ក្រចេះ: យុវជន​ ១ ​ក្រុម​ឈ្មោះ អេកូយុវទូត​ (Young Eco Ambassador) ​ចំនួន​ ១៥ ​នាក់​ បាន​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ការពារ​សត្វផ្សោត​ក្នុង​ខេត្តក្រចេះ​រយៈពេល​ ៣ ​ថ្ងៃ​ ដើម្បី​ស្វែងយល់​ពី​កម្មវិធី​អភិរក្ស​នានា​របស់​អង្គការ WWF ​និង​វិធីសាស្ត្រ​ធ្វើ​ការងារ​ក្នុង​ភាព​ជា​ដៃគូ​ពហុភាគី​។

លោក ទេព អស្នារិទ្ធ ប្រធាន​កិច្ចការ​សាធារណៈ​ និង​គ្រប់គ្រង​ព័ត៌មាន​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ (WWF) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុម​ការងារ​របស់​អង្គការ WWF បាន​ដឹកនាំ​ក្រុមយុវជន​អេកូយុវទូត​ទាំង​ ១៥ ​នាក់​នេះ​ទៅ​តំបន់​ទេសភាព​ព្រៃលិចទឹក​មេគង្គ​។ ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​គឺ​ដើម្បី​ស្វែងយល់​ពី​កម្មវិធី​អភិរក្ស​របស់​ WWF និង​វិធីសាស្ត្រ​ធ្វើ​ការងារ​ក្នុង​ភាព​ជា​ដៃគូ​ពហុភាគី​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល ថ្នាក់ជាតិ អាជ្ញាធរ សហគមន៍​តាម​ដង​ទន្លេមេគង្គ​​យុវជន វិស័យ​ឯកជន អង្គការ​ដៃគូ និង​ភាគី​ពាក់ព័ន្ធ​នានា​។

លោក​បន្តថា ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​គិត​ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី​ ២៦ ​ខែតុលា​ ដោយ​ក្រុម​យុវជន​ទទួល​បាន​បទពិសោធ​ផ្ទាល់​ពី​​ការត្រួតពិនិត្យ​តាមដាន​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ស្វែងយល់​អំពី​វិធី​ប៉ាន់ប្រមាណ​ចំនួន​សត្វផ្សោត​។

លោក​ថា​៖ «​ក្រុមយុវជន​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ពង្រឹង​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ដែល​ប្រចាំការ​នៅ​អន្លង់​ផ្សោត​កាំពី ដើម្បី​ស្វែងយល់​អំពី​កិច្ចការ​របស់​ឆ្មាំ​ទន្លេ លទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​។ ពួកគាត់​ចាប់​អារម្មណ៍​ខ្លាំង​លើ​កិច្ចការ​ដែល​យើង​កំពុង​ធ្វើ​នេះ​»​។

កញ្ញា វិន ពុទ្ធាលី មន្ត្រី​ទំនាក់ទំនង​ក្រុមយុវជន​អេកូយុវទូត​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ត្រូវបាន​រៀបចំ​ដោយ​អង្គការ WWF ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ក្រុមយុវជន​ស្វែងយល់​ពី​ការអភិរក្ស​សត្វផ្សោត និង​ធនធាន​ធម្មជាតិ​នានា​។

កញ្ញា បន្តថា បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្រុម​យុវជន​នឹង​ប្រើប្រាស់​ចំណេះដឹង​ និង​បទពិសោធ ដើម្បី​ផ្សព្វផ្សាយ​បន្តទៅ​សាធារណជន​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។ ការផ្សព្វផ្សាយ​នេះ​ក្នុង​បំណង​ផ្តល់ព័ត៌មាន​ដល់​យុវជន​កម្ពុជា​ទូទៅ​អំពី​ស្ថានភាព​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ជំរុញ​ឱ្យ​ចូលរួម​ការពារ​សត្វ​ផ្សោត​ដែល​នៅសល់​ក្នុង​ទន្លេ​កុំឱ្យ​ផុត​ពូជ​។

កញ្ញា វិន ពុទ្ធាលី បញ្ជាក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ពួកខ្ញុំ​បាន​ទទួល​ចំណេះដឹង​ច្រើន​ពី​មន្ត្រី WWF និង​អាជ្ញាធរ​ដែល​ពួកគាត់​បាន​ធ្វើ​បទបង្ហាញ​ពី​កិច្ចការ​អភិរក្ស និង​ផលប៉ះពាល់​នានា​។ កិច្ចការ​បន្តទៀត គឺ​ពួកខ្ញុំ​នឹង​ចងក្រង​ជា​មាតិកា​សំខាន់ៗ ឬ​ចងក្រង​រូបភាព និង​វីដេអូ​ផ្សព្វផ្សាយ​​ ដើម្បី​បំផុសគំនិត​ឱ្យចូលរួម​ការពារ​បរិស្ថាន​ និង​ការពារ​អភិរក្ស​​ជីវចម្រុះ​ផងដែរ​»​។

នៅពេល​ទាក់ទង​ទៅកាន់​លោក​​ ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ពី​ម្សិលមិញ​ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ពី​ការងារ​អភិរក្ស​សត្វផ្សោត​នេះ​លោក​​បាន​ថ្លែងថា កំពុង​ជាប់រវល់​ប្រជុំ​មិន​អាច​និយាយ​ទូរស័ព្ទ​បានទេ​។

ក៏ប៉ុន្តែ​តាម​របាយការណ៍​នៃ​ការតាមដាន​សត្វ​ផ្សោត​ទន្លេមេគង្គ​ឆ្នាំ​ ២០២០ ​របស់​អង្គការ WWF ដែល​បានបង្ហាញ​ក្នុង​ទិវា​អន្តរជាតិ​នៃ​សត្វ​ផ្សោត​ទឹកសាប​នៅ​ថ្ងៃ​ ២៤ ​ខែ​តុលា​ថា អ្នកវិទ្យាសាស្ត្រ​បាន​ប៉ាន់​​ប្រមាណ​ថា មាន​សត្វ​ផ្សោត​តែ​ ៨៩ ​ក្បាល​ប៉ុណ្ណោះ​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​កម្ពុជា​ដែល​ជា​ចំនួន​ថេរ បន្ទាប់​ពី​បាន​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ​។

រដ្ឋបាល​ជលផល និង​ WWF ​បាន​អំពាវនាវ​ឱ្យមាន​ការអនុវត្ត​សកម្មភាព​ និង​វិធានការ​រួមគ្នា​ជាបន្ទាន់​បន្ថែមទៀត​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ សហគមន៍ និង​ពី​សំណាក់​ដៃគូ​បច្ចុប្បន្ន និង​ដៃគូ​ផ្សេងទៀត​នៅ​​ថ្ងៃ​អនាគត​៕