ភ្នំ​ពេញៈ យូ​នី​សេ​ហ្វ​កាលពី​ម្សិលមិញ​បាន​ប្រ​កាស​ឲ្យ​ដឹង​ជា​មុន​អំ​ពី​គ្រោះថ្នាក់​​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​ការ​រក រឿង​ឈ្លោះ​ និង​ការ​បៀត​បៀន​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ចំពោះ​យុវ​ជន ​៨៥​,៧ ​ភាគ​រយ​ អាយុ​ចន្លោះ​ពី​ ១៥​ ទៅ​ ២៥ ​ឆ្នាំ​ដែល​កំពុង​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​ ​និង​បាន​អំ​ពាវ​នាវ​ឲ្យ​មាន​​សកម្ម​​ភាព​រួម​គ្នា​ដើម្បី​ឆ្លើយ​តប​ និង​​ទប់​ស្កាត់​អំ​ពើ​ហិង្សា​លើ​កុមារ​ និង​យុវ​ជន​នៅ​តាម​ប្រ​ពន្ធ​អ៊ីនធឺណិត។​​

លោក ​មាស​ ​ប៊ុន​លី ​មន្ត្រី​ជំ​នាញ​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គ​ការ​យូ​នី​សេ​ហ្វ​ បាន​ថ្លែង​ថា ​អំពើ​ហិង្សា ​ការ​រក​រឿង​ឈ្លោះ ​និង​ការ​បៀត​បៀន​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​​នេះ ​ស្តែង​ឡើង​តាម​រយៈ​ការ​បង្ហោះ​​សា​រ​ជា​ពាក្យ​ពេចន៍​អសុ​រោះ​ រូបភាព​អាស​អា​ភាស ​ឬ​ជា​សារ​គំរាមកំហែង​នានា ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​អីុន​ធឺ​ណិត​នាំ​ឲ្យ​ប៉ះពាល់ដល់​​អ្នក​ប្រើ​ប្រាស់។​

​សេចក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ទិវា​សុវត្ថិភាព​អ៊ីនធឺ​ណិត ​បន្ទាប់​ពី​មាន​ការ​ស្ទាប​ស្ទង់​មតិ​ដែល​យូនី​សេហ្វ​បាន​រៀប​ចំ​កាល​ពី​ពេល​ថ្មីៗ​នេះ​ជា​មួ​យ​នឹង​យុវជន​ដោយ​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​មនុស្ស​​ជាង​ ១ លាន​នាក់​ មក​ពី​ប្រ​ទេស​ជាង ​១៦០ ​ក្នុង​រយៈពេល​ ៥ ​សប្ដាហ៍​ រួម​ទាំង​សំ​ណូម​ពរ​ដែល​បាន​លើក​ឡើង​ក្នុង​កម្ម​វិធី​ជជែក​ពិភាក្សា​របស់​យុវ​ជន​អំ​ពី​ការ​បញ្ចប់​អំពើ​ហិង្សា​ដែល​ដឹក​នាំ​រៀប​ចំ​ដោយ​សិស្ស​និស្សិត​នៅ​ទូទាំង​សកល​លោក។​

លោក​ស្រី ​ណា​តា​សា​ ផា​ឌី​សុន ​នាយិកា​ស្តីទី​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​អះ​អាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌​មាន​​ថា​៖​ « ​៣០ ​ឆ្នាំ​ក្រោយ​ការ​​អនុម័ត​លើ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ និង​ការ​បង្កើត​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត គឺ​ដល់​ពេល​ដែល​រដ្ឋា​ភិបាល​ ​គ្រួសារ​ ​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ ​និង​ជា​ពិសេស​វិស័យ​ឯក​ជន​ ​គិត​ពិចា​រ​ណា​ពី​កុមារ​ និង​យុវជន​ ដោយ​ចាត់​ទុក​ពួក​គេ​ជា​ស្នូល​នៃ​គោល​នយោ​បាយ​ឌីជី​ថល»។​

