
លោក ទៀ បាញ់ និងសមភាគីចិនក្នុងពិធីបិទសមយុទ្ធយោធា។ សហការី
កំពតៈ កម្លាំងយោធាកម្ពុជា-ចិន ប្រមាណជិត ២ ៨០០ នាក់ បានបញ្ចប់ការធ្វើលំហាត់នាគមាសរួមគ្នាកាលពីម្សិលមិញនៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគិរី របស់កងពលតូចលេខ ៧០ នៅស្រុកជុំគីរី ខេត្តកំពត ក្រោយពីហ្វឹកហាត់អស់រយៈពេល ២៨ ថ្ងៃ។
យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិ បានឲ្យដឹងកាលពីម្សិលមិញថា លំហាត់នាគមាសឆ្នាំ ២០១៩ មិនមានការគំរាមកំហែងអ្នកណាទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធនេះគឺជាការបង្ហាញនូវការចូលរួមថែរក្សាសន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធប្រយុទ្ធប្រឆាំងអំពើភេរវកម្មជួយសង្គ្រោះប្រជាពលរដ្ឋពេលមាន គ្រោះមហន្តរាយធម្មជាតិជាដើម។
លំហាត់ហ្វឹកហ្វឺននាគមាសផ្តោតសំខាន់លើប្រធានបទកិច្ចការ មនុស្សធម៌ និងការប្រឆាំងភេរវកម្មដែលជាឱកាសសម្រាប់កងទ័ពប្រទេសទាំង ២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និង ខ្លាំងក្លាថែមទៀត។
គេហទំព័រដដែលនេះបានឲ្យដឹងថា ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេរវកម្ម ការរំដោះចំណាប់ខ្មាំង ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ ដូចជា រថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំទ្រពីលើអាកាសជាដើម។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា៖ «តាមរយៈការជោគជ័យនៃសមយុទ្ធនេះ ប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពបង្កើតឱ្យមានលំហាត់ហ្វឹកហ្វឺនបែបនេះ និងរឹតតែធំជាងមុនៗ រៀងរាល់ ១ ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា ហើយនឹងធ្វើលើវិស័យផ្សេងទៀត ដែលកម្ពុជា នៅខ្វះខាតដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជា»។
គេហទំព័រក្រសួងការពារជាតិបានឲ្យដឹងទៀតថា៖ «បច្ចុប្បន្ននេះទំនាក់ទំនងចិន-កម្ពុជា បានឈានដល់ចំណុចកំពូល និងល្អជាងពេលណាៗទាំងអស់ ដែលមិត្តភាពជាដែកថែបនេះ បានកើតឡើង ក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនភីង ប្រធានាធិបតីចិន។ ប្រទេសកម្ពុជា និងប្រទេសចិន នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។
កងទ័ពកម្ពុជា-ចិន បានផ្ដើមធ្វើលំហាត់នាគមាសកម្ពុជាចំនួន ២ លើករួចមកហើយៗ ភាគីទាំង ២ បានឯកភាពបង្កើតឱ្យមានលំហាត់ហ្វឹកហ្វឺន នេះរៀងរាល់ ១ ឆ្នាំម្តង ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការយោធា៕