ភ្នំពេញៈ ក្រុម​ការពារ​សម្បុក​ក្នុង​សហគមន៍ និង​មន្ត្រី​ជំនាញ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ (WCS) ​រកឃើញ​សម្បុក​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ៤៩ ដែលមាន​ ១ ៧៥៦ ​ពង​ក្នុង​រដូវ​ពងកូន​ឆ្នាំ​នេះ​ដែល​ជា​ចំនួន​កើន​លើស​ឆ្នាំមុន​ចំនួន​ ២ ​សម្បុក​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ខាងលើ​ក្នុង​ឱកាស​ទិវា​អណ្ដើក​ពិភពលោក​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ WCS ចុះ​ថ្ងៃទី​ ២៣ ឧសភា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ម្សិលមិញ​ឲ្យ​ដឹងថា ក្នុង​រដូវ​ពង​កូន​ឆ្នាំនេះ ក្រុម​ការពារ​សម្បុក​នៅ​សហគមន៍​បាន​រកឃើញ​សម្បុក​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ៤៩ ​សម្បុក ដែល​មាន​ ១ ៧៥៦ ​ពង​។ ទោះបី​ជា​ចំនួន​នេះ​កើន​លើស​ឆ្នាំ​ ២០១៩ ​តែ​ ២ ​សម្បុក​ក៏ដោយ ប៉ុន្តែ​បើ​គិត​ជា​ចំនួន​ពង​សរុប​ប្រចាំឆ្នាំ​គឺ​មាន​ការកើនឡើង បើ​ធៀប​នឹង​ ៣ ​ឆ្នាំ​កន្លង​មក​។

សេចក្តីប្រកាស​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​ ២២ ឧសភា ឆ្នាំ​ ២០២០ មាន​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​ ៨២៤​ កូន​បាន​ញាស់​ចេញពី​សម្បុក​ចំនួន​ ៤១ ​សម្បុក​។ ក្នុង​នោះ​កូន​កន្ធាយ​ចំនួន​ ៦៥៧​ ក្បាល​ត្រូវ​បាន​លែង​ចូល​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។ ចំណែក​កូន​កន្ធាយ​ដែល​នៅសល់ ក្រុមការងារ​កំពុង​មើលថែទាំ និង​គ្រោង​លែង​ចូលក្នុង​ទីជម្រក​ធម្មជាតិ​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​ កែន សេរីរដ្ឋា នាយក​អង្គការ WCS ថ្លែង​ពី​ម្សិលមិញ​ថា ដោយមាន​ការគាំទ្រ​ជា​បន្តបន្ទាប់​ពី​ម្ចាស់ជំនួយ​នានា និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ពី​រដ្ឋបាល​ជលផល​កម្ពុជា ព្រមទាំង​មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​របស់​បុគ្គលិក​នៅ​ទីវាល​នោះ WCS និង​ក្រុម​ការពារ​សម្បុក​នៅតាម​សហគមន៍ WCS សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការអនុវត្ត​គម្រោង​របស់​ខ្លួន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​។

លោក​ថា​៖ «​កំណើន​នៃ​សម្បុក​ និង​ពងកន្ធាយ​បាន​ជំរុញ និង​លើក​ទឹកចិត្ត​យើង​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប ដែល​កំពុង​ទទួលរង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នេះ​»​។

លោក​ អ៊ុក វិបុល ​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល សាទរ​ចំពោះ​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន សហគមន៍ ប្រជាពលរដ្ឋ​។ ​ជាពិសេស​បុគ្គលិក WCS ដែល​បាននិង​កំពុង​ស្តារ​ប្រភេទ​កន្ធាយ​ដែល​កំពុង​រងគ្រោះថ្នាក់​នេះ​ឲ្យ​មាន​វត្តមាន​ក្នុង​ដែនទឹក​ធម្មជាតិ​នេះ​ឡើងវិញ​។

លោក​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ចការ​ស្តារ​ប្រភេទ​កន្ធាយ​នេះ និង​ក្រើនរំឭក​ដល់​ជនល្មើស​មួយ​ចំនួន​ដែល​នៅ​បន្ត​ជួញដូរ​ប្រភេទ សត្វ​នេះ​នឹង​ត្រូវ​ទទួលទោស​ចំពោះ​មុខ​ច្បាប់​ជាក់​ជាមិនខាន​។

អង្គការ WCS បាន​ដកស្រង់​សម្តី​លោកស្រី​ Sonja Luz នាយក​ផ្នែក​អភិរក្ស ស្រាវជ្រាវ និង​សេវា​ពេទ្យសត្វ​នៃ​សួនសត្វ​​សាំងហ្គាពួរ​ (Wildlife Reserves Singapore) ​ឲ្យ​ដឹងថា​៖ «​ក្នុងនាម​ជា​អង្គ​ការធ្វើការងារ​ផ្នែក​អភិរក្ស​សត្វព្រៃ ក្រៅពី​ការមើល​ថែទាំ​សត្វព្រៃ​នៅក្នុង​សួនសត្វ​ព្រៃរបស់​យើង យើង​ក៏​នៅមាន​ភារកិច្ច និង​ការទទួល​ខុសត្រូវ​ជាច្រើន​ទៀត​ក្នុង​ការការពារ​ប្រភេទ​សត្វ​នានា​ដែល​កំពុង​ទទួលរង​ការ​គំរាម​កំហែង​នៅក្នុង​ធម្មជាតិ​»​។

លោកស្រី​បន្តថា សួនសត្វ​ព្រៃ​សាំងហ្គាពួរ​ (WRS) ​មាន​សេចក្តី​រីករាយ​ដោយ​អាចបំពេញ​តួនាទី​របស់ខ្លួន​ដើម្បី​គាំទ្រ​ដល់​ការងារ​អភិរក្ស​របស់​ដៃគូ​នានា​នៅក្នុង​តំបន់​ដូចជា​អង្គការ WCS ប្រចាំ​កម្ពុជា​ក្នុង​ការធានា​ឱ្យ​មាន​កំណើន​ឡើងវិញ​នៃ​ប្រភេទ​កន្ធាយ​ក្បាល​កង្កែប​នៅក្នុង​ទីជម្រក​ធម្មជាតិ​។

តាម​សេចក្តីប្រកាស​របស់ WCS បញ្ជាក់​ថា​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច​ជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​។ វា​នៅមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ក្នុងប្រទេស​ឡាវ និង​ប្រទេស​មួយ​ចំនួន​ទៀត​៕