ភ្នំពេញៈ អង្គការយូនីសេហ្វ ពង្រីកការគាំទ្រដល់ប្រទេសចំនួន ១៤៥ រួមទាំងកម្ពុជា ដើម្បីជួយកុមារឲ្យបន្តការរៀនសូត្រ បន្ទាប់ពីសាលារៀននៅទូទាំងសកលលោកត្រូវបានបិទទ្វារដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ ខណៈអង្គការ KOICA ប្រចាំកម្ពុជាបានផ្ដល់មូលនិធិគាំទ្រការបង្កើតកម្មវិធី Khmer e-learning platform ដែលឲ្យសិស្សានុសិស្សចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ បានរៀនតាមអនឡាញដោយមិនគិតថ្លៃ។
សេចក្ដីប្រកាសព័ត៌មានពីទីក្រុងញូវយ៉កចុះថ្ងៃទី ២៦ ខែមីនា បានឲ្យដឹងថា ខណៈដែលការបិទសាលារៀនទូទាំងប្រទេសបានបង្កការរំខានដល់ការអប់រំសិស្សជាង ៨០ ភាគរយ នៅទូទាំងសកលលោកយូនីសេហ្វបានប្រកាសពង្រីកការគាំទ្របន្ថែមទៀតនៅគ្រប់ប្រទេសទាំងអស់ ដើម្បីជួយកុមារឲ្យបានបន្តការសិក្សាហើយក៏ជួយឱ្យសាលារៀននៅតែជាកន្លែងដែលមានសុវត្ថិភាព។
លោក រ៉ូបឺត ជិនឃីនស៍ (Robert Jenkins) ប្រធានផ្នែកអប់រំសកលរបស់យូនីសេហ្វបានលើកឡើងថា៖ «សាលារៀនក្នុងប្រទេសភាគច្រើនបានបិទទ្វារ។ នេះគឺជាស្ថានភាពដែលពុំធ្លាប់មានកន្លងមក ហើយប្រសិនបើយើងមិនធ្វើសកម្មភាពរួមគ្នានៅពេលនេះ ដើម្បីការពារការអប់រំរបស់កុមារនោះទេ សង្គម និងសេដ្ឋកិច្ចប្រាកដជាទទួលរងបន្ទុកក្នុងរយៈពេលវែងក្រោយពេលដែលយើងយកឈ្នះមេរោគកូវីដ១៩នេះជាមិនខាន។ ក្នុងសហគមន៍ដែលងាយរងគ្រោះជាងគេផលប៉ះពាល់នឹងបន្តទៅរាប់ជំនាន់ក្រោយទៀត»។
លោក ជិនឃីនស្ស បានបន្តថា ផ្អែកតាមមេរៀនទទួលបានជាមួយនឹងករណីបិទសាលារៀនដែលជាការឆ្លើយតបចំពោះករណីជំងឺអេបូឡាកន្លងមក នៅពេលកុមារនៅឆ្ងាយពីសាលារៀនកាន់តែយូរពួកគេកាន់តែមិនទំនងជាត្រឡប់ទៅរៀនវិញឡើយ។ លោកថា ការផ្ដល់ឱ្យកុមារនូវវិធីសាស្ត្រជាជម្រើសផ្សេងៗ ដើម្បីឱ្យពួកគេអាចបន្តការរៀនសូត្រ និងការកសាងទម្លាប់បែបនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការឆ្លើយតប។
ដើម្បីជួយទប់ទល់នឹងការរំខានដល់ការអប់រំរបស់កុមារ និងជួយឱ្យកុមារបន្តរៀនសូត្រប្រកបដោយសុវត្ថិភាពយូនីសេហ្វបានវិភាជន៍ថវិកាបន្ថែមប្រមាណ ១៤៥ ប្រទេស ក្នុងកម្រិតថវិកាវិភាជន៍សកលចំនួន ១៣ លានដុល្លារដោយក្នុងនោះជិត ៩ លានដុល្លារ បានពីការផ្ដល់វិភាគទានពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ដែលនឹងត្រូវប្រើប្រាស់គាំទ្រដល់រដ្ឋាភិបាលនៅថ្នាក់ជាតិ និងដៃគូអប់រំនានាក្នុងប្រទេសនីមួយៗក្នុងការធ្វើផែនការដើម្បីអាចធ្វើការឆ្លើយតបទូទាំងប្រព័ន្ធទាំងមូលឱ្យបានកាន់តែឆាប់រហ័ស។
