និស្សិត សហព័ន្ធ​សហជីព យុវជន និង​ប្រជាពលរដ្ឋ​ជិត​ ២០ ​ស្ថាប័ន​បាន​អំពាវនាវ​ទៅដល់​សហគមន៍​អន្តរជាតិ​សូមជួយ​អន្តរាគមន៍​ឲ្យ​មាន​ការដោះលែង​លោក រ៉ុង ឈុន ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ៣១ ខែកក្កដា​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម ហើយ​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​ ១ ​ខែ​សីហា​នៅ​ពន្ធនាគារ​ព្រៃស​ក្រោម​បទ​ចោទ​ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។

តំណាង​សមាគម​ទាំងនោះ​មាន​ដូចជា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ក្រុមយុវជន​ទំពាំងខ្មែរ សមាគម​អ្នក​ស្រលាញ់​បរិស្ថាន​ និង​សង្គម សហភាព​សហជីព​កម្ពុជា​សហព័ន្ធ​សហជីព​កម្ពុជា សហភាព​ការងារ​កម្ពុជា​ជាដើម​។

ទាក់ទង​នឹង​ការទាមទារ​ឱ្យ​មាន​ការដោះលែង​លោក រ៉ុង ឈុន នេះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៣ ខែសីហា​ថា ការបញ្ចេញមតិ​ «​ដោយ​បំផ្លើស និង​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ពី​បញ្ហា​ព្រំដែន​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់​បង្ក​ឲ្យ​មាន​ភាពចលាចល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​មិនមែន​ជា​ការអនុវត្ត​សិទ្ធិ​នោះទេ តែ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​អ្នកប្រព្រឹត្ត​ត្រូវ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ជា​ធរមាន​»​។

លោក ជិន ម៉ាលីន ​បាន​ថ្លែង​បញ្ជាក់ថា បញ្ហា​ព្រំដែន​ជា​បញ្ហា​រសើប​ និង​មាន​ភាព​ស្មុគស្មាញ ហើយ​ការបំផ្លើស​ និង​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ពី​បញ្ហា​ព្រំដែន​នេះ​នឹង​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ប្រទេសជាតិ ជាពិសេស​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ជិតខាង ដូច្នេះ​វិធានការ​ច្បាប់​ក្នុង​ការទប់ស្កាត់​ និង​បង្ក្រាប​ត្រូវតែ​ម៉ឺងម៉ាត់​បំផុត ដើម្បី​ការពារ​សុខសន្តិភាព​ជូន​ប្រទេសជាតិ​។

គួរបញ្ជាក់​ផងដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​ជនណា​ដែល​ញុះញង់​ និង​បំភ្លៃ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​សួនទឹក​ «​ហ្គាឌិនស៊ីធី​» របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខណ្ឌ​ជ្រោយចង្វារ​នា​ព្រឹក​ថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ ២០២០ ​​ថា ៖ «​រឿង​ព្រំដែន​មិនមែន​រឿង​លេងសើច​ទេ កុំ​ញុះញង់​ឱ្យ​មាន​ចម្បាំង​រាំងជល់​ជាមួយ​ប្រទេស​ជិតខាង​តាមរយៈ​នៃ​សារ​របស់​អ្នកឯង​ចង្អុល​កន្លែង​នេះ​ ឬ​កន្លែង​នោះ​»៕