បន្ទាយមានជ័យ៖ យុវជន ៥ នាក់ ​ក្នុង​ចំណោម​គ្នា ៧ នាក់​ ត្រូវ​បាន​កម្លាំង​​នគរបាល​ស្រុក​មង្គលបុរី ចាប់​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​​ធ្វើ​សកម្មភាព​លួច​កាប់​ប្រហារ​​ទៅ​លើ​យុវជន​វ័យ ​១៥ ​ឆ្នាំ​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ដាច់​​ដៃ​ម្ខាង​កាល​ពី​វេលា​ម៉ោង ​៨ ​យប់​ថ្ងៃទី ​១៦ ខែ មីនា ឆ្នាំ​ ២០២០​។

លោក លី ឈុនគង់ អធិការ​​រង​​ស្រុក​មង្គល​បុរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា ​នៅ​វេលា​ម៉ោង ​៨ យប់​ថ្ងៃទី ​១៦ ខែ ​មីនា ឆ្នាំ​ ២០២០ មាន​អំពើ​ហិង្សា​​​​មួយ​ដែល​បង្ក​ឡើង​ដោយ​យុវជន ​១ ​ក្រុម​មាន​គ្នា ៧ ​នាក់ ​ព្រួត​គ្នា​​លួច​កាប់​ប្រហារ​ទៅ​លើ​​យុវជន​ម្នាក់​ឈ្មោះ​ដេត វណ្ណលីដា អាយុ​​​ ១៥ ​ឆ្នាំ ​រស់​នៅ​ភូមិ​បោះ​ឡោក ឃុំ​សឿ ស្រុក​មង្គលបុរី ដែល​កំពុង​ជិះ​ម៉ូតូ​ម្នាក់​ឯង​នៅ​តាម​ដង​ផ្លូវ​មុខ​ផ្សារ​ ហ៊ុយ ឡេង បណ្ដាល​ឲ្យ​រង​របួស​ដាច់​ដៃ​ស្ដាំ​ម្ខាង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​អ្នក​ភូមិ និង​សមត្ថកិច្ច។

លោក ឈុនគង់ ​និយាយ​ថា ខណៈ​ក្រុម​អ្នក​ភូមិ​ និង​សមត្ថកិច្ច​មួយ​ចំនួន​កំពុង​នាំ​គ្នា​ជួយ​អន្តរាគមន៍​នាំ​ជន​រងគ្រោះ​ទៅ​​មន្ទីរ​ពេទ្យ ដើម្បី​ព្យាបាល​របួស ក្រុម​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​ឃុំ​សឿ​​ស្ទាក់​ចាប់​បាន​ភ្លាមៗ​ ​៥ ​នាក់​ ចំណែក ​២ ​នាក់​ទៀត​​រត់​គេច​ខ្លួន​។

បើ​តាម​​​លោក ឈុនគង់ ករណី​ប្រើ​អំពើ​ហិង្សា​​នេះ គឺ​ផ្ដើម​ចេញ​ពី​រឿង​បង​ប្រុស​របស់​ជន​រងគ្រោះ ទៅ​ញ៉ែ​ស្រី​ប៉ះ​ចំ​ស្រី​ស្នេហ៍​របស់​មិត្ត​ភក្ដិ​ក្រុម​ជន​ដៃ​ដល់​ ដែល​បង្ក​ឲ្យ​មាន​ភ្លើង​គំនុំ​កើត​ឡើង។

លោក ​ឈុនគង់ បញ្ជាក់​ថា៖ «​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ផាន់ ជីវ៉ា បាន​សារភាព​ថា ពួក​គេ​គ្មាន​បំណង​កាប់​ជន​រងគ្រោះ​ទេ តែ​មាន​បំណង​កាប់​បង​ប្រុស​របស់​ជន​រង​គ្រោះ ដែល​បាន​ញ៉ែ​ស្រី​ជា​សង្សារ​របស់​​ពួក​ម៉ាក​របស់​ពួក​​​គេ។ លុះ​ប្រទះ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ នឹក​ស្មាន​តែ​បង​ប្រុស​​ជន​រងគ្រោះ​ជា​អ្នក​ជិះ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​តាម​កាប់​តែ​ម្តង​ទៅ ព្រោះ​​​ជន​រងគ្រោះ​មាន​រូបរាង​ស្រដៀង​​​គ្នា​នឹង​បង​ប្រុស​របស់​គេ​​»។

លោក ​ឈុនគង់ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នេះ​ជន​រងគ្រោះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​ពី​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន មង្គល​បុរី។ ចំណែក​ក្រុម​ជន​សង្ស័យ​ទាំង ​៥ ​នាក់​ ត្រូវ​​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា និង​គ្រោង​បញ្ជូន​ពួក​គេ​រួម​ទាំង​វត្ថុតាង​ដាវ​សាមូរ៉ៃ​ចំនួន ២ ដើម​ ទៅ​កាន់​​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់។ ដោយ​ឡែក​ជន​សង្ស័យ ​២ ​នាក់​ទៀត ​ដែល​កំពុង​រត់​គេច​ខ្លួន​នោះ​ សមត្ថកិច្ច​កំពុង​បន្ត​តាម​ស្វែងរក​ចាប់​ខ្លួន​បញ្ជូន​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ។

យោង​តាម​របាយការណ៍​របស់​​នគរបាល​ឃុំ​សឿ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅរ​សៀល​ថ្ងៃ​អង្គារ​ជន​ដៃ​ដល់​ដែល​បាន​កាប់​ប្រហារ​លើ​ជន​រងគ្រោះ​បណ្ដាល​​​ឲ្យ​ដាច់​​ដៃស្ដាំ​ម្ខាង​ត្រឹម​កំភួន​ដៃ​ជ្រុះ​ដល់​ដី​នោះ​ ឈ្មោះ ផាន់​ ធីវ៉ា អាយុ ២២ ឆ្នាំ មាន​លំនៅ​ភូមិ​ជួរ​ខ្ចាស់ ឃុំ​ចំណោម ស្រុក​មង្គល​​បុរី។ ចំណែក​ជន​សង្ស័យ​ មាស យ៉ត អាយុ ១៨ ​ឆ្នាំ ជា​មេខ្លោង​​​បាន​ញុះញង់​ឲ្យ​ជន​ដៃ​ដល់ ​និង​បក្ខពួក ៦ ​នាក់ ​ធ្វើ​សកម្មភាព​កាប់​​ប្រហារ​ទៅ​លើ​ជន​រងគ្រោះ ដោយ​នឹក​ស្មាន​តែ​ជន​រងគ្រោះ​ជា​​មនុស្ស ដែល​បាន​ទៅ​ញ៉ែ​ស្រី​​ជា​សង្សា​របស់​ខ្លួន​៕