សម្រាប់ប្រទេស កម្ពុជា យូនីសេហ្វ កំពុងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ឱកាសសិក្សាជាជម្រើសផ្សេងៗដល់សិស្សានុសិស្សដូចជា «ថ្នាក់រៀនតាមប្រព័ន្ធអេឡិចត្រូនិក (e-learning)» លើមុខវិជ្ជាសំខាន់ៗ។ យូនីសេហ្វ បញ្ជាក់ថា៖ «កម្មវិធីនេះអាចគ្របដណ្ដប់ និងផ្ដល់ប្រយោជន៍ដល់សិស្សថ្នាក់ទី ៩ និងទី ១២ ប្រមាណ ២៥០ ០០០ នាក់ នៅទូទាំងប្រទេសដែលត្រូវប្រឡងនៅឆ្នាំនេះ។ ថ្នាក់រៀនតាមអនទ្បាញនឹងជួយគាំទ្រដល់សិស្សជាច្រើនឲ្យបានរៀនសូត្រ អំទ្បុងពេលសាលាបិទដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩»។
ជាមួយគ្នានេះក្រសួងអប់រំបានឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងកាលពីថ្ងៃសៅរ៍ថា អង្គការ KOICA ប្រចាំនៅកម្ពុជាបានផ្ដល់មូលនិធិគាំទ្រការបង្កើតកម្មវិធី Khmer e-learning platform ដែលមានឈ្មោះថា «Khmer Academy» ដែលអាចឱ្យសិស្សពីថ្នាក់ទី ៧ ដល់ទី ១២ អាចចូលប្រើប្រាស់ស្រាវជ្រាវរកមេរៀនតាមអនឡាញដោយមិនគិតថ្លៃ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំកាលពីម្សិលមិញមិនបានបញ្ជាក់លម្អិតនោះទេជុំវិញគម្រោងគាំទ្រនេះ ដោយគ្រាន់តែណែនាំដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សគ្រប់កម្រិតសិក្សាអនុវត្តទៅតាមការណែនាំរបស់ក្រសួងអប់រំ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកស្តីពីវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ យូនីសេហ្វ អង្គការនេះកំពុងសហការជាមួយនឹងក្រសួងអប់រំដោយមានការគាំទ្រដោយរដ្ឋាភិបាលជប៉ុន ដើម្បីពង្រីកកម្មវិធីរបស់ខ្លួនដែលកំពុងអនុវត្តសម្រាប់ផ្ដល់សេវារៀនសូត្រជាជម្រើសដល់សិស្សនៅកម្រិតអប់រំថ្នាក់មូលដ្ឋានចាប់ពីកម្រិតអប់រំកុមារតូច និងបឋមសិក្សារហូតដល់មធ្យមសិក្សា។
យូនីសេហ្វបញ្ជាក់ថា៖ «ជាមួយនឹងការគាំទ្រដែលឧបត្ថមដោយរាជរដ្ឋាភិបាលជប៉ុននេះ មេរៀន និងកម្មវិធីជាទម្រង់ e-learning ជាច្រើនត្រូវបានបង្កើតទ្បើង និងផ្សព្វផ្សាយតាមរយៈវេបសាយ និងទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីទ្បា»។
អង្គការ KOICA កាលពីម្សិលមិញមិនអាចសុំការអត្ថាធិប្បាយបន្ថែមបានទេ ដោយសារទូរស័ព្ទចូល តែមិនមានអ្នកទទួល៕