ភ្នំពេញៈ បុរស​ជនជាតិ​ខ្មែរ​ចំនួន​ ២ ​នាក់​ទៀត​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ក្រោយពី​ពួកគេ​ត្រឡប់​មកពី​ប្រទេស​ជប៉ុន​។ លទ្ធផល​នេះ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ រហូត​ដល់​ ២៩០ ​នាក់ ប៉ុន្តែ​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ ២៨៣ ​នាក់​។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ពីថ្ងៃ​ម្សិលមិញ​បានឱ្យ​ដឹងថា បុរស​ជនជាតិខ្មែរ​ចំនួន​ ២ ​នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ គឺ​ម្នាក់​មាន​អាយុ​ ៣៤ ​ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​តាស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្តាល និង​បុរស​ម្នាក់ទៀត​អាយុ​ ២៣ ​ឆ្នាំ​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

ក្រសួង​បញ្ជាក់ថា​៖ «​បុរស​ទាំង​ ២ ​នាក់​នេះ​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ២៦ ខែតុលា ឆ្នាំ​ ២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ពួកគាត់​គឺ វិជ្ជមាន​វីរុស​កូវីដ​១៩​ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ អ្នកជំងឺ​ទាំង ២ ​នាក់​នេះ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​»​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នោះ​គឺ​អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ទាំង​ ២ ​នាក់​សរុប​មាន​ចំនួន​ ៣៩ ​នាក់​ក្នុង​នោះ​ស្រី​ ៧ ​នាក់​។ មកដល់​ពេលនេះ អ្នក​ដំណើរ​ចំនួន​ ៣៧ ​នាក់​ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវីដ​១៩​នោះ​ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​នៅ​វិទ្យាល័យ​ពោធិ៍ចិនតុង​ចំនួន​ ១១ ​នាក់​។ រីឯ​អ្នកផ្សេង​ទៀត​ត្រូវ​បានដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​នៅក្នុង​សណ្ឋាគារ​ក្នុង​រាជធានី​ភ្នំពេញ​។

របាយការណ៍​របស់​ក្រសួង​លើកឡើង​ថា គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែតុលា កម្ពុជា​មាន​អ្នកមាន​ជំងឺ​កូវីដ​១៩​សរុប​ចំនួន​ ២៩០ ​នាក់ ស្រី​ ៥៩ ​នាក់ និង​ប្រុស​ ២៣១ ​នាក់​។ ប៉ុន្តែ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស​មាន​ ២៨៣ ​នាក់​ស្មើ​នឹង​ ៩៧,៥៩% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូវីដ​១៩​ទាំងអស់​។ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​មាន​ចំនួន​ ៧ ​នាក់​ក្នុង​នោះ​មាន​បុរស​ជនជាតិខ្មែរ​ ៣ ​នាក់ ស្ត្រីជាតិ​ខ្មែរ​ម្នាក់ បុរស​ជនជាតិ​ប៉ូឡូញ​ម្នាក់ បុរស​បារាំង​ម្នាក់ និង​ស្ត្រីជាតិ​បារាំង​ម្នាក់​។

ករណី​ក្មេង​អាយុ​ ៣ ​ឆ្នាំ​ដែល​ឪពុកម្តាយ​របស់គាត់​ជា​ជនជាតិ​ខ្មែរ និង​បាន​ឆ្លង​វីរុស​កូវីដ​១៩​នេះ​កាលពី​ថ្ងៃទី​ ១៩ ខែតុលា នោះ​ត្រូវ​បាន​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បញ្ជាក់​ពី​ម្សិលមិញ​ថា ក្មេង​នោះ​នៅតែ​ធ្វើតេស្ត​អវិជ្ជមាន​ដដែល ខណៈ​ដែល​គាត់​នៅក្រោម​ការមើលថែ​ពី​ឪពុកម្តាយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។

កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ ៧៣ ​នាក់​ដែល​បានធ្វើ​មាតុភូមិ​និវត្តន៍​មក​ប្រទេស​វិញ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង​កាលពី​ថ្ងៃទី​ ២៧ តុលា ត្រូវ​បាន​មន្ត្រី​សុខាភិបាល​យក​សំណាក និង​បញ្ជូនមក​ធ្វើ​ចត្តាឡីស័ក តាម​វិធាន​សុខាភិបាល​រយៈពេល​ ១៤ ​ថ្ងៃ​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន កងកម្លាំង​រក្សា​សន្តិភាព ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

លោក​ អោក សៀង អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត មីន​ និង​កាកសំណល់​សង្គ្រាម​ថ្លែង​ក្នុង​ពេល​ទទួល​ស្វាគមន៍​កងកម្លាំង កម្ពុជា​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពី​ថ្ងៃ​ទី​ ២៧ តុលា ថា ការបញ្ជូន​កងរាជអាវុធហត្ថ​ទៅធ្វើ​ចត្តាឡីស័ក​តាម​វិធាន​សុខាភិបាល ដើម្បី​ស្វែងរក​ជំងឺ​កូវីដ​១៩ បើទោះ​ជា​កងទ័ព​ទាំងនេះ​បាន​ធ្វើ​តេស្ត​នៅ​ប្រទេស​ដែល​កំពុងមាន​បេសកកម្ម​រក​មិនឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ក៏ដោយ​។ នេះ​ជា​ការយក​ចិត្តទុកដាក់​ធំធេង​ចំពោះ​សុខភាព​ពី​សំណាក់​ថ្នាក់ដឹកនាំ​។

ចាប់តាំងពី​ឆ្នាំ​ ២០០៦ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ៧ ១២៣ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ជិត​ ៤០០ ​នាក់​ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​។ រហូតដល់​ពេលនេះ​កម្ពុជា​មាន​កងកម្លាំង​ ៥ ​កង សរុប​ចំនួន​ ៧៨៧ ​នាក់ កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​នោះ​មាន​លីបង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។ កម្លាំង​មួក​ខៀវ​ទាំងនេះ​ធ្វើឱ្យ​កម្ពុជា​ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើន​ជាងគេ​លំដាប់​ទី​ ២ ​ក្នុង​តំបន់​អាស៊ាន​៕