ភ្នំពេញៈ យុវជន ១ ក្រុមបានបង្កើតយុទ្ធនាការ ១ សប្តាហ៍លើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយ គ្រឿងស្រវឹង និងរូបភាពសេពគ្រឿងស្រវឹងតាមហ្វេសប៊ុកដែលពួកគេចាត់ទុកថា ធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងជាគំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយ ខណៈមន្ត្រីថា គណៈរដ្ឋមន្ត្រីនឹងពិភាក្សាសេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងឆាប់ៗនេះ។
សារដែលមានខ្លឹមសារដូចជា «រក្សាសេចក្តីថ្លៃថ្នូររបស់អ្នក សូមកុំផុស និងបង្ហោះគ្រឿងស្រវឹងលើបណ្តាញសង្គមហ្វេសប៊ុក» «ពេលផឹកស៊ីបង្ហោះលើហ្វេសប៊ុកប្រៀបបានបង្រៀនកុមារឲ្យស្គាល់រសជាតិស្រា» និងមានខ្លឹមសារជា ច្រើនទៀតដែលបង្ហាញពីការមិនគាំទ្រដាច់ខាតការផឹកស៊ីសង្ហោះតាមហ្វេសប៊ុកនេះត្រូវបានបង្ហោះដោយក្រុមយុវជន ១ ក្រុមនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ពួកគេជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃចន្ទទី ២៧ មករាមក។
លោក គង់ រ៉ៃយ៉ា ដែលបានដឹកនាំបង្កើតយុទ្ធនាការនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថាការដែលក្រុមលោកបង្កើតយុទ្ធនាការនេះដោយសារមើលឃើញមានកើនឡើងនូវអ្នកប្រើប្រាស់ហ្វេសប៊ុកបានចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងទាំងមិនដឹងខ្លួនដោយពេលកំពុងសេពគ្រឿងស្រវឹងបានបង្ហោះរូបភាពទាំងនេះជាសាធារណៈ។
លោកបន្តថា យុទ្ធនាការនេះក៏មានគោលបំណងជំរុញទៅកាន់ក្រសួងពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលក្នុងការបង្កើនការអនុម័តច្បាប់ស្តីពីគ្រប់គ្រងគ្រឿងស្រវឹងដើម្បីដាក់ចេញជាវិធានការសមស្រប និងត្រឹមត្រូវមួយក្នុងការទប់ស្កាត់ការប្រើប្រាស់នូវគ្រឿងស្រវឹងផងដែរ។
លោកបន្តថា៖ «ជំរុញឲ្យរដ្ឋាភិបាលរបស់យើងមានការប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង និងការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង។ បើមិននោះទេធ្វើឲ្យគ្រឿងស្រវឹងនេះមានការលក់ ការប្រើប្រាស់ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងធ្វើឲ្យសីលធម៌សង្គមរបស់យើងធ្លាក់ចុះ»។
លោក គង់ រ៉ៃយ៉ា បានបន្តថា ពេលកម្ពុជាគ្មានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងគឺជាហេតុបង្កឲ្យអ្នកប្រើប្រាស់ និងអ្នកលក់គ្រឿងស្រវឹងអាចលក់ និងប្រើប្រាស់នៅទីកន្លែងណាក៏បាន ហើយកុមារក៏អាចប្រើប្រាស់បានដែលខុសឆ្ងាយពីប្រទេសមួយចំនួនដែលមានច្បាប់សម្រាប់គ្រប់គ្រងគ្រឿងស្រវឹងនេះ។
