
នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន កាលពីថ្ងៃម្សិលមិញ។ រូបថត សាលាក្រុងប៉ោយប៉ែត
ភ្នំពេញ/បន្ទាយមានជ័យ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសក្នុងសន្និសីទមួយនៅម៉ោង ៧ យប់មិញថា ក្រុមមន្ត្រីជំនាញបានរកឃើញ មានករណីបុរសចិនម្នាក់ដែលទើបមកស្នាក់នៅខេត្តព្រះសីហនុមានផ្ទុកវីរុសកូរ៉ូណា ខណៈដែលមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចែកម៉ាស់ជាង ១ លានដោយមិនគិតថ្លៃ ដល់អ្នកធ្វើដំណើរដែលឆ្លងកាត់តាមច្រកទ្វារព្រំដែននេះ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសរលាកសួត កូរ៉ូណាប្រភេទថ្មី (2019-nCoV)។
លោក ម៉ម ប៊ុនហេង បានថ្លែងថា វីរុសនេះត្រូវរកឃើញនៅលើជនជាតិចិនម្នាក់ឈ្មោះ ចា ជិនហួរ អាយុ ៦០ ឆ្នាំ ដែលបានធ្វើដំណើរជាមួយគ្រួសារចំនួន ៣ នាក់ទៀត ចេញពីទីក្រុងវូហាន ប្រទេស ចិន ចូលមកកាន់ខេត្តព្រះសីហនុ។ លោកបន្តថា ក្រុមជនជាតិចិនទាំងនេះបានចូលមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមករា ហើយលោក ចា ជិនហួរ បានចេញរោគសញ្ញាគ្រុនក្ដៅ និងហៀរសំបោរនៅថ្ងៃទី ២៥ ខែមករា។ លទ្ធផលធ្វើតេស្ដឈាមទើបតែបានបង្ហាញនៅថ្ងៃទី ២៧ ខែមករា ថា គឺបានឆ្លងវីរុសកូរ៉ូណាថ្មី។
លោកបន្តថា លោក ជិនហួរ បានធ្វើដំណើរមកកាន់ប្រទេស កម្ពុជា ជាមួយគ្រួសារចំនួន ៣ នាក់ទៀត គឺឈ្មោះ អ្នកស្រី វ៉ាង លីងជេន អាយុ ៥៧ ឆ្នាំ លោក សៅ យ៉ាន់ អាយុ ៣៨ ឆ្នាំ និងអ្នកស្រី ចា រ៉ុយស៊ន់ អាយុ ៣៣ ឆ្នាំ។
ប៉ុន្តែលោក ម៉ម ប៊ុនហេង បញ្ជាក់ថា ក្នុងចំណោមជនជាតិចិនទាំង ៤ នាក់នេះ គឺមានតែលោក ចា ជិនហួរ ម្នាក់ប៉ុណ្ណោះ ដែលធ្វើតេស្ដបង្ហាញថា បានឆ្លងវីរុសកូរ៉ូណា។
លោកបន្តថា៖ «ជនជាតិចិនទាំងនេះ បានធ្វើដំណើរតាមជើងយន្តហោះត្រង់ ពីទីក្រុងវូហាន ប្រទេស ចិន ចូលមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី ២២ ខែមករា។ បន្ទាប់មកបានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន ២ យប់ និងបានបន្តស្នាក់នៅសណ្ឋាគារ queenco ក្រុងព្រះសីហនុដដែលនៅថ្ងៃទី ២៥ ខែមករា។ នៅរសៀលថ្ងៃទី ២៥ ខែមករាដដែល លោក ជិនហួរ បានចុះលេងទឹកអាងចំនួន ២ ម៉ោង រួចក៏កើតមានអាការគ្រុនក្ដៅ។ ល្ងាចថ្ងៃដដែលភរិយារបស់គាត់បានទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេស ចិន និងបានប្រាប់ថា ប្ដីរបស់នាងក្ដៅខ្លួន»។
លោកបន្ថែមថា៖ «បន្ទាប់ពីទទួលបានព័ត៌មានពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី ២៦ ខែមករា អាជ្ញាធរខេត្តរួមនឹងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីឆ្លើយតបបន្ទាន់ក្រសួងប្រចាំនៅខេត្តព្រះសីហនុ បានធ្វើការយ៉ាងសកម្មស្រាវជ្រាវរកករណីខាងលើ និងបានរកឃើញថា ពួកគាត់ស្នាក់នៅក្នុងសណ្ឋាគារ Queenco»។
លោកបញ្ជាក់ថា បុរសជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណា គឺមានស្ថានភាពជំងឺនឹងនរ និងគ្រាន់តែផ្ដាសាយប៉ុណ្ណោះ។ លោកថា អ្នកដំណើរជនជាតិចិនទាំង ៤ នាក់នេះ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីព្យាបាលដោយយកចិត្តទុកដាក់ និងដើម្បីស្ថិតក្រោមការតាមដានអំពីសុខភាព។ លោកបញ្ជាក់ថា អាជ្ញាធរនឹងបន្តស្វែងរកអ្នកដែលប៉ះពាល់អ្នកឆ្លងពីជនជាតិចិនរូបនេះ មកធ្វើការអប់រំអំពីសុខភាព និងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមកន្លែងដែលជនជាតិចិននេះបានស្នាក់នៅ។
ក្រសួងសុខាភិបាលកាលពីម្សិលមិញ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ពីការរកឃើញវីរុសកូរ៉ូណា ទៅលើបុរសជនជាតិចិនខាងលើនេះផងដែរ។
ទាក់ទងនឹងវិធានការការពារវីរុសនេះ មន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីម្សិលមិញក្រុមមន្ត្រីបានចែកម៉ាស់ជាង ១ លាន ដោយមិនគិតថ្លៃ ដល់អ្នកធ្វើដំណើរដែលឆ្លងកាត់តាមច្រកទ្វារនេះ។
