ប៉ៃលិនៈ មនុស្សចំនួន ១០ នាក់ ក្នុងចំណោម ៦៨ នាក់ ដែលជាអ្នកបើកបរ រថយន្ត អ្នកជិះម៉ូតូ ទាំងអ្នកឌុប និងអ្នករួមដំណើរជាមួយដែលមានផ្ទុកនូវសារធាតុញៀនត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការអប់រំ និងឲ្យគ្រួសារធានាយកទៅមណ្ឌលបន្សាបគ្រឿងញៀន បន្ទាប់ពីសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនកាលពីថ្ងៃទី ១៥ កុម្ភៈ។
លោកវរសេនីយ៍ទោ គិត ធីរ៉ា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិនបានប្រាប់ពីម្សិលមិញថា មានមនុស្សប្រុសចំនួន ១០ នាក់ ត្រូវបានសមត្ថកិច្ច រកឃើញមានផ្ទុកសារធាតុញៀនដែលការរកឃើញនេះបន្ទាប់ពីសមត្ថកិច្ចអនុវត្តផែនការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ជាពិសេស អនុវត្តនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
លោកបញ្ជាក់ថា ចំពោះអ្នកទាំង ១០ នាក់នោះ សមត្ថកិច្ចរបស់លោកបានប្រគល់ទៅឲ្យអាណាព្យាបាល និងគ្រួសារពួកគេអស់ហើយ ក្រោយពីតម្រូវឲ្យក្រុមគ្រួសារពួកគេធានា និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់គ្រឿងញៀនតទៅទៀត។
លោកបន្តថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវក្នុងក្រុងប៉ៃលិននេះបានអនុវត្តក្នុង ១ សប្តាហ៍ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យម្តងជួនកាល ១ សប្តាហ៍ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ២ ដងជាប្រចាំ។ ការអនុវត្តបែបនេះគឺដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ៃលិន ពិសេសធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនទាំងមូលតែម្តង។
លោកប្រាប់ថា៖ «ពួកគេត្រូវឪពុកម្តាយមកសុំធានាយកទៅអប់រំកែប្រែ យកទៅមណ្ឌលខ្លួនឯង។ តាមពិតទៅគ្នាជាអ្នករងគ្រោះដោយគ្រឿងញៀនដែរទេ»។
មន្ត្រីនគរបាលរូបនេះឲ្យដឹងថា ប្រតិបត្តិការនេះសមត្ថកិច្ចខេត្តប៉ៃលិនក៏ចង់ពញ្ញាក់ស្មារតីដល់អ្នកបើកបរដែលមានការប្រើប្រាស់គ្រឿងញៀន។ ព្រោះបើបើកបរមានផ្ទុកសារធាតុញៀនបែបនេះធ្វើឲ្យអ្នកបើកបរយានយន្តទាំងនោះមានការភ្លើតភ្លើន និងបង្កគ្រោះថ្នាក់ដល់អ្នករួមដំណើរលើដងផ្លូវផង។
ដោយឡែកលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ប្រាប់ពីម្សិលមិញដែរថា ការងារនេះសមត្ថកិច្ចបានអនុវត្តជាប្រចាំ ហើយនៅយប់ថ្ងៃទី ១៥ កុម្ភៈ នោះមានកម្លាំងចំនួន ៣១ នាក់។ ក្នុងនោះសមត្ថកិច្ចបានហៅមនុស្សចំនួន ៦៨ នាក់ ដើម្បីឆែកឆេររកអាវុធជាតិផ្ទុះ ប៉ុន្តែរកឃើញមនុស្ស ១០ នាក់ ដែលមានផ្ទុកសារធាតុញៀន។ ចំពោះអ្នកទាំង ១០ នាក់នោះ មានអាយុចន្លោះពី ១៩ ដល់ ៣៤ ឆ្នាំហើយជាអ្នករស់នៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តសៀមរាប។ ក្នុងចំណោមអ្នកទាំង ១០ នាក់ មានម្នាក់ជាអ្នកបើករថយន្តប្រភេទក្រឡុកស៊ីម៉ងត៍។
លោក យ៉ែមសារិទ្ធ បញ្ជាក់ថា ជាគោលការណ៍ចំពោះអ្នកបើកបរម៉ូតូ និងរថយន្តដែលមានផ្ទុកសារធាតុញៀនសមត្ថកិច្ចត្រូវតែដកហូតយកបណ្ណបើកបររក្សាទុក។ ប៉ុន្តែមនុស្សទាំង ១០ នាក់ដែលមានផ្ទុកសារធាតុញៀនក្នុងទឹកនោមមានជនខ្លះគ្មានបណ្ណបើកបរម៉ូតូ។ ដូច្នេះលោកគ្រាន់តែធ្វើការអប់រំ និងជំរុញឲ្យពួកគេទៅធ្វើបណ្ណបើកបរម៉ូតូ ក្រោយពីប្រគល់ពួកគេទៅឲ្យអាណាព្យាបាល និងក្រុមគ្រួសារកាលពីថ្ងៃទី ១៦ កុម្ភៈ។
លោកបន្តថា ចំពោះបុរសអ្នកបើករថយន្តម្នាក់ឈ្មោះ វ័ល្ល ញ៉ា អាយុ ២១ ឆ្នាំរស់នៅភូមិលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបមានផ្ទុកសារធាតុញៀន និងបានដកហូតរថយន្ត ១ គ្រឿង ម៉ាក សានែល ប្រភេទក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខប៉ៃលិន 3A-9999 ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយ។ សមត្ថកិច្ចបានដកហូតបណ្ណបើកបររថយន្តប្រគល់ឲ្យខាងនគរបាលចរាចរណ៍ខេត្តប៉ៃលិនយកទៅរក្សាទុករយៈពេល ៦ ខែទើបប្រគល់ឲ្យសាមីខ្លួនវិញ។ នេះជាគោលការណ៍ដើម្បីឲ្យជននោះមានការកែប្រែខ្លួន និងមានការរាងចាលផង៕