ភ្នំពេញៈ អង្គការ​យូណេស្កូ​បាន​ពិភាក្សា​ជាមួយ​ក្រសួង​បរិស្ថាន​ដើម្បី​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការកំណត់ ​ជ្រើសរើស និង​វាយតម្លៃ​តំបន់​ដែល​មាន​សក្តានុពល​សម្រាប់​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បេតិកភណ្ឌ​នៃ​តំបន់​ធម្មជាតិ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ត្រៀម​នៃ​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក។ នេះ​បើ​តាម​មន្ត្រី​គម្រោង​វិទ្យាសាស្ត្រ​នៃ​អង្គការ​យូណេស្កូ​កាលពី​ចុង​ខែ​មុន។

លោក​ Sriharsha Masabathula ​មន្ត្រី​គម្រោង​វិទ្យាសាស្ត្រ ​នៃ​អង្គការ​យូណេស្កូ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ ​អ៊ីមែល​កាលពី​ថ្ងៃទី ៣០ ខែ​វិច្ឆិកា​ថា ​គោលបំណង​នៃ​ការផ្តល់​ជំនួយ​បច្ចេកទេស​នេះ​គឺ​ដើម្បី​រៀបចំ​ទម្រង់​បញ្ជី​ដែល​ជា​បញ្ជី​សារពើភណ្ឌ​នៃ​តំបន់​ទាំងនោះ​សម្រាប់​ប្រទេស​ណាមួយ​មាន​បំណង​ពិចារណា ​ដើម្បី​ធ្វើការ​ដាក់​តំបន់​ធម្មជាតិ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

លោក​បន្ថែមថា ​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​តំបន់​វប្បធម៌​ចំនួន​ ៣​ គឺ​ឧទ្យាន​​អង្គរ ​ប្រាសាទ​ព្រះវិហារ ​និង​តំបន់​ ប្រាសាទ​សម្បូរ​ព្រៃគុក​ត្រូវ​បាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ ប៉ុន្តែ​មិន​ទាន់​មាន​តំបន់​ធម្មជាតិ​ណាមួយ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​​ឡើយ។ ប្រទេស​កម្ពុជា​មាន​ឱកាស ​ដើម្បី​ចុះបញ្ជី​ទីតាំង​ធម្មជាតិ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ធម្មជាតិ​នៃ​បេតិកភណ្ឌ​ពិភពលោក​ដោយសារ​ប្រទេស​នេះ​សម្បូរ​​ទៅ​ដោយ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​រួមទាំង​ជម្រក​ធម្មជាតិ ​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ជីវចម្រុះ។

លោក​ថ្លែង​ថា​៖ «ជា​ជំហាន​ដំបូង​អង្គការ​យូណេស្កូ​នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស ​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​មន្ត្រី​ក្រសួង​បរិស្ថាន និង​អ្នកពាក់ព័ន្ធ​នានា​ស្តីពី​ដំណើរការ​នៃ​ការដាក់​ឈ្មោះ​បេតិកភណ្ឌ​ធម្មជាតិ និង​អត្ថប្រយោជន៍​សក្តានុពល​នៃ​ការចុះបញ្ជីបេតិកភណ្ឌ​ពិភពលោក»។

បើ​តាម​មន្ត្រី​គម្រោង​រូបនេះ​អង្គការ​យូណេស្កូ​ក៏នឹង​ផ្តល់​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរៀបចំ​ទីតាំង​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​តំបន់​ឋបនីយ​ជីវមណ្ឌល​យូណេស្កូ ​ដែល​​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​មនុស្ស​ជាតិ ​និង​ជីវឧស្ម័ន​របស់​យូណេស្កូ​ដែល​ជា​អង្គការ​ពិភពលោក។

លោក​ថ្លែងថា​៖ «បច្ចុប្បន្ន​នេះ​បឹង​ទន្លេសាប​ជា​តំបន់​ឋបនីយ​ជីវមណ្ឌល​យូណេស្កូ​តែ ១ ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​រហូត​មកដល់​ពេល​នេះ​អង្គការ​យូណេស្កូ​បាន​សម្តែង​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការពង្រីក ​និង​ដាក់​បញ្ចូល​តំបន់​ថ្មី​ជាសម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ ជីវមណ្ឌល ​និង ​Global Geoparks ​ពី​ប្រទេស​កម្ពុជា»​។