លោក ជួន សារី នាយរងប៉ុស្តិ៍ទទួលបន្ទុកផ្នែកព័ត៌មាន នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គិតមកដល់ថ្ងៃចន្ទនេះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរយៈម៉ាស៊ីនត្រួតពិនិត្យ ដែលក្រសួងសុខាភិបាលបានដាក់ប្រចាំការនៅតាមច្រកទ្វារ គឺមិនទាន់រកឃើញករណីសង្ស័យណាមួយកើតឡើង ចំពោះអ្នកដំណើរពីជំងឺប្រភេទថ្មីនេះទេ។
លោកបន្តថា ដើម្បីជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការចម្លងវីរុសរលាកសួតប្រភេទថ្មីពីប្រទេស ចិន អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបើកយុទ្ធនាការផ្តល់ម៉ាស់ដោយមិនគិតថ្លៃ ជូនដល់អ្នកដំណើរ ដែលប្រកបរបរនៅតាមច្រកទ្វារអន្តរជាតិនេះ។ លោកបញ្ជាក់ថា៖ «យើងនឹងបន្តចែករហូត ដល់ភ្ញៀវជាតិ និងអន្តរជាតិ អ្នករកស៊ីនៅទីនេះគ្រប់គ្នា។ ការចែកម៉ាស់នេះ នឹងបន្តរហូតដោយមិនកំណត់ត្រឹម ១ លានម៉ាសនេះនោះទេ ដោយចែករហូតទាល់តែមានវិធានការមួយរបស់ពិភពលោក ក្នុងការទប់ស្កាត់វីរុសនេះបាន»។
ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019nCoV) ត្រូវបានរកឃើញជាលើកដំបូង កាលពីពាក់កណ្តាលខែធ្នូ នៅទីក្រុង Wuhan ប្រទេស ចិន ហើយគិតត្រឹមថ្ងៃទី ២៧ ខែមករា បានសម្លាប់មនុស្សចំនួន ៨១ នាក់ និងមានអ្នកឆ្លងជំងឺជាង ២ ៨០០ នាក់ ដោយបានរីកសាយភាយទៅកាន់ប្រទេសជាច្រើនដូចជា ថៃ អូស្ត្រាលី បារាំង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម នេប៉ាល់ កាណាដា និងសហរដ្ឋអាមេរិក។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការប្រើប្រាស់ម៉ាស់ក៏អាចជាវិធីសាស្ត្របង្ការមួយ ជួយការពារជំងឺប្រភេទថ្មី និងការឆ្លងជំងឺផ្តាសាយធម្មតា ដែលបង្កដោយវីរុសផងដែរ។ លោកស្រីបន្តថា ការចែកម៉ាស់ដោយមិនគិតថ្លៃនេះ គឺអាស្រ័យទៅលើលទ្ធភាពរបស់ស្ថាប័នរដ្ឋនីមួយៗ ដែលក្រសួងលើកទឹកចិត្តដល់ស្ថាប័នដែលមានលទ្ធភាពផ្តល់ការចូលរួមបែបនេះ ព្រោះដោយសារតែវិធីព្យាបាលមិនទាន់ត្រូវបានរកឃើញ ដូច្នេះមានតែប្រើប្រាស់វិធីសាស្ត្រនៃការការពារខ្លួន បណ្តោះអាសន្នប៉ុណ្ណោះ ដែលអាចចូលរួមជួយឲ្យចៀសផុតពីការចម្លង។
ស្របពេលតម្រូវការម៉ាស់ មានការកើនឡើងលោកស្រី ក៏អំពាវនាវដល់អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់ថា៖ «សូមចូលរួមទប់ស្កាត់ ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសុំកុំដំឡើងថ្លៃម៉ាស់ ដោយត្រូវទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើបានផង...»។
ទន្ទឹមនឹងនោះ លោកស្រីក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីការប្រើប្រាស់កន្សែង ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់នៅពេលក្អកកណ្តាស់ ជំនួសឲ្យការប្រើប្រាស់ម៉ាស់ និងការរក្សាអនាម័យដោយការលាងដៃភ្លាមៗក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូ និងទឹកស្អាត។
តាមវិធីការពារជំងឺ ដែលផ្សព្វផ្សាយដោយក្រសួងសុខាភិបាលបានណែនាំឲ្យពលរដ្ឋ គួរចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺផ្លូវដង្ហើមស្រួចស្រាល់ ការប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រវូហាន និងត្រូវលាងដៃឱ្យបានទៀងទាត់ បន្ទាប់ពីការប៉ះពាល់សត្វ ត្រូវបរិភោគអាហារឆ្អិន ជាពិសេសសាច់ និងស៊ុត ហើយត្រូវស្ថិតនៅចម្ងាយជាង ១ ម៉ែត្រ ពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាល់។
ប្រសិនបើលោកអ្នកមានរោគសញ្ញា ដូចជាគ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម ទាំងមុន ឬក្នុងអំឡុងពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីកន្លែងដែលបានផ្ទុះជំងឺនេះ ដោយត្រូវប្រញាប់ទៅជួបវេជ្ជបណ្ឌិត និងប្រាប់ព័ត៌មានដល់គ្រូពេទ្យអំពីប្រវត្តិនៃការធ្វើដំណើរ និងរោគសញ្ញារបស់លោកអ្នក។ នេះបើតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
វីដេអូ៖