សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា​រក​ឃើញ​គ្រឹះ​កំពែង​បុរាណ​ នៅ​ជុំវិញ​ប្រាសាទ​លលៃ ដែល​កប់​ក្នុង​ដី​ជាង ​១០០ ​ឆ្នាំ ក្រោម​សំណង់​សាសនា​សម័យ​ក្រោយៗ​បន្ទាប់​ពី​បើក​ការដ្ឋាន​កំណាយ​ជាង ១ ខែ ដែល​អ្នក​ជំនាញ​សង្ស័យ​ថា គ្រឹះ​​កំពែង ​១ កន្លែង​អាច​ជា​បណ្ណាល័យ​សិក្សា​នា​សម័យ​នោះ​។

ប្រាសាទ​លលៃ​ ស្ថិត​នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ដែល​ជា​កោះ​ដ៏​ពិសិដ្ឋ​ ស្ថិត​នៅ​ចំ​កណ្តាល​បារាយណ៍​ឥន្ទ្រតដាក (បារាយណ៍​លលៃ​) នា​បុរាណ​កាល ​ហើយ​ប្រាសាទ​​នេះ​ត្រូវ​បាន​ក្រុម​ជំនាញ​នៃ​អាជ្ញាធរ​​អប្សរា​បើក​ការដ្ឋាន​កំណាយ​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ខាង​មុខ ដើម្បី​ឈាន​​ចូល​គម្រោង​ជួសជុល​។

តាម​ទំព័រ​ហ្វេសប៊ុក​​អាជ្ញាធរ​អប្សរា​ថា បុរាណវិទូ​នៃ​អាជ្ញាធរ​អប្សរា​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស្រាវជ្រាវ​ និង​ប្រទះ​ឃើញ​អាថ៌​កំបាំង​​ដ៏​អស្ចារ្យ​នៃ​រចនា​សម្ព័ន្ធ​សំណង់​​បុរាណ​ជា​ច្រើន​ដូច​ជា​ខ្លោង​ទ្វារ​ចូល កម្រាល​ឥដ្ឋ​កុលាល​ភាជន៍ និង​ជញ្ជាំង​កំពែង ដែល​បាន​កប់​​ក្នុង​ដី​ក្រោម​សំណង់​សាសនា​តាំង​ពី​សម័យ​អាណានិគម​បារាំង​មក។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​៖ «ការ​ប្រទះ​ឃើញ​រចនា​សម្ព័ន្ធ​ដ៏​សម្បើម​នេះ គឺ​ជា​ការ​ផ្តល់​នូវ​ទិន្នន័យ​ថ្មីៗ​សម្រាប់​កិច្ច​ការ​ស្រាវជ្រាវ​បុរាណ​វិទ្យា​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និង​កិច្ច​ការ​អភិរក្ស​ អភិវឌ្ឍន៍​ និង​លើក​តម្លៃ​ប្រាសាទ​លលៃ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន​»។

បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​ការ​ប្រែប្រួល​បន្តិច​ម្តងៗ​នៃ​ប្រាសាទ​លលៃ​បន្ទាប់​ពី​មាន​ការ​រៀបចំ​ថ្មី ​និង​មាន​​សំណង់​សាសនា​មួយ​ចំនួន​តាម​សម័យ​​កាល​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ ​២០១៩ សំណង់​សាសនា​​ទាំង​នោះ​ ត្រូវ​បាន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​លលៃ អាចារ្យ​ និង​គណៈកម្មការ​គ្រប់គ្រង​វត្ត​លលៃ​សម្រេច​រំកិល​ព្រះវិហារ​ចុះ​មក​ក្រោម ដើម្បី​ទុក​លទ្ធភាព​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ការ​អភិរក្ស ​និង​ស្រាវជ្រាវ​បុរាណវិទ្យា។

លោក ថូ ថុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​ជា​ប្រធាន​ក្រុម​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​លលៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រុម​ការងារ​បាន​បើក​រណ្តៅ​កំណាយ​បាន​​ចំនួន ១០ រណ្តៅ​នៅ​ក្រោម​​អតីត​សំណង់​សាសនា​នៅ​ផ្នែក​ខាង​កើត ខាង​ជើង និង​ខាង​លិច។

លោក​​ថា ការ​បើក​រណ្តៅ​នេះ បាន​ប្រទះ​ឃើញ​រចនា​​សម្ព័ន្ធ​សំណង់​​ខ្លោង​ទ្វារ​ចូល​ទាំង ​៣ ​ទិស​កំពែង ​៣ ​ជាន់​ព័ទ្ធ​ជុំវិញ​តួ​ប៉ម​ទាំង ​៤ នៃ​ប្រាសាទ​ រចនា​សម្ព័ន្ធ​កំពែង​ប្រាសាទ​ក្នុង​ក្រៅ កម្រាល​ថ្ម​បាយ​ក្រៀម កម្រាល​ឥដ្ឋ​ជា​ច្រើន​ទីតាំង ចម្លាក់​ដែល​មាន​ក្បាច់​លម្អ រួ​ម​នឹង​ភាព​ខុស​គ្នា​នៃ​ខឿន​ប្រាសាទ​ត្រង់​ព្រះ​វិហារ។

ចំពោះ​រណ្តៅ​កំណាយ ​១ កន្លែង លោក ថូ ថុន​ ឲ្យ​ដឹង​ថា ក្រុម​ជំនាញ​កំពុង​​សិក្សា​បន្ថែម​ទៀត ព្រោះ​តែ​សង្ស័យ​ថា គ្រឹះ​កំពែង​នោះ គឺ​ជា​បណ្ណាល័យ​នៃ​ប្រាសាទ​លលៃ ដែល​មនុស្ស​ក្នុង​សម័យ​នោះ​បាន​សន្សល់​ទុក ខណៈ​កំណាយ​ទាំង​អស់​​​នៃ​រណ្តៅ​កំពុង​បន្ត​ការ​ស្រាវជ្រាវ។​ «យើង​ឈាន​ទៅ​ស្តារ​ដី​ដែល​កប់​តួប៉ម​ហ្នឹង​ពី ​២០ ទៅ ៤០ សង់​ទីម៉ែត្រ ​អីអ៊ីចឹង​ឲ្យ​ឃើ​ញ​ពី​គ្រឹះ​កំពែង​ប្រាសាទ​បុរាណ ព្រោះ​ការ​កប់​នេះ​មិន​ជ្រៅ​ទេ...»៕