លោក អៀង ភារ៉ាញ់ វ័យ ២៧ ឆ្នាំ ដែលជាអ្នកចូលរួមក្នុងយុទ្ធនាការម្នាក់ដែរនោះបានប្រាប់ដែរថា វាមានរយៈពេល ១ សប្តាហ៍ គឺចាប់ផ្តើមពីថ្ងៃចន្ទទៅដោយមានការចូលរួមបង្ហោះសារដែលមានខ្លឹមសារអប់រំ និងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឲ្យឈប់បង្ហោះសារ ឬក៏ផ្សព្វផ្សាយអំពីគ្រឿងស្រវឹងលើបណ្តាញសង្គមផ្ទាល់ខ្លួន។
លោកបន្ថែមថា គ្រប់គ្នាដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សុទ្ធតែអាចចូលរួមបានតាមរយៈការបង្ហោះសារដោយភ្ជាប់ជាមួយសារមួយណាដែលខ្លួនពេញចិត្តហើយថតភ្ជាប់ជាមួយនឹងខ្លួនសម្រាប់បង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនបាន។
លោក អៀង ភារ៉ាញ់ បានបញ្ជាក់ថា៖ «យុទ្ធនាការនេះខ្ញុំសុំឲ្យបងប្អូនទាំងអស់ឈប់ថតបង្ហោះ ការសេពគ្រឿងស្រវឹង ហើយងាកមកចូលរួមយុទ្ធនាការនេះទាំងអស់គ្នាចាប់ពីពេលនេះតទៅ។ ខ្ញុំសូមឲ្យអ្នកដែលសេពគ្រឿងស្រវឹងគួរសេពវានៅក្នុងកម្រិតណាមួយដែលអាចទទួលខុសត្រូវខ្លួនឯងបាន»។
សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងដែលមានប្រមាណ ៣៩ មាត្រា និង ១១ ជំពូកត្រូវបានជាប់គាំងនៅក្រសួងសុខាភិបាល បន្ទាប់ពីបានរៀបចំពិភាក្សា និងឯកភាពពីអន្តរក្រសួងចប់រួចរាល់តាំងពីឆ្នាំ ២០១៥។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលពីម្សិលមិញមិនបានឆ្លើយតបនោះទេចំពោះការបង្កើតយុទ្ធនាការរបស់ក្រុមយុវជនលើបណ្តាញទំនាក់ទំនងសង្គមនេះ។
ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគាំទ្រយុទ្ធនាការនេះដោយលោកក៏យល់ឃើញដែរថា ការបង្ហោះរូបភាពសេពគ្រឿងស្រវឹងលើបណ្តាញសង្គមគឺពិតជាប៉ះពាល់ដល់សង្គមដែលរដ្ឋាភិបាលក៏កំពុងតែគិតគូរផងដែរ។
លោកបន្តថាក្នុងពេលឆាប់ៗនេះទីស្តីការគណៈរដ្ឋមន្ត្រីមានកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ពេលវេលាជាក់លាក់បានទេ។
លោកបន្តថា៖ «សកម្មភាពនៃការផឹកស្រា ហើយបង្ហោះនេះគឺមិនសមរម្យទេព្រោះហ្វេសប៊ុកគឺជាកន្លែងសាធារណៈដែលមានទាំងកូនក្មេងផងដែរដែលអាចធ្វើតាម។ ដូចនេះគួរតែទប់ស្កាត់បន្ថយការញៀនគ្រឿងស្រវឹងនេះ ដូចគ្រោះថ្នាក់ចរាចរណ៍ជាង ៨០ ភាគរយ កើតចេញពីគ្រឿងស្រវឹងនេះ ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្នុងពេលឆាប់ៗនេះនឹងបញ្ចូនសេចក្តីព្រាងច្បាប់នេះមកទីស្តីការគណៈរដ្ឋមន្ត្រី»។
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានថ្លែងកាលពីម្សិលមិញថា អ្វីដែលលោកដឹង គឺច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងត្រូវបានដាក់បញ្ចូលក្នុងច្បាប់គ្រប់គ្រងចំណីអាហារហើយ។
លោកបានបញ្ជាក់ថា៖ «ច្បាប់នេះបានបញ្ចូលជាមួយច្បាប់គ្រប់គ្រងគុណភាពចំណីអាហាររបស់ក្រសួងពាណិជ្ជកម្មហើយ។ ក៏ប៉ុន្តែពេលណាដែលអនុម័ត និងប្រកាសឲ្យប្រើប្រាស់ខ្ញុំមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ»៕
វីដេអូ៖