ភ្នំពេញៈ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​ ៣ ​រូប​ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ក្នុង​ចំណោម​ការធ្វើ​តេស្ត​ថ្នាក់​ដឹកនាំ និង​កម្លាំង​កងរាជ​អាវុធហត្ថ​ប្រមាណ​ជិត​ ៥០០ ​នាក់ ខណៈ​ការធ្វើ​តេស្ត​មន្ត្រី​អាវុធហត្ថ ដើម្បី​រក​មេរោគ​ជំងឺ​នេះ​នៅ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ​។

ចាប់តាំងពី​ថ្ងៃទី​ ១០ ឧសភា មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំងអស់​តម្រូវឱ្យ​ធ្វើ​សំណាក រហ័ស​រក​មេរោគ​កូវីដ ​១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បន្ទាប់ពី​កងកម្លាំង​ទាំង​នោះ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​បិទខ្ទប់​ ដើម្បី​បង្ការ ការរាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ទូទាំង​ប្រទេស​ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឱ្យដឹងថា​រយៈពេល​ ៧ ​ថ្ងៃ​កន្លងមកនេះ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រមាណ​ជិត​ ៥០០ ​នាក់ ត្រូវបាន​ធ្វើតេស្ត​រួចរាល់​ដើម្បី​បញ្ជាក់ថា ពួកគេ​គ្មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩​។

ក្នុងចំណោម​អ្នកធ្វើ​តេស្ត​ទាំងនោះ បាន​រកឃើញ​មន្ត្រី​អាវុធហត្ថ​ចំនួន​ ៣ ​រូប​ មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩​។ ពួកគេ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ទោះយ៉ាងណា​មន្ត្រី​ទាំង​ ៣ ​រូប ស្ថិតក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។

លោក​បញ្ជាក់ថា​៖ «​ការធ្វើ​តេស្ត ដោយ​ឧបករណ៍​តេស្ត​រហ័ស​កន្លងមកនេះ ភាគច្រើន ពួកគាត់​មិនមាន​ឆ្លង​កូវីដ ​១៩ ​ទេ​។ ប៉ុន្តែ​យើង​ក៏បាន​រកឃើញ​ក្នុងចំណោម សមាជិក​របស់​យើង គឺ​យើង​បាន​រកឃើញ​ ៣ ​នាក់​ អ្នក​ដែលមាន​ផ្ទុក ជំងឺ​កូវីដ​ ១៩​ តាមរយៈ​ឧបករណ៍​ដែល​យើង​ធ្វើតេស្ត​រហ័ស​នេះ​»​។

លោក​បន្តថា​៖ «​អ្នក​ដែល​យើង​រកឃើញ​នេះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការចុះ​បេសកកម្ម​កន្លងទៅ​នោះទេ គឺ​ពួកគាត់​ឆ្លង​ពី​ក្រុមគ្រួសារ ព្រោះ​ពួកគាត់​មានផ្ទះ​ស្ថិតក្នុង​តំបន់​ក្រហម​។ ប៉ុន្តែ​យើង​មិនដឹង​ច្បាស់​ថា ពួកគាត់​ឆ្លង​យ៉ាងម៉េច​ទេ​។ យើង​មើលមិនឃើញ​ទេ គ្រាន់តែ​នៅពេល​ពួកគាត់​មក​ធ្វើតេស្ត គឺ​ឃើញ​វិជ្ជមាន​»​។

ក្រៅពី​អ្នកធ្វើ​តេស្ត​រួច លោក​ សៅ សុខា ក៏បាន​ឱ្យដឹង​ដែរ​ថា ការធ្វើ​តេស្ត​ចំពោះ​កងកម្លាំង​កងរាជ​អាវុធហត្ថ គឺ​នៅតែ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ ខណៈ​កងកម្លាំង​ប្រមាណ​ ១ ​ម៉ឺន​នាក់​ទៀត នឹង​បន្ត​ធ្វើតេស្ត​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​ប្រាកដថា ពួកគេ​មាន​សុវត្ថិភាព​ពី​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​យើង​នៅមាន​ចំនួន​កងកម្លាំង​យើង​ច្រើន​ទៀត ដែល​ត្រូវ​ធ្វើតេស្ត​។ ដូច្នេះ ខ្ញុំ​គ្មានអ្វី​ណែ​នាំទៅ​កងកម្លាំង​យើង ក្រៅតែពី​អនុវត្តតាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល ៣​កុំ​ និង​៣​ការពារ​និង​ចាក់វ៉ាក់សាំង​នោះទេ​។ បន្ថែម​ពីនេះ យើង​ទាំងអស់​គ្នា​ជា​កងកម្លាំង ត្រូវតែមាន​វិន័យ និង​គោរព​វិន័យ​ឱ្យបាន​ទាំងអស់គ្នា​»​។

កាលពី​ថ្ងៃ​​ ១០ ឧសភា មន្ត្រី​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានឱ្យ​ដឹងថា កងកម្លាំង​នគរបាល​អន្តរាគមន៍​ជាង​ ៨០ ​នាក់​ ជា​ក្រុម​ប្រចាំការ​នៅ​តំបន់​ក្រហម​ដែល​ជា​ទីតាំង​មាន​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ច្រើន​នោះ​បាន​រកឃើញ​ចំនួន​មន្ត្រីនគរបាល ដែល​ប្រចាំការ​ខាងលើ​នោះ មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩៕