
អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ទៅធ្វើតេស្តរកកូវីដ។ ហុង មិនា
ភ្នំពេញៈ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន ៣ នាក់ទៀតក្នុងនោះក៏មានទារក ៧ ខែម្នាក់ផងដែរធ្វើឲ្យចំនួនអ្នកឆ្លងកូវីដពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាបានកើនឡើងដល់ ១៧ នាក់ក្នុងចំណោមអ្នកដែលត្រូវបានធ្វើតេស្តសរុបចំនួន ៤ ៨៦៩ នាក់ ។
តាមរបាយការណ៍ក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា ករណីថ្មីចំនួន ៣ នាក់ទៀតនេះបានរកឃើញកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលក្នុងនោះមានស្រ្តីជនជាតិខ្មែរអាយុ ៦៤ ឆ្នាំមានអាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមនដែលត្រូវជាម្តាយអ្នកជំងឺវិជ្ជមានដែលបានរកឃើញកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា។ ២ នាក់ទៀតគឺស្រ្តីជនជាតិខ្មែរអាយុ ២៥ ឆ្នាំ និងទារកអាយុ ៧ ខែ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលត្រូវជាសែស្រឡាយរបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ។ ប៉ុន្តែក៏បានព្យាបាលជាសះស្បើយ ៣ នាក់ផងដែរ។
នៅថ្ងៃទី ៣០ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ព្រឹត្តិការណ៍សហគមន៍សរុបបានចំនួន ២៦២១ នាក់ ទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តដែលពាក់ព័ន្ធ។ បើសរុបអ្នកដែលបានធ្វើតេស្តទាំង ២ ថ្ងៃ (២៩ និង ៣០ វិច្ឆិកា) មានចំនួន ៤៨៦៩ នាក់ ហើយក្នុងចំនួនទាំងនេះបានរកឃើញមានអ្នកវិជ្ជមានកូវីដ១៩សរុបទាំងអស់ចំនួន ១៧ នាក់ ចំណែកអ្នកផ្សេងទៀតគឺមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ទាំងអស់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាបន្តបន្ទាប់ថា នេះជាលើកដំបូងដែលមានការឆ្លងចូលក្នុងសហគមន៍ ហើយមកដល់ពេលនេះមិនទាន់ឃើញពីប្រភពនៃការឆ្លងកូវីដនេះចេញមកពីទីណាឡើយ។
លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល និងមានការសង្ស័យត្រូវទៅធ្វើតេស្តរកកូវីដ-១៩ និងដាក់ខ្លួនធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬកន្លែងធ្វើចត្តាឡីស័កដែលរៀបចំដោយក្រសួងសុខាភិបាល និងអាជ្ញាធរតាមបណ្តាខេត្តទូទាំងប្រទេស។
រាជរដ្ឋាភិបាលក៏បានបញ្ចេញសាច់ប្រាក់ជាង ១០០០ លានរៀលសម្រាប់ផ្តល់ជូនទៅតាម ២៥ រាជធានី-ខេត្តសម្រាប់ធ្វើការផ្តល់ជូនប្រជាពលរដ្ឋក្រីក្រដែលធ្វើចត្តាឡីស័កផងដែរ។
កាលពីម្សិលមិញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជូនដំណឹងពីការផ្តល់ថវិកាជូនទៅដល់ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កឱ្យមកទទួលយកថវិកាទាំងនេះ។ រដ្ឋបាលរាជធានីនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់នៅភ្នំពេញក្នុង ១ គ្រួសារទទួលបាន ២ ម៉ឺនរៀលក្នុង ១ ថ្ងៃរយៈពេល ១៥ ថ្ងៃដែលសរុបចំនួន ៣០ ម៉ឺនរៀល។
លោកថា៖ «ថវិកានេះ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណសម្បត្តិដូចជា អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អ្នកដែលបានទទួលការធ្វើចត្តាឡីស័ក ហើយលទ្ធផលអវិជ្ជមាន អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ និងអ្នកដែលមានជីវភាពខ្វះខាត»។
ជាមួយគ្នានេះដែរ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានស្នើឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ពិចារណា និងមានវិធានការចំពោះតំណាងរាស្រ្ត និងមន្ត្រីរាជការរដ្ឋសភាដែលពាក់ព័ន្ធនឹងលោក ឡូយ សុផាត តំណាងរាស្រ្ត ១ រូប ដែលបានជាប់ពាក់ព័ន្ធផ្ទាល់ជាមួយនឹងលោក ឆែម សាវុធ ដែលពិនិត្យឃើញមានវិជ្ជមានកូវីដ១៩។
លោកឱ្យដឹងថា៖ «ឥស្សរជន និងមន្រ្តីដែលបានប្រាស្រ័យផ្ទាល់ដែលបានហូបបាយក្នុងបន្ទប់ជាមួយគ្នា និងបានចូលរួមប្រជុំពេញអង្គរដ្ឋសភាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ និងប្រជុំត្រៀមរៀបចំប្រជុំអនឡាញជាមួយចិនក្នុងបន្ទប់ជាមួយគ្នាដែលបានជួបប្រាស្រ័យជាមួយលោក ឡូយ សុផាត»។
នៅថ្ងៃទី ២៥ ខែវិច្ឆិកា លោក ឡូយ សុផាត បានចូលរួមសម័យប្រជុំពេញអង្គរដ្ឋសភាដែលមានអ្នកចូលរួមចំនួន ១១៦ រូប និងមន្រ្តីរាជការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាលមកការពារច្បាប់មួយចំនួនទៀត។ បើតាមលោក ប៉េងឡុង ឥស្សរជន និងមន្រ្តីរាជការដែលមានហានិភ័យជាមធ្យមក្នុងការឆ្លងកូវីដ១៩មានចំនួន ៣១ នាក់ ឯមន្រ្តីដែលមានហានិភ័យទាបមានចំនួន ៣៥ នាក់។
ជាមួយគ្នានេះលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបទបញ្ជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយតម្រូវឱ្យមន្រ្តីណាដែលមានការប៉ះពាល់ផ្ទាល់ ឬប្រយោលហើយមិនទាន់បានទៅធ្វើតេស្តគឺត្រូវរូតរះទៅធ្វើតេស្តជាបន្ទាន់ ហើយមិនត្រូវដើរចេញពីផ្ទះជាដាច់ខាតក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។
លោកបានបញ្ជាឱ្យមានការផ្អាកជាបណ្តោះអាសន្ននូវការបំពេញការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃរហូតដល់មានការជូនដំណឹងជាថ្មី។ ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃត្រូវបន្តបំពេញការងារពីចម្ងាយតាមរយៈអនឡាញ។
លោក ស ខេង បញ្ជាក់ថា៖ «ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីអនុរក្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានា ដែលមានអាការក្តៅខ្លួន ក្អក ផ្តាសាយ ឬមានអាការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ទៅប្រធានហើយប្រញាប់ទៅមន្ទីរពេទ្យដែលនៅជិតខ្លួនជាបន្ទាន់»។
ស្របពេលជាមួយគ្នានេះដែរ ស្ថានអគ្គកុងស៊ុលនៃប្រទេសកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាមបានប្រកាសដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬទឹកលាងដៃប្រឆាំងមេរោគឱ្យបានញឹកញាប់ រក្សាគម្លាត ពិសេសគឺអនុវត្តតាមវិធានសុខាភិបាល។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយពីករណីឆ្លងជំងឺកូវីដ១៩ក្នងសហគមន៍នៅទីក្រុងហូជីមិញ។
យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ១ ធ្នូ ឆ្នាំ ២០២០ ប្រទេសកម្ពុជាមានអ្នកមានវីរុសកូរ៉ូណាចំនួន ៣២៦ នាក់ (ស្រ្តី ៧៣ នាក់) ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០៤ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែមានចំនួន ២២ នាក់៕