ភ្នំពេញៈ ក្រសួង​ផែនការ​រកឃើញ​ពលរដ្ឋ​ដែល​ធ្លាក់ខ្លួន​ក្រីក្រ​ជាង​ ២ ​ម៉ឺន​គ្រួសារ​បន្ថែម​ទៀត​ធ្វើឱ្យ​ចំនួន​គ្រួសារ​ក្រីក្រ​កើនឡើង​ដល់​ជាង​ ៥៨ ​ម៉ឺន​គ្រួសារ​ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។ ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​ដកហូត​បណ្ណសមធម៌​ពី​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរ​ឡើង​បាន​ជាច្រើន​ករណី​ដែរ​។ ពលរដ្ឋ​ក្រីក្រ​ជាង​ ៤២ ​ម៉ឺន​គ្រួសារ​ក៏​បាន​បើកប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​។

លោក​ ណុប កនណាវុឌ្ឍ អ្នកនាំពាក្យ​ក្រសួង​ផែនការ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ ប្រហែល​ជា​មាន​គ្រួសារ​ក្រីក្រ​ទូទាំង​ប្រទេស​ ៥៨០ ០០០ ​គ្រួសារ ហើយ​ដែល​ជុំ​ទី​ ២ ​នេះ​គឺ​មាន ​២០ ០០០ ​ជាង​គ្រួសារ​ដែល​ធ្លាក់ខ្លួន​ក្រីក្រ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​សរុប​ទាំងអស់​ ៥៨០ ០០០ ​គ្រួសារ​ជាង​។ វគ្គ​ទី​ ១ គឺ​ [​មាន​] ៥៦០ ០០០ [​គ្រួសារ​] ​ជាង​។ យោងតាម​ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃទី​ ២ [​កក្កដា​] គឺ​បាន​ ៤២០ ០០០ ​គ្រួសារ​ជាង​ហើយ​ដែល​បាន​មក​បើក​ថវិកា​»​។

មន្ត្រី​នាំពាក្យ​រូបនេះ​បន្តថា​៖ «​មន្ទីរ​ [​ផែនការ​] បាន​ធ្វើការ​ដកហូត​ [​បណ្ណ​សមធម៌​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ប្រសើរ​ឡើង​] ​បាន​ច្រើន​ករណី​ហើយ ប៉ុន្តែ​ក្រុម​ការងារ​កំពុង​បូកសរុប​បន្ថែមទៀត​។ ចាំមើល​ល្ងាច​នេះ ប្រហែល​ជា​មាន​លទ្ធផល​ពី​ហ្នឹង​ [​កិច្ចប្រជុំ​] ​ហើយ​»​។

លោក​ ណុប កនណាវុឌ្ឍ ថ្លែង​ថា​មាន​ការប្តឹង​ផ្តល់​ជាច្រើន​នៅ​មូលដ្ឋាន​ទាក់ទង​នឹង​ប្រាក់ឧបត្ថម្ភ​នេះ​មក​ក្រសួង​ផែនការ​។ លោក​ថា ដោយ​មូលហេតុ​នេះ ទើប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យ​ក្រសួង​ផែនការ​ជួយ​ពិនិត្យ​ឡើង​វិញ​បន្ថែម​ទៀត​ទៅលើ​យន្តការ​ដែល​មាន​ស្រាប់ គឺ​ត្រូវ​ដោះស្រាយ​ដើម្បី​កុំ​ឱ្យ​មាន​បាតុភាព​កើតឡើង​បន្តទៀត​។

លោក​និយាយថា​៖ «​អ៊ីចឹង​ដោយ​ហេតុ​នេះហើយ​នៅ​រសៀល​នេះ យើង​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យ​មើល​ភាពមិន​ប្រក្រតី​ហ្នឹង​។ ដោះស្រាយ​ជូន​ធ្វើ​ម៉េច​ឱ្យ​វា ថា​ល្អ​ទាំងអស់​គ្នា ទាំង​ឃុំ សង្កាត់ ទាំង​អីហ្នឹង គឺ​ជួយ​សម្រួល​ជាមួយ​គាត់​ហើយ​ប្រជាជន​គឺ​បាន​ទៅដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​។ មិនអាច​ឱ្យមាន​គ្រួសារ​ផ្សេង​ដែល​មាន​ជីវភាព​ប្រសើរឡើង​ហើយ ទទួល​បាន​នូវ​បណ្ណ​សមធម៌​ទទួល​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​ទេ​»​។

ហ្វេសប៊ុក​ក្រសួង​ផែនការ​កាលពី​ថ្ងៃ​ចន្ទ​បញ្ជាក់ថា កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​នេះ គឺ​ពិនិត្យ​មើល​ភាពមិន​ប្រក្រតី​នៃ​ការផ្តល់​បណ្ណសមធម៌​ជូន​គ្រួសារ​ក្រីក្រ និង​ការដាក់ចេញ​នូវ​វិធានការ​មួយចំនួន​។

