ភ្នំពេញៈ មនុស្ស​ចំនួន​ ៦៤ ​នាក់​ថ្មី​ទៀត​ ត្រូវ​បាន​រកឃើញ​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ​ ១៩​ ដែលជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ​ដែល​សរុប​ក្នុង​ព្រឹត្តិការណ៍​នេះ អ្នក​ឆ្លង​កើនឡើង​រហូតដល់​ ៦១៣ ​នាក់ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ ១១ ​នាក់​នៅ​ថ្ងៃទី​ ៩ ខែ​ មីនា ឆ្នាំ​ ២០២១​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​ ១០ មីនា ឱ្យដឹងថា ក្នុងចំណោម​អ្នក​ដែល​ឆ្លង​ទាំង ៦៤ ​នាក់​ មាន​ជនជាតិខ្មែរ​ចំនួន​ ៣៩ ​នាក់ ជនជាតិ​ចិន​ចំនួន​ ២៣ ​នាក់ និង​ជនជាតិ​វៀតណាម​ចំនួន​ ២ ​នាក់​។ ករណី​ឆ្លង​ថ្មី​នេះ​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ព្រៃវែង កណ្តាល និង​ខេត្តសៀមរាប​។

ជាមួយ​គ្នា​នេះ​ក៏មាន​អ្នកជំងឺ​ចំនួន​ ១១ ​នាក់​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ រួមមាន​ជនជាតិ​ចិន​ ៨ ​នាក់ ជនជាតិ​វៀតណាម ២ ​នាក់ និង​ជនជាតិខ្មែរ​ម្នាក់​។ អ្នក​ទាំងនេះ​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​តេស្ត​លទ្ធផល​អវិជ្ជមាន​កូវីដ​ ១៩ ​ចំនួន​ ២ ​ដង​។

គិត​ត្រឹម​ថ្ងៃទី ​១០ ខែមីនា កម្ពុជា​មាន​អ្នកជំងឺ​កូវីដ ​១៩ សរុប​ចំនួន​ ១ ១២៤ ​នាក់ ក្នុង​នោះ​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ ៥៤៩​ នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​ ៥៧៤ ​នាក់​។

ដោយ​មើលឃើញ​នៅមាន​អ្នក​ល្មើស​នឹង​វិធានការ​ចត្តាឡីស័ក​នៅតាម​ទីតាំង​ឯកជន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានចេញ​វិធានការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​ធ្វើ​ចត្តាឡីស័ក​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ជនបរទេស​។

លោក​បាន​បញ្ជា​ឱ្យ​ប្រធាន​ក្រុម​សន្តិសុខ​ការពារ​គោលដៅ​ចត្តាឡីស័ក ក្រុមគ្រូពេទ្យ​ប្រចាំការ អាជ្ញាធរ​មូលដ្ឋាន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ស្មារតី​យកចិត្ត​ទុកដាក់​គ្រប់គ្រង ឃ្លាំមើល ណែនាំ និង​មាន​ចំណាត់ការ​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ធានា​ថា ក្រុម​បុគ្គល​ទាំងឡាយ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន ពិតជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​វិធាន​ចត្តាឡីស័ក និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

លោក​ថា​៖ «​នៅ​មាន​ក្រុមមនុស្ស​ពាក់ព័ន្ធ​មួយចំនួន​តូច​បាន​ល្មើស​នឹង​វិធាន​នេះ ដោយ​អនុវត្ត​មិនបាន​ពេញលេញ​ដូចជា​គេចវេះ​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ មិន​ស្តាប់​តាម​ការណែនាំ​របស់​មន្ត្រី​សុខាភិបាល ធ្វេសប្រហែស និង​មាន​បុគ្គល​ខ្លះ​បាន​លួច​ចេញ​មក​ខាងក្រៅ​ក្នុងអំឡុង​ពេលធ្វើ​ចត្តាឡីស័ក​ដែល​អាច​បង្ក​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​សហគមន៍ និង​សុខភាព​សាធារណៈ​ទាំងមូល​»​។

លោក​អភិបាល​បញ្ជាក់ថា បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក ឬ​បុគ្គល ដែល​គេច​ចេញ​ពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក​នឹងត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១ ​លាន​ដល់​ ៥ ​លាន​រៀល ព្រមទាំង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​។

