ព្រះសីហនុៈ សាកសព​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់ ដែល​បាន​បាត់​ខ្លួន​ដោយសារ​លិច​ទូក​កាលពី​ថ្ងៃទី​ ២២ ​កុម្ភៈ​ នៅក្បែរ​កោះរ៉ុង​សន្លឹម​ក្នុង​ភូមិ-សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​ត្រូវបាន​ក្រុមការងារ​របស់លោក​ឧកញ៉ា ទៀ វិចិត្រ រកឃើញ​កាលពី​ម្សិលមិញ​នៅ​ខាងក្រៅ​ពយ​ភ្លើង​សញ្ញា ក្រោយ​កោះរ៉ុង​សន្លឹម ។

លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា សាកសព​បុរស​ម្នាក់​នោះ​ឈ្មោះ អ៊ុន ម៉ៅ មាន​ស្រុកកំណើត​នៅ​ភូមិ​ពង្រ ឃុំ​រាមអណ្តើក ស្រុក គិរីវង់ ខេត្តតាកែវ ។ ​ជនរងគ្រោះ​ត្រូវបាន​រកឃើញ​នៅ​ក្រៅ​ពយភ្លើង​សញ្ញា​ស្ថិត​នៅ​ចំណុច LAT10.32 LONG 103.16 នៅ​មិន​​ឆ្ងាយ​ប៉ុន្មាន​ពី​ខាងក្រោយ​កោះ​រ៉ុង​សន្លឹម​ទេ​។ ​សាកសព​ជនរងគ្រោះ​ត្រូវបាន​រកឃើញ​នៅ​ម៉ោង​ ១២ និង​ ៣៤ ​នាទី​រសៀល​ថ្ងៃទី​ ២៤ កុម្ភៈ ឆ្នាំ​ ២០២០ ។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមការងារ​ខ្ញុំ​រកឃើញ​សព ហើយ​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ឧបទ្ទវហេតុ​នេះ​»​។

ពាក់ព័ន្ធ​បញ្ហា​នេះដែរ​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​កាលពី​ថ្ងៃទី​ ២៣ ​កុម្ភៈ​ ថា ទូក​ ១ ​គ្រឿង​ ដែល​លិច​នោះ​ជា​ប្រភេទ​ទូក​កន្ទុយវែង និង​មាន​ដឹក​សម្ភារ​សំណង់​ដូចជា ដែក​ប្រហែល​មាន​ទម្ងន់​ពី​ ១ ​តោន​ទៅ​ ២ ​តោន រួម​នឹង​មនុស្ស​ចំនួន​ ៧ ​នាក់​ផង ប៉ុន្តែ​ក្រោយ​លិច​បាន​បាត់​ខ្លួន​ ២ ​នាក់ ខណៈ​ ៥ ​នាក់ ​ត្រូវបាន​សង្គ្រោះ​។ ​រីឯ​មូលហេតុ​គឺ​ដោយសារ​ដឹក​ធ្ងន់​ហើយ​​មាន​រលក​ធំៗ និង​មាន​ខ្យល់​​ខ្លាំង​ផង​។

លោក​ប្រាប់ថា​៖ «​កន្លែង​នោះ​ចំ​ខ្សែទឹក​ហូរ​ខ្លាំង​នៅ​ម្តុំ​កោះថាស​រវាង​កោះរ៉ុង​សន្លឹម និង​ផុតពី​កោះ​ដែកគោល​បន្តិច​។ ​អ៊ីចឹង​វា​ស្ថិត​នៅ​លម្ហ​ដែល​មាន​ទឹក​ហូរ​ខ្លាំង​»​។

បើ​តាម​លោក ណារិន្ទ ហេតុការណ៍​គ្រោះថ្នាក់​លិច​ទូក​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៧ ​ព្រឹក​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ​ ២០២០​។ ចំណែក​ជនរងគ្រោះ​ដែល​សង្គ្រោះ​បាន​រួមមាន​ទី​១- ​ឈ្មោះ ទន ភក្តី ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ជ្រោយឫស្សី ស្រុក​ស្អាង ខេត្ត​កណ្តាល ទី​២- ​ឈ្មោះ ថា ភារិត ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ជ្រោយឫស្សី ស្រុក​ស្អាង ខេត្ត​កណ្តាល ទី​៣- ឈ្មោះ សឹង រដ្ឋា ភេទ​ប្រុស អាយុ ២៧ ​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​ ទី​៤- ​ឈ្មោះ រ៉ា រ៉ាន់ ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ ​មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល​។ អ្នក​ទាំង​ ៤ ​នាក់​នោះ​ ជាងផ្សារដែក និង​ទី​៥- ​ឈ្មោះ​ ខឹម ហូវ ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ​ (​ជា​ម្ចាស់​ទូក​ឈើ​ដែល​លិច​) រស់នៅ​ក្រុមទី​ ៣ ភូមិ-សង្កាត់​លេខ​ ៣ ក្រុង-ខេត្ត​ព្រះសីហនុ​។

ដោយឡែក​ជនរងគ្រោះ​ដែល​បាត់​ខ្លួន ទី​១- ឈ្មោះ​ ស៊ន ដំ ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ ជា​ជាងផ្សារដែក​មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល និង​ទី​២- ​ឈ្មោះ អ៊ុន ម៉ៅ ភេទ​ប្រុស អាយុ​ ៣៨ ​ឆ្នាំ​ (​ទើប​រកឃើញ​) ​មុខរបរ​ (​ជា​កូនដៃ​ទូក​) មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ពង្រ ឃុំ រាម​អណ្តើក ស្រុក​គិរីវង់ ខេត្ត​តាកែវ ប៉ុន្តែ​មក​រស់នៅក្នុង​ក្រុម​ ៣ ភូមិ-សង្កាត់ ៣ ក្រុង-ខេត្ត​ព្រះសីហនុ​៕