ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា មាន​អ្នក​ជាប់ឃុំ​ចំនួន ១៨ នាក់ ​ដែល​កំពុង​ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ (​ពន្ធនាគារ​ព្រៃស​) ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩ ខណៈ​ក្រុមគ្រូពេទ្យ កំពុង​បន្ត​យក​សំណាក​អ្នក​ជាប់ឃុំ​ដទៃទៀត​។

លិខិត​មួយច្បាប់​របស់​ប្រធាន​ពន្ធនាគារ​ព្រៃស​នៃ​អគ្គនាយក​ពន្ធនាគារ​ផ្ញើជូន​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២០ ឧសភា ​បាន​ឲ្យ​ដឹងថា ដោយសារ​តែ​នៅពេលនេះ មណ្ឌល​អប់រំ កែប្រែ​ទី​១ មាន​ជន​ជាប់ឃុំ​ចំនួន ១៨ ​នាក់​ បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ​ អគ្គនាយក​ពន្ធនាគារ ស្នើសុំ​ផ្អាក​នាំ​ជន​ជាប់ឃុំ​ទៅ​ជំនុំជម្រះ និង​សាកសួរ​នៅ​សាលាដំបូង​រាជធានី ភ្នំពេញ​មួយរយៈ ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ២០ ឧសភា​នេះ​តទៅ​។

លិខិត​បានឱ្យដឹង​ទៀតថា​៖ «​បច្ចុប្បន្ននេះ មណ្ឌល​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយ​កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង ប្រយោល ដើម្បី​យក​សំណាក​ ពិនិត្យ ធ្វើតេស្ត រក​ជំងឺ​កូវីដ​ ១៩​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅថ្ងៃនេះ​ថា មកដល់​ពេល​នេះ​អ្នកពាក់ព័ន្ធ​មួយចំនួន ត្រូវ​បាន​យក​សំណាក​ជា​បន្តបន្ទាប់ ខណៈ​តួលេខ​បឋម​នៅ​មិនទាន់​មាន​អ្នក​ឆ្លង​ថ្មី​បន្ថែមទៀត​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​អ្នក​ឆ្លង​នេះ គឺ​មាន​តែ​ ១៨ នាក់​នេះ​ទេ យើង​បានដាក់​គាត់​ដោយឡែក​សិន​។ យើង​កំពុង​ធ្វើ​សំណាក​អ្នកពាក់ព័ន្ធ​បន្តបន្ទាប់​។ អគ្គនាយកដ្ឋាន​យើង​កំពុង​ស្រាវជ្រាវ រក​ប្រភព​ចម្លង ព្រោះ​តែ​អ្នក​ដែល​រកឃើញ​វិជ្ជមាន គឺ​ពួកគាត់​នៅក្នុង​ពន្ធនាគារ​នេះ​យូរហើយ​»​។

កាលពី​ថ្ងៃទី​ ៨ ខែឧសភា អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ចំនួន ៣៤ នាក់ ​ក៏​ត្រូវ​បាន​រកឃើញ​មាន​វិជ្ជមាន​កូវីដ ១៩ ផងដែរ​ បន្ទាប់ពី​យក​សំណាក​ទៅ​វិភាគ​៕