ឧត្តរមានជ័យៈ យោធា​កម្ពុជា-ថៃ​កាលពី​ថ្ងៃទី​ ៥ ខែ​ឧសភា បាន​ព្រមព្រៀង​គ្នា​បញ្ឈប់​ការសាងសង់​ផ្ទះ និង​របងលួស​នៅក្នុង​ទឹកដី​រៀងៗ​ខ្លួន​ដែល​នៅ​ជិត​តំបន់ស​នៅ​ចំណុច​ក្បែរ​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។

លោក តូច រ៉ា នាយសេនាធិការរង​យោធភូមិភាគ​ទី​ ៤ និង​ជា​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​កិច្ចការ​ព្រំដែន​ប្រចាំ​ច្រកព្រំដែន​អន្តរជាតិ​ជាំ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រោយពី​មាន​ការផ្ទុះ​ទំនាស់​នៅ​ចំណុច​គោលដៅ​ចាស់​ដែល​ជា​ចំណុច​ប្រទាញ​ប្រទង់​តាម​ព្រំដែន​កម្ពុជា-ថៃ មេបញ្ជាការ​យោធភូមិភាគ​ទី​ ៤ បានចេញ​បញ្ជា​ឲ្យ​មាន​កិច្ចប្រជុំ​ពិភាក្សា​បន្ទាន់​ភ្លាមៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រវាង​ភាគី​ទាំង​ ២​។

បញ្ហា​ដែល​បាន​កើត​ឡើង ព្រោះ​ភាគី​ថៃ​ឃើញ​ពលរដ្ឋ​កម្ពុជា​ ១ ​គ្រួ​សារបាន​សាងសង់​ផ្ទះ​ជា​ប្រភេទ​សំណង់​រឹង​នៅលើ​ដី​កម្ពុជា​ចម្ងាយ​ប្រហែល​ជាង​ ១៥០ ​ម៉ែត្រ​ពី​ចំណុច​ស ហើយ​ភាគី​ថៃ​រារាំង​ឲ្យ​បញ្ឈប់​ការសាងសង់​ដោយ​ភាគី​ថៃ​បាន​ដាក់​កម្លាំង​យោធា​មក​ធ្វើ​របងលួស​នៅលើ​ទឹកដី​គេ​ដែល​នៅ​ជិត​​តំបន់ស​នោះ​ដែរ​។

លោក រ៉ា ថ្លែងថា​ភាគី​ថៃ​បានលើកឡើង​សុំ​ឲ្យ​ខាង​កម្ពុជា​ផ្អាក​ការសាងសង់ ខាង​បងប្អូន​ពលរដ្ឋ​កម្ពុជា​ក៏បាន​ផ្អាក​រួចហើយ ព្រោះ​ខាង​ភាគី​យោធា​កម្ពុជា​សុំ​ឲ្យ​មាន​ការយោគយល់​ពលរដ្ឋ​ក្នុង​ការផ្អាក​ការសាងសង់​ហើយ​។

លោក រ៉ា ថ្លែងថា​៖ «​ក្រោយពី​បាន​ប្រជុំពិភាក្សា​ជាមួយ​ភាគី​ថៃ​រួចមក​ខាង​ភាគី​ថៃ​ក៏​គេ​ដកចេញ​តាម​ការឯកភាព​គ្នា​។ គេ​ស្នើ​យើង​កុំ​ឲ្យ​សាងសង់​សំណង់​នៅក្បែរ​បន្ទាត់​ព្រំដែន​ទៀត ហើយ​គេ​ក៏បាន​ត្រឡប់​ទៅវិញ​ដោយ​រើរ​បង​បន្លា​លួស​អី​ទៅវិញ​អស់​ហើយ​តាំងពី​យប់​ថ្ងៃ​ដែល​កើតហេតុ​នោះ​តែម្ដង ក្រោយ​បញ្ចប់​ការពិភាក្សា​»​។

លោក​បាន​បញ្ជាក់​ថា ពេល​និយាយ​មិនត្រូវ​គ្នា​ទើប​ភាគី​ថៃ​បាន​ប្រើ​កម្លាំង​គេ ២ ​ក្រុម បម្រុង​គាបសង្កត់​មក​ភាគី​កម្ពុជា​នៅ​មាត់ច្រក​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​។ តាម​លេណដ្ឋាន​ក្បែរ​ខ្សែក្រវាត់​ព្រំដែន​គេ​នោះ ថៃ​ក៏​បំពាក់​បន្លា​លួស​ដោយ​ប្រើ​កម្លាំង ហើយ​ដាក់​កម្លាំង​នៅត្រង់​សេ​តាម​លេណដ្ឋាន​របស់គេ​តែម្ដង​។

លោក​បន្ដថា​៖ «​គេ​ប្រាប់​ខ្ញុំ​ថា គេ​ប្រើ​កម្លាំង​ ២ ​ក្រុម​មក​ប្រហែល ៤០ ​ទៅ​ ៣០ ​នាក់​។ ខ្ញុំ​ក៏​មិន​និយាយ​អ្វី​ច្រើន​ដែរ​។ យើង​ប្រើ​វិធី​សន្តិវិធី​និយាយ​គ្នា​»​។

លោក ជា ពិសិដ្ឋ អ្នក​នាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ឧត្តរមានជ័យ​បានបញ្ជាក់​បន្ថែម​ថា បញ្ហា​ទំនាស់​ការសងសង់​សំណង់​នៅ​តាម​ព្រំដែន​នោះ កងកម្លាំង​យោធភូមិភាគ​ទី​ ៤ ​បាន​ដោះស្រាយ​បញ្ចប់​ជាមួយ​ភាគី​ថៃ​ហើយ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ​។

លោក​ថ្លែងថា​៖ «​រឿងនេះ​ខាង​កងកម្លាំង​យោធា​ភូមិភាគ​ទី​ ៤ គាត់​បាន​ប្រជុំ​ពិភាក្សា​គ្នា​ជាមួយ​ភាគី​ថៃ បាន​ព្រមព្រៀង ឯកភាព​រើ​របង​បន្លា​លួស​ចេញ​វិញ​អស់ហើយ​។ ករណីនេះ​មិនមាន​ជា​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​អ្វី​ទេ​។ បញ្ហា​នេះ ក្រោយពី​យើង​ឃើញ​មាន​ការរាយ​របង​បន្លា​លួស​ថ្មី កងកម្លាំង​យោធភូមិភាគ​ទី​ ៤ ក៏​បាន​ប្រជុំ​ដោះស្រាយ​បញ្ចប់​ហើយ​»​។

លោក ពិសិដ្ឋ បាន​ឲ្យ​ដឹងថា​ទាក់ទង​នឹង​បច្ចុប្បន្នភាព​ស្ថានភាព​ចរាចរណ៍​ចេញចូល​តាម​ច្រក​អន្តរជាតិ​ជាំ និង​ច្រក​អូរស្មាច់​ក្នុង​ខេត្ដ​ឧត្ដរមានជ័យ​គឺ​មាន​សកម្មភាព​ដឹកទំនិញ​ជាធម្មតា​រវាង​ប្រទេស​ទាំង​ ២​។ ឯ​បងប្អូន​ពលករ​ខ្មែរ​នៅតែ​មាន​ការធ្វើដំណើរ​ចេញពី​ថៃ​មក​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​ដដែល​ដោយ​ក្នុង​ ១ ​ថ្ងៃ​មាន​ពលករ​ខ្មែរ​​ចេញ​ពី​ប្រទេស​ថៃ​ប្រហែល​ពី ៥០ ទៅ​ ១០០ ​នាក់​៕