បើ​តាម​លោក Sriharsha Masabathula ​បេតិកភណ្ឌ​ធម្មជាតិ​របស់​អង្គការ​យូណេស្កូ​រួម​ជាមួយ​តំបន់​អភិរក្ស ជីវឧស្ម័ន និង​ Global Geoparks ​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន។ មិន​ត្រឹមតែ​ពី​ការពង្រឹង​ការអភិរក្ស ​ការការពារ និង​យន្តការ​គ្រប់គ្រង​សម្រាប់​តំបន់​នោះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​​នូវ​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជីវភាព​​រស់នៅ​​របស់​សហគមន៍​រួម​ទាំង​ទេសចរណ៍​​ធម្មជាតិ​ និង​ការធ្វើ​ពិពិធកម្ម​ជីវភាព​សម្រាប់​ការលើក​កម្ពស់​វិបុលភាព​សេដ្ឋកិច្ច​សង្គម​។ ក្រៅពី​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើន​ប្រាក់​ចំណូល​ និង​ការងារ​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ផង​ដែរ។

លោក​ លឿង កេសរោ ​ប្រធាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​នៃ​ក្រសួង​បរិស្ថាន ឱ្យ​ដឹងថា​ ក្រសួង​បរិស្ថាន និង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​មាន​ភារកិច្ច ​និង​​កាតព្វកិច្ច​ក្នុង​ការចងក្រង​រៀបចំ វាយតម្លៃ​ និង​កំណត់​តំបន់​ដែល​មាន​សក្តានុពល​ និង​លេចធ្លោ​នៃ​តំបន់​ធម្មជាតិ​ណា​មួយ​របស់​កម្ពុជា ​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោកស្រប​តាមការ​វិនិច្ឆ័យ​របស់​អង្គការ​យូណេស្កូ។

ក្រសួង​បរិស្ថាន​បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដែល​មាន​ខាង​អង្គការ​យូណេស្កូ និង​អ្នក​ជំនាញការអន្តរជាតិ​មកពី​ ICC Angkor បាន​ឯកភាព​ចំពោះ​តំបន់​ ៣​ របស់​កម្ពុជា​សម្រាប់​ដាក់​ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដែល​រួមមាន​តំបន់​ធម្មជាតិ​ភ្នំត្បែង តំបន់​ភ្នំក្រវាញ​ និង​តំបន់​ធម្មជាតិ​នៃ​បឹង​ទន្លេសាប។ នេះ​ជា​ការបញ្ជាក់​របស់​លោក​ កេសរោ។

លោក​រំពឹងថា​ នៅក្នុង​ខែធ្នូ ​ឬ​ខែមករា ​ឆ្នាំ ២០២១ ខាងមុខ​នេះ​ អង្គការ​យូណេស្កូ​នឹង​អញ្ជើញ​មន្ត្រី​ជំនាញ​អន្តរជាតិ​ដែល​មាន​បទពិសោធ ​ដើម្បី​បណ្តុះបណ្តាល​មន្ត្រី ​នៃ​ក្រសួង​បរិស្ថាន​ក្នុង​ការរៀបចំ​ឯកសារ និង​បំពេញ​ព័ត៌មាន​នានា​នៃ​តំបន់​នីមួយៗ​ឱ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ ​និង​ប្រកប​ដោយ​វិទ្យាសាស្ត្រ។ ព័ត៌មាន​ទាំងអស់​ត្រូវ​ឆ្លងកាត់​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​ឆ្លើយតប​ទៅនឹង​គោល​នយោបាយ យុទ្ធសាស្ត្រ សេដ្ឋកិច្ច​ និង​បរិស្ថាន។

លោក​ថ្លែងថា​៖ «យើង​កំពុង​រៀបចំ ​មិន​ទាន់​បានដាក់​ស្នើសុំ​នោះ​ទេ ​ហើយ​សង្ឃឹម​ថា ​នៅក្នុង​ខែធ្នូ ​ឬ​ខែ​មករា ​និង ​កុម្ភៈ ខាង​មុខនេះ​យើង​នឹង​រៀបចំ​រួចរាល់​ និង​បានល្អ​ប្រសើរ»។

លោក​ថា​នៅពេល​ដាក់​តំបន់​នេះ​ជា​តំបន់​ ធម្មជាតិ​ចូលក្នុង​បេតិកភណ្ឌ​ពិភពលោក​នៃ​តំបន់​ណា​មួយ​នោះ កម្ពុជា​នឹង​ទទួល​បាន​ផលចំណេញ​ច្រើន ​ទាំង​នយោបាយ​ ធនធាន​ពី​ដៃគូ​អភវិឌ្ឍន៍ ​វិស័យ​ឯកជន ​និង​ភាគី​ពាក់​ព័ន្ធ​ទៅលើ​ការការពារ​ និង​អភិរក្ស​ទៅលើ​តំបន់​ទាំង​នោះ។ ទន្ទឹម​គ្នា​នេះ​ក៏​បាន​លើក​ស្ទួយ​ជីវភាព​ក្នុង​ប្រទេស​ និង​ប្រជាសហគមន៍​នៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ​និង​បាន​ការពារ ធនធាន​ធម្មជាតិ ​និង​ជីវចម្រុះ​ទាំង​នោះ​ទុកដល់​ក្មេងៗ​ជំនាន់​ក្រោយ​ផង​ដែរ៕