ព្រះសីហនុៈ យុវ​សិស្ស ១ ក្រុម​ដែល​មកពី​វិទ្យាល័យ​ផ្សេងៗ​គ្នា​ប្រមាណ ១០ នាក់​បាន​បង្ហោះ​សារ​ជា​ខ្សែ​វីដេអូ​ឃ្លីប​មួយ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ​កាយ​ដី​ចេញ​ពី​ឆ្នេរ​សមុទ្រ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចាក់​ទន្ទ្រាន​យក​ដី​ឆ្នេរ​ព្រែក​ត្រែង​កាល​ពី​ខែ ​កញ្ញា ឆ្នាំ ២០១៨ ហើយ​បាន​ព្រមាន​ថា ក្រុម​គេ​នឹង​ធ្វើ​សកម្មភាព​កាយ​យក​ដី​ចេញ​ដោយ​ខ្លួន​ឯង បើ​សិន​អាជ្ញាធរ​នៅ​តែ​មិន​អើ​ពើ។

តាមរយៈ​វីដេអូ​ឃ្លី​ប​នោះបាន​ឲ្យ​ដឹងថា៖ «ថ្ងៃនេះ​ពួក​ខ្ញុំ​ជា​យុវជន​ចុះមក​ធ្វើ​វីដេអូ ដើម្បី​ផ្ញើ​ជូន​អាជ្ញាធ​រខេត្ត​ព្រះសីហនុ​ជា​លើក​ទី ២ ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​នៅ​តែ​មិន​មាន​ចំណាត់​ការ​ទៅ​លើ​ក្រុមហ៊ុន​លោក​ស្រី ជឹង សុភាព ហៅ​យាយ ភូ ទៅ​នឹង​ការ​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង​មួយ​នេះ​ទេ ពួក​យើង​ជា​យុវជន​នឹង​ចុះ​មក​ទីនេះ​ម្ដង​ទៀត​ដើម្បី​កាយ​ដី និង​សម្អាត​ឆ្នេរ​នេះ​ដោយ​ខ្លួន​ឯង»។

តាមរយៈ​វីដេអូ​រយៈពេល​ជាង ១ នាទី ដែល​ក្រុមយុវជន​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃទី ១១ ខែ​មករា បង្ហាញ​ពី​ទីតាំង ដី​ឆ្នេរ​ព្រែក​ត្រែង ដែល​ត្រូវ​ក្រុមហ៊ុន​ចាក់​ដី​លុប​នោះ ស្ថិត​នៅ​ភូមិ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ស្ថិត​ក្នុង​សភាព​ដដែល មិន​មាន​ការ​កាយ​ដី​ចេញ​វិញ​ឡើយ។

តំណាង​ក្រុម​យុវ​សិស្ស យុវតី​ឈ្មោះ ផេង ស្រី​ស បាន​ថ្លែងប្រាប់​ភ្នំពេញ​បុ​ស្ដិ៍​ម្សិលមិញ​ថា​ក្រុម​យុវ​សិស្ស​បាន​ចុះ​ទៅ​ដល់​ទី​តាំង​ដី​ដែល​ក្រុមហ៊ុន​បាន​ចាក់​លុប​នោះ​នៅ​មិន​ទាន់​បាន​កាយ​ចេញ​វិញ​ទេ ប៉ុន្ដែ​កំពុង​មាន​ការ​រៀបចំ​ចាក់​ដី​ខ្សាច់​លុប​បន្លំ​ការ​ពិត​លើ​ដី​ដែល​បាន​ចាក់​លុប​នោះ។

យុវតី ស្រី​ស ថ្លែងថា៖ «ពេល​ពួកយើង​ទៅធ្វើ​វីដេអូ​លើក​ទី ១ គឺ​ថ្ម​នៅ​ដដែល ប៉ុន្ដែ​យើង​ទៅ​លើក​នេះ គឺ​ឃើញ​ថា​គេ​យក​ខ្សាច់​ទៅ​ចាក់​លើដី​ដែល​ចាក់​លុប​លយ​ចូល​សមុទ្រ​នោះ។ ការ​ចាក់​ខ្សាច់​លុប​អ៊ីចឹង សម្រាប់​អ្នក​មិន​ដែល​ទៅ​ឃើញ គឺ​មើល​មិន​ដឹង​ថា​ដី​នោះ​បាន​ចាក់​លយ​ចូល​សមុទ្រ​ទេ ព្រោះ​គេ​ចាក់​ខ្សាច់​រៀប​ឲ្យ​ស្មើ​ទៅ​នឹង​ដី​ដែល​បាន​ចាក់​លយ​ចូល​សមុទ្រ​នោះ»។

លោក យន្ដ មីន អភិបាលខេត្ដ​ព្រះសីហនុ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ដ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​កាយ​ដី​ដែល​ចាក់​លុប​ឆ្នេរ​សមុទ្រ​ថ្មី​នោះ​ចេញ​វិញ​អស់​ហើយ។

លោក​បាន​អះអាងថា រឿង​ចាក់ដី​លុប​ឆ្នេរ​នៅ​ព្រែកត្រែង​នេះ​គឺមាន ២ ដំណាក់​កាល ដំណាក់​កាល​ទី ១ តាំង​ពី​អំឡុង​ឆ្នាំ ២០០០ រហូត​មក ហើយ​ដំណាក់​កាល​ទី ២ គឺ​នៅ​ឆ្នាំ ២០១៨ គាត់​ក៏បាន​ចាក់ដី​ទៀត ប៉ុន្តែ​បាន​កាយ​អស់​ហើយ ចំណែក​អា​ដី​ដែល​នៅ​នោះ​ជា​ដី​ចាស់​តាំង​ពី​ឆ្នាំ ២០០០។

លោក​ថ្លែងថា៖ «ក្នុង​នាទី​ខ្ញុំ​ជា​អភិបាលខេត្ដ​នេះ ខ្ញុំ​បាន​ឲ្យ​គេ​កាយ​ដី​ចេញ​វិញ​អស់។ អ៊ីចឹង​អា​នៅ​សល់​គឺ​អា​នៅ​សល់​កាល​ពី​លើក​មុន​ដែល​ជា​ដី​ចាស់​តាំង​ពី​ឆ្នាំ ២០០០ មក» ។

លោក យូ វាសនា តំណាង​សហគមន៍​ដីធ្លី​ខេត្ដ​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ដី​ដែល​បាន​ចាក់​លុប​ឆ្នេ​រសមុទ្រ​នៅ​តំបន់​ឆ្នេរ​ព្រែក​ត្រែង​នោះ គឺ​មិន​ទាន់​បាន​កាយ​ចេញ​វិញ​នៅ​ឡើយ​ទេ ហើយ​ថែម​ទាំង​មាន​ការ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ជិត​ថែម​ទៀត។

លោក​ថា៖ «ដី​ដែល​ចាក់​លុប​ឆ្នេរ​នោះ​ពីមុន​គ្រាន់តែ​រៀប​ថ្ម​រួច​ចាក់ដី ឥឡូវ​គេ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ជិត​អស់»៕