បន្ទាយមានជ័យ: លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​យុវជន​ ២ ​នាក់​ស្លាប់ និង​ ២៤៣ ​នាក់​​ កំពុង​សម្រាក​ព្យាបាល អាការ​ក្អួតចង្អោរ រាករូស ថប់ដង្ហើម វិលមុខ ទន់​សន្លាក់​ដៃជើង ក្រោយពី​ពួកគេ​បរិភោគ​ផ្លែ​​ត្រសក់​ខ្ចី​ដោយ​សង្ស័យថា​មាន​សារធាតុ​គីមី​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​បាន​ប្រើ​ទៅលើ​បន្លែ​ត្រសក់​នោះ​មិនទាន់​អស់​សុពលភាព​ជាតិ​ថ្នាំ​។ ផ្លែ​ត្រសក់​ខ្ចី​ទាំងនោះ​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ម្ហូប​កាលពី​ថ្ងៃទី​ ៣០ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩​។

យុវជន​ទាំងនោះ​កំពុង​ស្នាក់នៅក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំបាក់​ស្ថិត​ក្នុង​ភូមិ​ភ្នំបាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដើម្បី​ព្យាបាល​សារធាតុ​គ្រឿងញៀន​ដែល​ក្នុង​មជ្ឈមណ្ឌល​នោះ​មាន​យុវជន-យុវនារី​សរុប​ចំនួន​ជាង​ ៨០០ ​នាក់ ​កំពុង​ត្រូវ​បាន​ធ្វើការ​អប់រំ កែប្រែ ដោយសារ​ឥទ្ធិពល​គ្រឿងញៀន​។

លោក អាត់ ខែម បាន​ឲ្យ​ដឹងថា យុវជន-យុវនារី​ទាំង ២៤៣ ​នាក់​នោះ​ បាននិង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ​មួយ​ចំនួន ហើយ​ខ្លះទៀត​បាន​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល​កែប្រែ​ផ្ទាល់ (​ចំពោះ​អ្នក​ស្រាល​) និង​ក្រុមគ្រួសារ​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ម្នាក់​។

លោក ខែម ថ្លែងថា​៖ «​ករណី​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ ដែល​បណ្ដាលមកពី​ពួកគាត់​បាន​បរិភោគ​បន្លែ​ត្រសក់​ដែល​បាន​ទិញ​ពី​អ្នក​ភូមិ​ក្បែរ​នោះ​។ ឥឡូវនេះ យើង​បាន​ជួយ​សង្គ្រោះ​គាត់​បាន​ច្រើន​ហើយ ដោយ​មួយ​ចំនួន​ទៀត​នៅ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្ដែ​គ្រូពេទ្យ​ជំនាញ​យើង​បាន​យកចិត្ត​ទុកដាក់​តាមដាន​ស្ថានភាព​ជំងឺ​គាត់​ហើយ​»​។

លោក ស្នងការ អះអាង​ថា​ផ្លែ​ត្រសក់​ខ្ចី​នោះ​ចុងភៅ​មជ្ឈមណ្ឌល​គាត់​តែងតែ​ទិញ​ពី​អ្នកភូមិ​ក្បែរ​នោះ ដូច្នេះ​ប្រហែល​ជា​អ្នកដាំ​នៅក្នុង​ភូមិ​នោះ​គាត់​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​ច្រើនពេក​បាន​ជា​ពុល​បែបនេះ​។

លោក កែវ សុភ័ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា រហូត​មក​ដល់​ថ្ងៃទី​ ២ ខែ​ធ្នូ​នេះ ស្ថានភាព​ជំងឺ​យុវជន​ដែល​ពុល​ផ្លែ​ត្រសក់​នោះ​មាន​អាការ​ធូរស្រាល​ឡើងវិញ​ហើយ​ប្រមាណ​ជាង ៧០ ​ភាគរយ​ នៃ​ចំនួន​សរុប ២៤៣ ​នាក់​ ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​បាននិង​កំពុង​យកចិត្ត​ទុកដាក់​បន្ត​តាមដាន​ស្ថានភាព​អាការ​របស់​ពួកគាត់​ទៀត​។

យុវជន​ដែល​មាន​អាការ​ធ្ងន់ធ្ងរ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បន្ទាយមានជ័យ រីឯ​អ្នក​ដែល​មាន​ស្ថានភាព​ស្រាលៗ ត្រូវ​បាន​គ្រូពេទ្យ​ជំនាញ​ទៅ​ព្យាបាល​នៅក្នុង​មជ្ឈមណ្ឌល​នោះ​ផ្ទាល់​ដោយ​បាន​ដាក់​សេរ៉ូម ចាក់​ថ្នាំ និង​តាមដាន​សុខភាព​បន្តទៀត​។

លោក សុភ័ក្ត្រា ថ្លែងថា​៖ «​យើង​អត់​មាន​កត់សម្គាល់ ឬ​សង្ស័យ​អ្វី​ផ្សេង​ទៀត ក្រៅពី​ពួកគាត់​បាន​បរិភោគ​ផ្លែ​ត្រសក់​នោះទេ ព្រោះ​ចុងភៅ​គាត់​បាន​ទិញ​ត្រសក់​ពី​អ្នកភូមិ មក​ធ្វើ​ជា​ម្ហូបអាហារ​ប្រចាំថ្ងៃ​សម្រាប់​ពួកគាត់​ទាំង​ជាង ៨០០ ​នាក់​ហូប ប៉ុន្ដែ​ក្នុង​នោះ​មាន​អ្នក​ហូប​តិច និង​ហូប​ច្រើន​។ អ៊ីចឹង​បាន​ជា​មាន​អ្នកខ្លះ​អាការ​ស្រាលៗ និង​ខ្លះទៀត​អាការ​ធ្ងន់ធ្ងរ​»​។

