
គម្រោងមន្ទីរពិសោធន៍តេស្តរកជំងឺកូវីដ នៅខេត្តព្រះសីហនុដែលចិនជួយជាបរិក្ខារសម្រាប់បម្រើការ។ រូប ស្ថានទូតចិន
ភ្នំពេញៈ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ បន្ថែមចំនួន ៦៥ នាក់ទៀត កាលពីថ្ងៃទី ២៤ កុម្ភៈ ដោយក្នុងនោះករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ៥៨ នាក់ ហើយគិតចាប់ពីព្រឹត្តិការណ៍សហគមន៍នោះមកដល់ថ្ងៃខាងលើ គឺមានអ្នកឆ្លងក្នុងសហគមន៍កើនឡើងសរុបចំនួន ១៩៤ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលពីម្សិលមិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឱ្យដឹងថា ករណីថ្មីដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី ២៤ កុម្ភៈ ដែលមានចំនួន ៥៨ នាក់នេះមានភាគច្រើន ជនជាតិចិន។ ក្នុងនោះជនជាតិវៀតណាមចំនួន ៩ នាក់ ខ្មែរចំនួន ៥ នាក់ កូរ៉េ ១ នាក់ សិង្ហបុរី ១ នាក់ និងជនជាតិជប៉ុន ១ នាក់។ អ្នកជំងឺទាំងអស់នេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលសាលារាជធានីភ្នំពេញបានយកកន្លែងនោះដាក់ព្យាបាលអ្នកជំងឺកូវីដ ១៩។
ក្រសួងសុខាភិបាលបានបន្តថា សម្រាប់អ្នកជំងឺជាជនជាតិចិនចំនួន ៦ នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជាបានធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២១ ដោយសារពួកគេមានបំណងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ប៉ុន្តែលទ្ធផលរបស់ពួកគេមានវិជ្ជមានកូវីដ ១៩។ អ្នកជំងឺទាំង ៦ នាក់នេះស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំណែកអ្នកជំងឺម្នាក់ទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស គឺជាជនជាតិខ្មែរ ដែលបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN) ស្នាក់នៅស្រុកកូនមុំ ខេត្តរតនគិរី។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលឱ្យដឹងពីម្សិលមិញថា ករណីវិជ្ជមានកូវីដចំនួន ៦ នាក់នៅខេត្តព្រះសីហនុ ក្រសួងមិនទាន់មានការស្រាវជ្រាវរកឃើញ ថាតើពួកគេមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឬយ៉ាងណាទេ។
លោកស្រីថ្លែងថា៖ «ពួកគាត់ជាអ្នកដំណើរ ទោះបីជាពួកគាត់បានរួចផុតពីការធ្វើចត្តាឡីស័ក ហើយគាត់នៅលេងក្នុងប្រទេសយើងមែនតែពួកគាត់នៅតែជាអ្នកដំណើរ»។
លោកស្រីបន្ថែមថា៖ «យើងមិនទាន់មានការរកឃើញណាមួយថា ពួកគាត់មានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈទេ ទើបបានជាយើងមិនដាក់បញ្ចូលពួកគាត់ក្នុងព្រឹត្តិការណ៍សហគមន៍នេះ»។ នៅពេលដែលក្រសួងស្រាវជ្រាវ និងរកឃើញថា ពួកគេមានការពាក់ព័ន្ធយ៉ាងណាទៀតនោះ ក្រសួងនឹងពិនិត្យទៅតាមលក្ខណៈបច្ចេកទេសជាបន្តទៀត។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ពីមនុស្សចំនួន ១៥ ដែលបានមកធ្វើតេស្ត ហើយចេញលទ្ធផលពួកគេមានវិជ្ជមានកូវីដ ១៩ ទាំងអស់ កាលពីថ្ងៃទី ២៤ កុម្ភៈ។ ក្រុមការងារក៏បានរកឃើញពួកគេក្នុងចំណោមនោះចំនួន ១២ នាក់ ដោយទទួលយកមកដាក់ព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋរួចរាល់ហើយ លើកលែងតែអ្នកជំងឺចំនួន ៣ នាក់ទៀតដែលក្រុមការងារកំពុងតាមរក។
ទន្ទឹមនឹងនេះដែរ កាលពីយប់ថ្ងៃទី ២៤ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងមន្ត្រីពាក់ព័ន្ធមួយចំនួនបានចុះពិនិត្យ និងសម្រេចដាក់មណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ខណៈដែលមន្ទីរពេទ្យនៅតាមទីតាំងផ្សេងទៀតបានពេញអស់។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា មណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញដែលយកធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ ១៩ នេះអាចដាក់អ្នកជំងឺបានចំនួន ៥០០ គ្រែ។ មណ្ឌលនោះមានទីតាំងធំទូលាយមានបន្ទប់គ្រូពេទ្យ សម្រាប់ត្រៀមព្យាបាលអ្នកជំងឺគ្រប់គ្រាន់ ហើយដែលបានចាប់ផ្ដើមដាក់អ្នកជំងឺពីយប់ថ្ងៃទី ២៤ កុម្ភៈ តទៅ។
សម្រាប់ក្នុងរាជធានីភ្នំពេញ មន្ទីរពេទ្យដែលបានដាក់ព្យាបាលអ្នកជំងឺកូវីដ ១៩ មានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមន្ទីរព្យាបាលជំងឺកូវីដ ១៩ព្រែកព្នៅ ដែលបានប្រែក្លាយពីមណ្ឌលចត្តាឡីស័ក។
រដ្ឋបាលរាជធានីភ្នំពេញបានបន្តរកឃើញទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានដល់ចំនួន ៧៥ ទីតាំង និងបានប្រកាសឱ្យប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងកន្លែងទាំងនេះមកធ្វើតេស្តរកវីរុសកូវីដ ១៩ ផងដែរ។
គិតត្រឹមថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៦៩៧ នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៧៧ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ២១៧ នាក់។
ដោយឡែក ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បញ្ជាក់ពីម្សិលមិញថា ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារបច្ចេកទេសជូនដល់មន្ទីរពិសោធន៍តេស្ដសំណាករកជំងឺកូវីដ ១៩ នៅខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះ មន្ទីរពិសោធន៍តេស្ដសំណាករកវីរុសកូវីដ ១៩ ត្រូវបានសាងសង់យ៉ាងរលូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បើតាមស្ថានទូតចិន មន្ទីរពិសោធន៍តេស្ដសំណាករកវីរុសកូវីដ ១៩ នេះរំពឹងថា នឹងអាចបញ្ចប់នៅចុងខែមីនាខាងមុខនេះ។ ស្ថានទូតចិនឱ្យដឹងថា៖ «ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារតេស្តពិសោធដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍នេះ ព្រមទាំងផ្តល់ការដំឡើង រៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកផងដែរ»។
ប្រភពដដែលថា មន្ទីរពិសោធន៍នេះនឹងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបានរហូតដល់ ១ ០០០ តេស្ត ក្នុង ១ ថ្ងៃ និងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកវីរុសកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា៕