​លោក​ស្រី​បន្ត​ថា​៖ «​តាម​រយៈ​ការការពារ​ពួក​គេ​ពី​ហេតុ​ការណ៍​អាក្រក់​បំផុត​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រា​ស់​អ៊ីនធឺណិត និង​ពង្រីក​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិ​ត​របស់​ពួក​គេ ​យើង​ម្នាក់ៗ​អាច​ជួយ​​ឱ្យមាន​តុល្យ​ភាព​ ដើម្បី​ឧ​​ត្ដម​ប្រយោជន៍​របស់​កុមារ​ និង​យុវ​ជន»។​

សេ​ច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដោយ​សារ​ការ​បៀត​បៀន​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ អាច​រង​ផល​ប៉ះ​ពាល់​ដោយ​ទំនង​ជា​ឈាន​ទៅ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ​គ្រឿងញៀន ​និង​គេច​មិន​ចូ​ល​រៀន​ជាង​សិស្ស​ដទៃ​ទៀត។​ ពួក​គេ​ក៏​ច្រើន​តែ​ទទួលបាន​​ពិន្ទុ​ទាប​ ​និង​ផ្តល់​តម្លៃ​ឱ្យ​ខ្លួន​ឯង​ទាប​ ​ក៏​ដូច​ជា​ជួប​ប្រទះ​នឹង​បញ្ហា​សុខ​ភាព​ជា​ច្រើន។ ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរការ​​បៀត​បៀន​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត ​អាច​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្ត​ឃាត​ក៏​មាន។

​ទោះ​យ៉ាង​ណា​ក៏ដោយ​ លោក ​អុឹម​ វុត្ថា ​អ្នក​នាំពាក្យ​និយត​ករ​ទូ​រគម​នាគមន៍​នៃ​ក្រសួង​ប្រៃ​សណីយ៍​ បាន​ប្រាប់​ភ្នំពេញ​ប៉ុ​ស្ដិ៍ពី​ម្សិល​មិញ​ថា ​ជា​ទូទៅ​ការ​ប្រើ​​ប្រាស់​​អ៊ីន​ធឺ​ណិត​របស់​ពលរដ្ឋ​ គឺ​ជា​ផល​ចំ​ណេញ​ដល់​សេដ្ឋ​កិច្ច​ជាតិ​ ដែល​ក្រសួង​មាន​យន្ត​ការ​ក្នុង​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេស។

លោក​បញ្ជាក់​ថា៖ «​អ៊ីន​ធឺ​ណិត​គ្មាន​ប៉ះ​ពាល់​ទៅ​លើ​សង្គម​ទេ ​បើសិន​ជា​អង្គការ​ហ្នឹង​គាត់​វាយ​តម្លៃ​ប្រើ​ប្រាស់​បណ្តាញ​អ៊ីន​ធឺ​ណិត​​មាន​ (គ្រោះ​ថ្នាក់)​ យើង​ត្រូវ​មើល​ពី​សីល​ធម៌​សង្គម​វិញ។ ​វា​ត្រូវ​ពាក់ព័ន្ធ​ទៅ​លើ​ការ​អប់រំ​យុវជន​ថា​ ធ្វើ​ម៉េច​​បាន​យុវ​ជន​គាត់​មាន​គ្រោះ​ថ្នាក់​ក្នុង​ការ​ប្រើប្រាស់ហើយ​ពាក់​ព័ន្ធ​ហ្នឹង​ការ​បង្ហោះ​ព័ត៌​មាន​ដែល​វា​មិន​ត្រឹមត្រូវ​ មាន​រូប​អាស​អាភា​ស​ហ្នឹង​វា​ពាក់​ព័ន្ធ​នឹង​អ្វី?»។

