
ជនសង្ស័យនិងវត្ថុតាងក្រោយសមត្ថកិច្ចចាប់បាន។ ប៉ូលិស
សៀមរាបៈ យុវជន ៣ នាក់ ត្រូវបានសាលាខេត្ដសៀមរាបសម្រេចចោទប្រកាន់និងបង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារខេត្ដ ក្រោយពីបញ្ចប់ការសាកសួរពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គមហ្វេសប៊ុក។ នេះបើតាមលោក រៀម ចន្ទម្នី អ្នកនាំពាក្យតុលាការខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញ។
លោកបានថ្លែងថា៖ «តុលាការបានចោទប្រកាន់និងឃុំខ្លួនពួកគាត់នៅពន្ធនាគារអស់ហើយ។ យើងចោទប្រកាន់ពួកគាត់ពីបទជួញដូរអាវុធខុសច្បាប់ព្រោះពួកគាត់ទិញអាវុធខុសច្បាប់យកមកលក់។ បច្ចុប្បន្នយើងឃុំខ្លួនពួកគាត់នៅពន្ធនាគារខេត្ដសៀមរាប»។
លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញដែរថាក្រុមជនជាប់ចោទត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនពាក់ព័ន្ធករណីនាំចូលនាំចេញនិងកែច្នៃជួញដូរអាវុធខុសច្បាប់កាលពីថ្ងៃទី ៥ ខែ មិថុនា នៅខេត្ដសៀមរាប។
លោកស្នងការបានឱ្យដឹងថាប្រតិបត្តិការនេះមានការចង្អុលបង្ហាញពីលោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ និងនគរបាលខេត្តសៀមរាប ទើបឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង ៣ នាក់ បានជាបន្តបន្ទាប់។
តាមរបាយការណ៍នគរបាលរបស់ស្នងការដ្ឋានខេត្តសៀមរាប ជនសង្ស័យទី ១-ឈ្មោះ ជា ហ៊ាបហ៊ ភេទប្រុស អាយុ ១៩ ឆ្នាំ ជានិស្សិត ស្នាក់នៅក្រុមទី៧ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប (នាំចូល នាំចេញ កែច្នៃអាវុធ)។ ទី២-ឈ្មោះ លី តាំងឆេង ភេទប្រុស អាយុ ២០ ឆ្នាំ ជានិស្សិតមានលំនៅក្នុងសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប (ជួញដូរអាវុធខុសច្បាប់) និងទី៣-ឈ្មោះឡី ម៉េងឡុង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅសង្កាត់សាលាកំរើកក្រុង/ខេត្តសៀមរាប (ជួញដូរអាវុធខុសច្បាប់) ។
របាយការណ៍ដដែលឲ្យដឹងថា វត្ថុតាងដែលដកហូតបានរួមមានអាវុធខ្លី ១ ដើម ម៉ាក G Lock ពណ៌ខ្មៅ, ហ្គាសបញ្ចូលកាំភ្លើងសម្រាប់បាញ់ចំនួន ៥ ដបស្នាប់ កាំភ្លើងខ្លីពណ៌ខ្មៅ ១ សោសម្រាប់ដោះ (ទួរណឺវិស) ៣ ដុំលិខិតឆ្លងដែនរបស់ឈ្មោះ ជា ហ៊ាបហ៊ មួយក្បាលកាតវីងចំនួន ១ កាតធានារ៉ាប់រង (ប្រទេស ថៃ) ចំនួន ១ ។
លោកស្នងការបានបញ្ជាក់ថា៖ «ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ៣ នាក់ខាងលើថា ពួកគេ ពិតជាបាននាំចូល នាំចេញ និងកែច្នៃ ជួញដូរអាវុធខុសច្បាប់ ដូចជា អាវុធខ្លីពិត (កាំភ្លើងមែនទែន) ចំនួន ១០០ ដើម។ អាវុធខ្លីប្រើហ្គាស និងអាវុធប្រើខ្យល់ ចំនួន ៣០០ ដើម ចែកចាយទៅតាមបណ្តាខេត្ត និងរាជធានីពិតប្រាកដមែន (ភាគច្រើនភ្នំពេញ និងកំពង់សោម)»។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានថ្លែងកាលពីម្សិលមិញថា ក្រោយទទួលបានព័ត៌មានពីការជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គមហ្វេសប៊ុកក្រុមជំនាញបានសហការគ្នារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។
លោកថា៖ «ករណីជួញដូរអាវុធខុសច្បាប់តាមបណ្ដាញសង្គមនេះវាគឺប៉ះពាល់ដល់សន្ដិសុខជាតិ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង»។
ទាក់ទងនឹងករណីជួញដូរអាវុធនេះ លោក ជា ពៅ បានអំពាវនាវ ដល់យុវជនកុំឱ្យប្រព្រឹត្ត និងបាន អំពាវនាវដល់ពលរដ្ឋឲ្យជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ចបើឃើញមានករណីជួញដូរអាវុធបែបនេះ។
ករណីដោយឡែកមួយទៀតកាលពីថ្ងៃចន្ទសប្ដាហ៍មុន នគរបាលរាជធានីភ្នំពេញបានបញ្ជូនបុរសអាមេរិកាំងម្នាក់ឈ្មោះ ABOU RAMAN អាយុប្រមាណ ៣០ ឆ្នាំ ទៅសាលាដំបូង បន្ទាប់ពីឃាត់ខ្លួនរឿងលាក់អាវុធខុសច្បាប់។
លោក កេង សុគន្ធ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅផ្ទះលេខ ២០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរាជធានីភ្នំពេញ។
លោកថា៖ «ការឃាត់ខ្លួនជនជាតិអាមេរិកាំងរឿងផ្ទុកអាវុធខុសច្បាប់ហ្នឹងឥឡូវយើងបានដំណើរការតាមនីតិវិធីហើយ ដោយយើងបានរាយការណ៍ទៅព្រះរាជអាជ្ញាបន្ទាប់ពីចាប់ខ្លួនហើយចាប់ផ្តើមបើកការស៊ើបអង្កេតបន្តទៀតដើម្បីរកអ្នកពាក់ព័ន្ធ។ ជនសង្ស័យនិងវត្ថុតាងបានបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់រួចហើយ»។
ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការអត្ថាធិប្បាយពី លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេពីម្សិលមិញ ចំណែកលោក អុី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាលនិងលោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដូចគ្នា៕