ជាក់ស្តែង​សមត្ថកិច្ច​ក្រុងភ្នំពេញ​បាន​ឃាត់ខ្លួន​មនុស្ស​ ២ ​នាក់​ យក​មក​ធ្វើ​ចត្តាឡីស័ក​ឡើងវិញ​កាលពី​ថ្ងៃទី​ ៩ ខែមីនា បន្ទាប់ពី​ពួកគេ​បាន​ល្មើស​នឹង​ការធ្វើ​ចត្តាឡីស័ក​នៅផ្ទះ ដោយ​ធ្វើ​ដំណើរ​ទៅ​ផ្សារ​បឹងកេងកង​។

ជាមួយ​គ្នា​នេះដែរ អធិការ​ស្រុក​ល្វាឯម លោក​ កន សុខកាយ បានសម្រេច​បិទ​ភូមិ​វាលធំ ឃុំ​ពាមឧកញ៉ាអុង ជា​បណ្តោះអាសន្ន​នៅ​ព្រឹក​ថ្ងៃទី​ ១០ ខែមីនា ដែលមាន​ខ្នង​ផ្ទះ​ចំនួន​ ៣០០ ​គ្រួសារ​ ដោយ​ក្នុងភូមិ​នោះ​មាន​ផ្ទុះ​ជំងឺ​កូវីដ​១៩​។

លោក​ថា កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ហ៊ុមព័ទ្ធ​ភូមិ និង​មិន​អនុញ្ញាត​ឱ្យ​អ្នកណា​ចេញ​ក្រៅ​ឡើយ​ដោយ​ខាង​គ្រូពេទ្យ​នឹង​យក​សំណាក​ពួកគេ​ទាំងអស់​ដើម្បី​ធ្វើតេស្ត​រក​វីរុស​កូវីដ​១៩​។

ចំណែក​រដ្ឋបាល​ស្រុក​បាធាយ​នៃ​ខេត្ត​កំពង់ចាម​បាន​ជូនដំណឹង​ពី​ការរកឃើញ​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​មាន​វិជ្ជមាន​កូវីដ​ ១៩​ មក​លក់​ខោអាវ​នៅក្នុង​ផ្សារផ្អាវ​ក្នុង​ឃុំ​ផ្អាវ ស្រុក​បាធាយ កាលពី​ថ្ងៃទី​ ៥ ខែមីនា និង​បានធ្វើ​តេស្ត​ដឹង​លទ្ធផល​កាលពី​ថ្ងៃទី​ ៨ ក្នុងនោះ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​ស្ត្រី​រូបនេះ​ចំនួន​ ៣ ​នាក់​ត្រូវ​បានដាក់​ឱ្យធ្វើ​ចត្តាឡីស័ក និង​យក​សំណាក​ពិនិត្យ​ផងដែរ​។ រដ្ឋបាលខេត្ត​នេះ​ក៏បាន​អំពាវនាវ​ឱ្យ​អ្នក​ដែលមាន​ការសង្ស័យ​ប៉ះពាល់​នឹង​ស្ត្រី​រូបនេះ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​។

រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ឯណោះ​វិញ​បាន​ជូនដំណឹង​ពី​ករណី​រកឃើញ​ស្ត្រី​ម្នាក់​មាន​វីរុស​កូវីដ​ ១៩ ដែល​បានមក​លក់​សម្លៀកបំពាក់​នៅក្នុង​ផ្សារ​បាត់ដឹង​ស្រុក​ឧដុង្គ​កាលពី​ថ្ងៃទី​ ៦ មីនា​។

ករណីនេះ រដ្ឋបាល​ខេត្ត​បាន​បិទតូប​លក់ដូរ​សម្លៀកបំពាក់​ក្នុង​ផ្សារ​នេះ​ចំនួន​ ១២ ​តូប​ជា​បណ្តោះអាសន្ន ហើយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​ទៅ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​បាន​ចុះ​យក​សំណាក​អាជីវករ​ចំនួន​ ២៥ ​នាក់​ (១៧ ​នាក់​រស់នៅ​ក្នុងស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ និង​ ៨ ​នាក់ ​រស់នៅក្នុង​ខេត្តកណ្តាល​)៕