ភ្នំពេញៈ មន្ត្រី​យោធា​កម្ពុជា-ថៃ​ សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ថែម​ទៀត ខណៈ​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុជា​បាន​អះអាងថា ប្រទេស​ទាំង​ ២ មាន​សន្ដិភាព​ល្អ​ជាមួយ​គ្នា​ចាប់​តាំងពី​លោក ​ប្រាយុធ ចាន់អូចា បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ ថៃ​ មក​។

ការអះអាង​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​យោធា​កម្ពុជា-ថៃ​ នេះ​ បានធ្វើ​ឡើង​នៅ​ថ្ងៃ​ម្សិលមិញ​នៅឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​គឺ​នៅក្នុង​ជំនួប​រវាង​លោក សារ៉ាយុទ្ធ ប៊ុនជឺ អនុព័ន្ធយោធា​កងទ័ព​ជើងគោក និង​លោក ចាត់ទុរុង ឌីភីងទុន អនុព័ន្ធយោធា​កងទ័ព​ជើងទឹក​នៃ​កងទ័ព​ភូមិន្ទ​ថៃ​ដែល​បាន​ដឹកនាំ​មន្ត្រី​ជួបពិភាក្សា​ដើម្បី​ជម្រាបលា​លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ពេល​បញ្ចប់​អាណត្តិ​ការទូត​យោធា​នៅ​កម្ពុជា​។

លោក​ នាង ផាត ថ្លែង​ថា​ថ្វីដ្បិត​មាន​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ដែល​មន្ត្រី​យោធា​ប្រទេស​ទាំង​ ២ ​ត្រូវ​បន្ត​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បន្ថែម​ក្ដី ប៉ុន្តែ​សន្ដិភាព​រវាង​ភាគី​ទាំង​ ២ ​គឺ​មាន​ភាពល្អប្រសើរ​ចាប់ពី​ប្រទេស​ថៃ​បាន​ស្ថិតក្រោម​ការដឹកនាំ​ដោយ​លោក​ ប្រាយុធ ចាន់អូចា មក​។ លោក​ថា ខាង​ភាគី​កម្ពុជា​នឹង​បន្ត​សហការ​ធ្វើ​ការងារ​ជាមួយ​ភាគី​យោធា​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​កងទ័ព​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ល្អ​​ប្រសើរ​ថែមទៀត​។

លោក​ថ្លែងថា​៖ «​ក្នុង​ការដឹកនាំ​របស់​លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ធ្វើឱ្យ​ប្រទេស​យើង​ទាំង​ ២ ​មាន​សន្ដិភាព​ជាមួយ​គ្នា​ល្អ ហើយ​ក៏​សូម​អរគុណ​ខាង​ (​ទាហាន​ថៃ​) ​តម្រួត​ថៃ​ដែរ ព្រោះ​ខ្ញុំ​ដឹងថា កម្មករ​ខ្មែរ​ចេញចូល​មាន​ភាពត្រឹមត្រូវ និង​ខុសច្បាប់​ខ្លះ និង​ជួប​ការងារ​ស្មុគស្មាញ​ណាស់ ហើយ​បាន​ដោះស្រាយ​រហូត​មក ហើយ​រវល់​ជាង​ជើងគោក ជើង​អាកាស និង​ជើង​ទឹក​ទៀត​»​។

លោក សារ៉ាយុទ្ធ ប៊ុនជឺ បញ្ជាក់​ដែរ​ថា​ប្រទេស​ទាំង​ ២ ​កំពុង​សហការ​គ្នា​ល្អ​ដើម្បី​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ឱ្យបាន​ល្អប្រសើរ​ថែម​ទៀត​។ ប៉ុន្តែ​ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​កន្លងមក​ដែលថា​មាន​ពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ​ និង​ត្រូវ​ទាហាន​ថៃ​បាញ់សម្លាប់ អាច​ធ្វើឱ្យ​ប៉ះពាល់​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំង​ ២ គឺ​អាចជា​ព័ត៌មាន​មិន​ពិត និង​មិនទាន់​គ្រប់​ជ្រុងជ្រោយ​នោះទេ​។

លោក​ថ្លែង​តាមរយៈ​អ្នក​បកប្រែ​ថា​៖ «​រឿង​ដែល​សំខាន់​មួយ​នោះ​គឺ​ព័ត៌មាន​ដែល​ចេញផ្សាយ​ទៅ​សុំឱ្យ​មាន​ការត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់ តើ​ពិត​ឬ​មិន​ពិត មុន​ការចេញ​ផ្សាយ​»​។ ប្រទេស ​ថៃ​ នឹង​បញ្ជូន​លោក​វរសេនីយ៍ឯក ជេសានុ សារ៉ាធី អនុព័ន្ធយោធា​តំណាង​ឱ្យ​កងទ័ពជើងគោក និង​លោក ស៊ុប៉ាកាន វិថាវ៉ាត់ អនុព័ន្ធយោធា​តំណាង​ឱ្យ​កងទ័ពជើងទឹក ដើម្បី​បន្ត​អាណត្តិ​ការទូត​យោធា​នៅ​កម្ពុជា​រយៈពេល​ ៣ ​ឆ្នាំ​បន្ថែម​ទៀត​៕