វិធានការ​ទាំងនេះ​មាន​ដូចជា ការផ្តល់​បណ្ណសមធម៌​ជូន​ដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​តែប៉ុណ្ណោះ ដោយ​មិន​រើសអើង​ស្រប​តាម​នីតិវិធី​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ និង​ធ្វើការ​ដក​បណ្ណ​សមធម៌​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ប្រសើរ​។ ណែនាំ​បន្ថែម​ដល់​មន្ទីរ​ផែនការ​រាជធានី-ខេត្ត ដើម្បី​ឲ្យ​ក្រុមប្រឹក្សាឃុំ-សង្កាត់ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា ករណី​ក្រុមប្រឹក្សាឃុំ-សង្កាត់​ជួប​នូវ​បញ្ហា​មិន​ប្រក្រតី​ណា​មួយ ដែល​មិនអាច​ដោះស្រាយ​បាន​ត្រូវ​ទំនាក់ទំនង​សហការ​ជាមួយ​មន្ទីរ​ផែនការ​រាជធានី-ខេត្ត ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​។

ហ្វេសប៊ុក​នោះ​បញ្ជាក់ថា​៖ «​ក្រសួង​ផែនការ​នឹង​ចូលរួម​ពិនិត្យ​ដោះស្រាយ​ទៅលើ​ភាពមិន​ប្រក្រតី​ទាំងនោះ ហើយ​អាច​ធ្វើការ​បង្ខាំង​បណ្ណ​សមធម៌​របស់​គ្រួសារ​ដែល​មាន​ជីវភាព​ប្រសើរ​ក្នុង​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​គ្រួសារ​ក្រីក្រ​មិន​ឲ្យ​ប្រើ​បាន​»​។

លោក​ យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ចន្ទ​ថា​រដ្ឋាភិបាល​ត្រូវ​ពង្រីក​វិសាលភាព ជាពិសេស​គឺ​សម្រាប់​គណៈកម្មការ​វាយតម្លៃ​មួយ​ដើម្បី​ចុះ​ធ្វើ​កិច្ចការ​ការប្តឹងតវ៉ា​នេះ​ឱ្យ​បាន​លឿន​។ មួយវិញ​ទៀត​រដ្ឋាភិបាល​ប្រហែល​ជា​អាច​ធ្វើ​សវនកម្ម​បន្ថែម​ទៀត​ទៅលើ​ការវាយតម្លៃ​របស់​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បី​ធានា​ថា បញ្ជី​ឈ្មោះ​សម្រាប់​ទទួល​បាន​ការឧបត្ថម្ភ​ក្នុង​អំឡុង​ពេល​កូវីដ​១៩ ដោយ​មិនមាន​ភាពលម្អៀង ឬ​បក្ខពួក​។

លោក​ថ្លែងថា​៖ «​ប្រហែល​ជា​អាច​ថា មាន​ក្រុម​ការងារ​ណា​ដែល​ជួយ​ធ្វើ​កិច្ចការ​ហ្នឹង​បាន​ ឬ ក៏​ធ្វើ Random Check [​ត្រួតពិនិត្យ​ដោយ​ចៃដន្យ​] ដើម្បី​ធ្វើការ​វាយតម្លៃ​រួម​ថា តើ​មាន​ប៉ុន្មាន​ឃុំ សង្កាត់​ដែល​មាន​ការប៉ះពាល់​បែប​ហ្នឹង​»​។

យោង​តាម​សេចក្តី​បំភ្លឺ​របស់​ក្រសួង​ផែនការ​ចុះ​ថ្ងៃទី​ ១ ​កក្កដា​ឱ្យ​ដឹងថា បន្ទាប់ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​ពេល​ជំងឺ​កូវីដ​១៩​ត្រូវ​បាន​ប្រកាស​ដាក់​ដំណើរការ ក្រសួង​ផែនការ​សង្កេត​ឃើញ​មាន​ប្រជាជន​មួយចំនួន​មាន​ការប្រមូលផ្តុំ​តាមរយៈ​អ្នក​បំផុស​ឱ្យ​តវ៉ា ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌ និង​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​។

សេចក្តី​បំភ្លឺ​បញ្ជាក់ថា បន្ទាប់ពី​ចុះ​ដោះស្រាយ​ដល់​កន្លែង​តវ៉ា​នៅ​ខេត្ត​បន្ទាយមានជ័យ ប៉ៃលិន និង​ស្វាយរៀង ក្រសួង​ផែនការ​រកឃើញ​ថា គ្រួសារ​ខ្លះ​កាន់​បណ្ណសមធម៌​ហួស​សុពលភាព​។ គ្រួសារ​ភាគច្រើន​ជា​គ្រួសារ​ដែល​មាន​ជីវភាព​ប្រសើរ​។ សមាជិក​គ្រួសារ​ខ្លះ​កំពុង​រស់នៅ​ជាមួយ​គ្រួសារ​កូន​ដែល​មាន​ជីវភាព​ប្រសើរ​។ គ្រួសារ​ខ្លះ​ឮ​ការប្រកាស​របស់​រដ្ឋាភិបាល​ និង​ឃើញ​គ្រួសារ​ក្រក្រី​ទទួល​បាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ក៏​ចង់​បាន​ដូច​គេ​ដែរ​៕