​លោក ​ផុស ​សុវណ្ណ​ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន ​មិន​បាន​ច្រាន​ចោល​របាយ​ការណ៍​នេះ​ទាំងស្រុង​នោះ​ទេ​ ដោយ​គ្រាន់​តែ​អះ​អាង​ថា ​ខ្លឹម​សារ​នៃ​របាយ​ការណ៍​នេះពិបាក​ជឿ​ទុក​ចិត្ត​ ព្រោះ​មិន​ដឹង​ថា​ ការ​ស្រាវជ្រាវ​មាន​ភាព​ច្បាស់​លាស់​​​​ប៉ុនណា ​ហើយ​កន្លង​មក​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ​តែង​បង្ហាញ​​លទ្ធ​ផល ​ដែល​ពួកគេ​បាន​រកឃើញ ​តែ​មិន​បាន​បង្ហាញ​ពី​នី​តិ​វិ​ធី​ ឬ​ស្តង់​ដា​ដែល​ពួក​គេ​បាន​សិក្សា​ស្រាវជ្រាវ​នោះ​ទេ។​

លោ​ក​ សុវណ្ណ​ ថ្លែង​ថា៖​ ​«​ទោះ​ភាពជឿ​ជា​ក់​បាន​នៃ​ឯក​សារ​នេះ​មាន​កម្រិត​ណា​ក្តី​ ដោយ​សារ​យើង​មិនអាច​ដឹង​ច្បាស់​ពី​វិធី​សាស្ត្រ​ និង​នីតិ​វិធី​ក្នុង​ការស្រាវជ្រាវ​របស់​ពួកគេ​ ប៉ុន្តែ​ឯក​សារ​នេះ​ពិត​ជាមាន​ប្រយោជន៍​សម្រាប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ​សិក្សា​បន្ថែម​ទៀត​ ដើម្បី​រៀបចំ​ជា​គោល​នយោ​បាយ​ ក៏​ដូច​ជា​គោល​ការ​ណ៍​ណែនាំ​សម្រាប់​ការ​ពារ​ផល​ប្រ​យោ​ជ​ន៍ និង​សិ​ទ្ធិ​របស់​កុមារ ​និង​យុវ​ជន​កម្ពុជា​យើង ​ស្រប​តាម​ច្បាប់​ដែល​មាន​ស្រាប់ ​និង​ស្ថាន​ការណ៍​ជាក់​ស្ដែង​របស់​ប្រទេស​កម្ពុជា​យើង»។

លោក​ រស់​ សុវា​ចា​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍ថា​ បច្ចុប្បន្ន​ពិភព​លោក​ទាំង​មូល​កំពុង​តែ​ប្រឈម​​មុខ​ជា​មួយ​នឹង​គ្រោះ​ថ្នា​ក់​នៃ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត ​ដែល​​ត្រូវ​ចូលរួមសហ​ការ​គ្នា ​ស្រប​ពេល​បញ្ហា​នេះ​មិន​​មែន​កើត​ឡើង​នៅ​តែ​កម្ពុជា​នោះទេ​។​

​លោ​ក​បញ្ជាក់​ថា​៖ «ក្រសួង​អប់​រំ​យុវជន​ ​និង​កី​ឡា​បាន​ចូល​រួម​ទប់​ស្កាត់​ និង​កាត់​បន្ថយ​ភាព​អវិជ្ជមាន​ក្នុង​ការ​ប្រើប្រាស់​អ៊ីន​ធឺ​ណិត​តាម​រយៈ​ការបញ្ជ្រាប​ខ្លឹម​សារ​ចូល​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​ដើម្បី​ឆ្លើ​យ​ត​ប​ទៅ​នឹង​គោល បំណង​របស់​សសរ​ស្តម្ភ​​ ៤​ ​នៃ​ការ​​អប់​រំ ​រួម​មាន​ការ​ផ្តល់​ជា​វិជ្ជា​សម្ប​ទា ​បំ​ណិន​សម្ប​ទា​ ចរិយា​សម្បទា​ និង​គុណ​តម្លៃ​នៅ​ក្នុ​ង​ការរស់​នៅ​ប្រកប​ដោយ​សុខ​ដុមរម​នា​ជាមួយ​គ្នា»៕