ភ្នំពេញៈ បុរស​ជនជាតិ​ខ្មែរ​ ២ ​នាក់​អាយុ​ពី​ ២២-២៩ ​ឆ្នាំ​ រស់នៅ​ខេត្ត​កំពង់ចាម ត្រូវ​បាន​ធ្វើតេស្ដ​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ កាលពី​ថ្ងៃទី​ ១៣ ​មិថុនា បន្ទាប់ពី​ពួកគេ​រួមទាំង​អ្នកដំណើរ​ ៤៤ ​នាក់​ទៀត ទើប​ធ្វើ​ដំណើរ​មកពី​ឥណ្ឌូនេស៊ី​ដល់​កម្ពុជា​បាន​ ១ ​ថ្ងៃ​។ ករណីនេះ​មន្ត្រី WHO សរសើរ​កម្ពុជា​ថា​បាន​បន្ត​ឆ្លើយតប​យ៉ាង​ល្អ​ចំពោះ​ការនាំចូល​ជំងឺ​ទាំង​ ២ ​ករណី​ថ្មី​នេះ​។

ពី​ម្សិលមិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា អ្នកជំងឺ​ថ្មី​ចំនួន​ ២ ​នាក់​ ដែល​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​នៅ​រាជធានី​ភ្នំពេញ​ គឺ​បាន​ធ្វើឱ្យ​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា​កើនដល់​ ១២៨ ​នាក់​ ក្នុង​នោះ​ជាសះស្បើយ​វិញ​ចំនួន​ ១២៥ ​នាក់ និង​គ្មាន​អ្នកស្លាប់​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​ជនជាតិ​ខ្មែរ​ទាំង​ ២ ​នាក់​ បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ដែល​បាន​ដឹក​អ្នកដំណើរ​ចំនួន​ ៤៦ ​នាក់​។ ក្នុងនោះ​មាន​ជនជាតិខ្មែរ​ ៤២ ​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ ៤ ​នាក់​ ដែល​បាន​ធ្វើ​ដំណើរ​ត្រង់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​លើកឡើង​ថា​៖ «​អ្នកដំណើរ​ចំនួន​ ៤៤ ​នាក់​ ដែល​មាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូវីដ​១៩ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ នៅ​មណ្ឌល​ចត្តាឡីស័ក​ជម្ពូវន្ត មណ្ឌល​ចត្តាឡីស័ក​នៅតាម​ខេត្ត​ដែល​បុគ្គល​រស់នៅ និង​សណ្ឋាគារ​មួយ​ក្នុង​ភ្នំពេញ ដើម្បី​តាមដាន​សុខភាព​បន្តទៀត​»​។

ពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​លោកស្រី​ ឱ វណ្ណឌីន និង​លោកស្រី យក់ សម្បត្តិ ជា​ក្រុមមន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល​បានទេ ដោយ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន ហើយ​ពួកគាត់​ក៏​ពុំទាន់​បាន​ឆ្លើយតប​សំណួរ​តាម​ប្រព័ន្ធ​តេឡេក្រាម​។

លោកស្រី Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​សរសេរ​ក្នុង​ប្រព័ន្ធ​ Twitter ​ខ្លី​ថា​៖ «​កម្ពុជា​នៅតែ​បន្ត​រកឃើញ​ និង​ឆ្លើយតប​ចំពោះ​ករណី​កូវីដ​១៩ ដែល​បាន​នាំចូល​បន្ថែមទៀត​។ វិធានការ​នានា​នៅតាម​ព្រំដែន មាន​សារៈសំខាន់​សម្រាប់​ដំណាក់កាល​បច្ចុប្បន្ននេះ​។ ករណី​ថ្មី​ចំនួន​ ២ ​បាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក​កាលពី​ចុងសប្តាហ៍​។ សូម​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ឆ្លើយតប​បាន​ល្អ​ដែល​កំពុង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា​»​។

រដ្ឋាភិបាល​ប្រកាស​អនុវត្ត​តាំងពី​ថ្ងៃ​ទី​ ២០ ​ឧសភា តម្រូវ​ឱ្យ​អ្នក​ដំណើរ​ជនបរទេស​ទាំងអស់​លើកលែង​អ្នក​កាន់​លិខិត​ឆ្លងដែន​កម្ពុជា​ត្រូវ​មាន​លិខិតបញ្ជាក់​សុខភាព​ថា គ្មាន​ជំងឺ​កូវីដ​ ១៩​ ពី​ប្រទេស​សាមី និង​ត្រូវមាន​ទឹកប្រាក់​ធានារ៉ាប់រង​សុខភាព​យ៉ាងតិច​ ៥ ​ម៉ឺន​ដុល្លារ ទើប​អាច​អនុញ្ញាត​ឱ្យចូល​កម្ពុជា​។

កាលពី​សប្ដាហ៍​មុន រដ្ឋាភិបាល​ប្រកាស​គិតថ្លៃ​សម្រាប់​ជនបរទេស​ដែល​ធ្វើដំណើរ​មក​កម្ពុជា​នឹង​ត្រូវ​ចេញថ្លៃ​ព្យាបាល​ដោយ​ខ្លួនឯង​ក្នុងករណី​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ ការចំណាយ​សម្រាប់​ការធ្វើ​ចត្តាឡីស័ក និង​តម្លៃ​ធ្វើតេស្ដ​ជាដើម​។

ស្របពេល​កម្ពុជា​នៅ​ប្រឈម​ការនាំ​ចូល​ជំងឺ​ពី​ក្រៅប្រទេស​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ដោយ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ដូចជា​លាង​សម្អាត​ដៃ​ញឹកញាប់ ពាក់​ម៉ាស់​នៅពេល​កណ្ដាស់​ ឬ​ក្អក និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម​៕