
អាជ្ញាធរខេត្តប៉ៃលិននាថ្ងៃទី ៣០ ធ្នូចុះពិនិត្យកន្លែងពលករខ្មែរចូលពីថៃមកកម្ពុជា។រូប សហការី
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញនូវសារពិសេសមួយ កាលពីល្ងាចថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ថា ក្នុងរយៈពេល ២ ថ្ងៃនេះគឺពីថ្ងៃទី ៣០ និង ៣១ ខែធ្នូ នៅតាមព្រំដែនកម្ពុជា-ថៃ រកឃើញមានពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានឆ្លងនូវវីរុសកូវីដ ១៩ សរុបចំនួន ៨ នាក់ ហើយបើតាមការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាអាចនឹងមានកើនរហូតដល់ជាង ១០ នាក់ទៀត។
លោក ហ៊ុន សែន បានថ្លែងតាមរយៈសារជាសំឡេងថា៖ «ក្នុងស្ថានភាពបែបនេះ យើងត្រូវរួមចំណែកជាមួយនឹងព្រះរាជាណាចក្រថៃក្នុងការគ្រប់គ្រងសភាពការណ៍ ហើយក្នុងស្ថានភាពនេះ ខ្ញុំសុំចេញនូវបទបញ្ជាឱ្យកម្លាំងនៅតាមព្រំដែនទាំងអស់ធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់ជាទីបំផុត ចំពោះអ្នកឆ្លងដែនដែលមានអ្នកគ្រប់គ្រង និងតាមច្រករបៀងដោយមិនឱ្យមានការលួចឆ្លងចូលមកក្នុងប្រទេស ដោយមិនបានត្រួតពិនិត្យ មិនបានយកសំណាក និងធ្វើចត្តាឡីស័កនោះទេ»។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាទៅដល់កងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ ដែលមានមធ្យោបាយដឹកជញ្ជូន ផ្អាកការដឹកជញ្ជូនពលករទាំងនេះចូលមកផ្ទៃក្នុងប្រទេសដែលធ្លាប់តែដឹករំលែកទៅតាមខេត្ត ដោយប្តូរធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តនៅជាប់ព្រំដែន ប្រសើរជាងការដឹកជញ្ជូនពួកគាត់មកផ្ទៃក្នុងប្រទេសដែលអាចនាំឱ្យមកឆ្លងក្នុងសហគមន៍សាជាថ្មីម្តងទៀត។
ក្រសួងសុខាភិបាលនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២០ ឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ ឆ្នាំ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី ២៨ ធ្នូ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់អ្នកជំងឺនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ រីឯស្ត្រីជនជាតិខ្មែរអាយុ ៣៣ ឆ្នាំ ១ រូបទៀតស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជានៅថ្ងៃទី ២៩ ខែធ្នូ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់អ្នកជំងឺផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អ្នកជំងឺទាំង ២ រូបត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
លោក ធូ ភា អភិបាលរងខេត្តប៉ៃលិនប្រាប់ពីម្សិលមិញថា ពលករខ្មែរម្នាក់ដែលបានឆ្លងវីរុសកូវីដ ១៩ នោះបានឆ្លងចូលតាមច្រកនៅខេត្តបាត់ដំបង ប៉ុន្តែគាត់មានស្រុកកំណើតនៅខេត្តប៉ៃលិន ហើយឥឡូវនេះគាត់កំពុងព្យាបាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
លោកប្រាប់ថា៖ «គិតពីថ្ងៃទី ២០ ដល់ ៣១ ខែធ្នូ មានពលករខ្មែរចំនួន ៦៨ នាក់ បានឆ្លងពីប្រទេសថៃចូលក្នុងខេត្តប៉ៃលិន ហើយអ្វីដែលយើងរឹតបន្តឹង និងយកចិត្តទុកដាក់បំផុតគឺពលករ ដែលលួចឆ្លងចូលតាមច្រកខុសច្បាប់ ដែលមានចម្ងាយប្រមាណជាង ១០ គីឡូម៉ែត្រពីព្រំដែនថៃ»។
បើតាមលោក ធូ ភា គឺ អាជ្ញាធរ នៅតែបន្តការពង្រឹង និងរឹតបន្តឹងចំពោះពលករខ្មែរដែលបានចូលមកដល់ព្រំដែនហើយពួកគាត់ត្រូវបានយកទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវ និងបានផ្តល់នូវថវិកាសម្រាប់ជួយដល់ក្រុមគ្រួសារពួកគាត់ផងដែរ។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារលោក គង់ ឡូ ប្រាប់ឱ្យដឹងដែរថា គិតពីថ្ងៃទី ២០-៣១ ខែធ្នូ មានពលករខ្មែរប្រមាណជា ៦០ នាក់ បានធ្វើដំណើរពីប្រទេសថៃចូលមកក្នុងខេត្តព្រះវិហារ។ ពួកគាត់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កទាំងអស់នៅក្នុងមណ្ឌលចត្តាឡីស័កដែលមានក្នុងស្រុកចំនួន ៦ និងក្រុង ១ ហើយបានយកសំណាករបស់ពួកគាត់ធ្វើវិភាគរួចរាល់ផងដែរ។
លោកថ្លែងថា៖ «អភិបាលខេត្តបានធ្វើការណែនាំទៅដល់គ្រប់ក្រុងស្រុកឃុំភូមិទាំងអស់ត្រូវយកចិត្តទុកដាក់ទៅដល់ពលករដែលបានវិលត្រឡប់មកក្នុងខេត្តយើងនេះ។ លោកក៏បានពង្រឹងនៅតំបន់ដែលជាប់នឹងព្រំប្រទល់ឡាវផងដែរ ដោយអាជ្ញាធរ និងសមត្ថកិច្ចត្រូវឃ្លាំមើលពលករដែលអាចឆ្លងចូលមកតាមទន្លេផងដែរគឺទន្លេមេគង្គ និងទន្លេល្ពៅដោយមិនឱ្យមានចន្លោះប្រហោងណាមួយឡើយ»។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ពីម្សិលមិញថ្លែងថាវិធានការសុខភាព សាធារណៈសំខាន់ៗជាវិធានការ ចម្បងបំផុតសម្រាប់បុគ្គលគ្រប់រូបដែលមិនត្រូវប្រហែសនោះឡើយ ត្រូវតែវាងវៃ ប្រុងប្រយ័ត្ន និងត្រៀមជានិច្ចក្នុងការឆ្លើយតប។
លោកស្រីថ្លែងថា៖ «ដើម្បីការពារខ្លួនលោកអ្នកពីការចម្លងវីរុសកូវីដ ១៩ ទោះជាមានការបំប្លែងបែបណា ក៏ដោយជាការចាំបាច់បំផុត ដែលយើងត្រូវនាំគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារខ្លួនដែលបានណែនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការណែនាំនានារបស់ក្រសួងសុខាភិបាលគឺ ៣ ការពារ ៣ កុំនិងបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មីដោយចេះកែប្រែឥរិយាបថ និងទម្លាប់នៃការរស់នៅ»៕