លោក តូច ចាន់នី អ្នក​នាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា​៖ «​យើង​ចូលរួម​សោកស្ដាយ​ចំពោះ​អ្នក​បាត់បង់​ជីវិត ២ ​នាក់ ហើយ​អ្នក​ផ្សេងទៀត​គឺ​ពួកគាត់​បាន​​ធូរស្បើយ​ហើយ ប៉ុន្ដែ​នៅមាន ៣ ​នាក់​ទៀត គាត់​មិនទាន់​បាន​ធូរ​ច្រើន​ទេ គឺ​នៅ​រវើរវាយ គាត់​មិនទាន់​វិល​មករក​ភាព​ដើម​វិញ​។ អ៊ីចឹង​ពួកគាត់​នឹង​ត្រូវ​បន្ត​តាមដាន​ស្ថានភាព​ជំងឺ​គាត់​ទៀត​»​។

លោក ស៊ុំ ចន្ទគា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការទិញ​បន្លែ ផ្លែឈើ​ពី​ទីផ្សារ​មាន​ប្រភព​មិន​ច្បាស់លាស់​មក​បរិភោគ ជាពិសេស​បន្លែ​ដែល​ប្រើប្រាស់​នៅក្នុង​មជ្ឈមណ្ឌល​កែប្រែ និង​ពន្ធនាគារ​មួយ​ចំនួន​ទៀត​។ ដោយ​អ្នកទិញ​បន្លែ ផ្លែឈើ ពិបាក​នឹង​កត់សម្គាល់​រក​បន្លែ​គ្មាន​ជាតិពុល និង​បន្លែ​មាន​ជាតិពុល​។ បន្លែ ផ្លែឈើ​ដែល​នាំចូល​ពី​បរទេស​ភាគច្រើន​ត្រូវ​បាន​គេ​រកឃើញ​ថា មាន​ផ្ទុក​សារធាតុ​គីមី​ច្រើន​។

ដូច្នេះ​អ្នកទិញ​យក​ទៅ​ប្រើប្រាស់ ឬ​បរិភោគ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ «​នៅតាម​ពន្ធនាគារ ឬ​មជ្ឈមណ្ឌល​កែប្រែ​មួយ​ចំនួន មិន​គិតពី​សុវត្ថិភាព​ចំណីអាហារ​ទេ គឺ​គាត់​គិតតែ​អ្វី​ចំណេញ ចំណាយលុយ​តិច បាន​ទំនិញ​ច្រើន​។ គាត់​គិតតែ​រឿង​ចំណេញ​បែបនេះ​គឺ​នឹង​មាន​អ្នករងគ្រោះ​បន្ថែមទៀត​»​។

តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​ ៣០ ខែ​វិច្ឆិកា មាន​ម៉ូយ​បន្លែ​ដែល​តែង​ទិញ​យកមក​ស្ល​ហូប​ប្រចាំ​ថ្ងៃនោះ បាន​ដឹក​បន្លែ​យក​មក​ឲ្យ​ដល់​មជ្ឈមណ្ឌល​ដូច​សព្វមួយដង​។ លើស​ពី​នេះ អ្នកលក់​បន្លែ​បាន​ថែម​ផ្លែ​ត្រសក់​ខ្ចី​ឲ្យ​ប្រមាណ​ជា​ ៤ ​ថង់​ (​មិន​គិតលុយ​)​។

ពេលនោះ​មាន​ក្រុមយុវជន​ជា​ជនរងគ្រោះ​បាន​នាំគ្នា​យក​មក​ហូប​ឆៅ​ជ្រលក់​ជាមួយ​អំបិលម្ទេស​ញ៉ាំ​ហើយ​ខ្លះ​បាន​លាង​ទឹក និង​ខ្លះ​ក៏​អត់​លាង​ទឹក​។ ក្រោយពី​ហូប​រួច​នៅ​យប់​នោះ​មាន​អ្នក​រាក ក្អួតចង្អោរ និង​ទន់​ដៃជើង​ជាបណ្ដើរៗ​រហូត​ដល់​រសៀល​ថ្ងៃទី​ ១ ខែ ​ធ្នូ ឆ្នាំ​ ២០១៩ ហើយ​លោក អាត់ ខែម បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​នាំយក​រថយន្ត​មក​ជួយ​ដឹកជញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដោយ​ក្នុង​ថ្ងៃទី​ ១ ខែ​ធ្នូ​ នោះ​ ចំនួន​ ៧៣ ​នាក់ (​ស្រី​ ១៣ ​នាក់​) ខណៈ​យុវជន​ម្នាក់​បាន​ស្លាប់​តាមផ្លូវ​ទៅ​មន្ទីរពេទ្យ​។ ដោយ​រហូត​មកដល់​រសៀល​ថ្ងៃទី​ ២ ខែ​ធ្នូ​នេះ​ កើនឡើង​ដល់ ២៤៥ ​នាក់​ ក្នុង​នោះ​មាន​យុវជន​ស្លាប់​ម្នាក់​បន្ថែម​ទៀត​៕