កំពង់ស្ពឺៈ សមត្ថកិច្ច​នគរបាលខេត្ត​កំពង់ស្ពឺ​បាន​រកឃើញ​អ្នក​បើកបរ​រថយន្ត​ធុន​ធំ ៦ នាក់​មាន​ផ្ទុក​សារធាតុ​ញៀន​បន្ទាប់​ពី​បើក​ប្រតិបត្តិការ​ធ្វើ​តេស្ត​ទឹក​នោម​លើ​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​និង​រថយន្ត​យីឌុប ២៨ នាក់ កាល​ពី​ថ្ងៃទី ១ ខែ​មេសា ហើយ​ត្រូវបាន​នគរបាល​យក​ទៅ​អប់រំ​និង​បញ្ឈប់​មិន​ឲ្យ​បើកបរ​តទៅ​ទៀត។

លោក សម សាមួន ស្នងការនគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រុម​នគរបាល​ជំនាញ​របស់​លោក​តែង​ចុះ​ធ្វើ​តេស្ដ​ទឹក​នោម​លើ​អ្នក​បើកបរ​រថយន្ត​ជា​រឿយៗ​ដែល​សកម្មភាព​បែប​នេះ​ត្រូវ

បាន​អនុវត្ត​ឡើង​តាំង​ពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ។ ប៉ុន្តែ​លោក​ថា ការចុះ​ធ្វើ​តេស្ដ​ទឹកនោម​កាល​ពី​ថ្ងៃ ១ ខែ​មេសា​គឺជា​ប្រតិបត្តិ​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ។

លោក​បាន​បញ្ជាក់ថា៖ «យើងឆ្មក់​ធ្វើ យើង​មិនមែន​ធ្វើ​រាល់ថ្ងៃ​ទេ យូរៗធ្វើ​ម្ដង យូរៗ​យើង​ធ្វើ​ម្ដង វា​ជា​វិធានការ​រដ្ឋបាល។ យើង​ធ្វើ​ដូច​ភ្លៀង​រលឹម ហើយ​ប្រហែល​ជា​ខែ​ក្រោយ​យើង​ធ្វើ​ទៀត​ហើយ​ដើម្បី​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ជា​គោល​ការណ៍ កាល​ណា​យើង​ពិនិត្យ​ឃើញ (អ្នក​បើកបរ​ផ្ទុក​សារធាតុ​ញៀន) យើង​ឈប់​ឱ្យ​បើក​ហ្មង»។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ ១ មេសា​ថាក្នុង​វិធាន​ការ​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​និង​ពិនិត្យ​ធ្វើ​តេស្ដ​ទឹកនោម​លើ​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​គឺមាន​ការ​ចូលរួម​ពី​នគរបាល​ផ្នែក​ចរាចរណ៍​ផ្លូវគោក នគរបាល​ផ្នែក​គ្រឿង​ញៀន​និង​នគរបាល​ផ្នែក​អន្តរាគមន៍​ដោយ​ធ្វើ​តេស្ដ​ទឹក​នោម​លើ​អ្នក​បើកបរ​រថយន្ត​នៅ​ត្រង់​ចំណុច​ផ្លូវជាតិ​លេខ ៤ ក្នុង​ភូមិ​រលាំង​សង្កែ សង្កាត់​សុព័រ​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

លោក សម សាមួន បន្ថែមថា អ្នកបើកបរ​រថយន្ត​ដែល​រកឃើញ​ផ្ទុក​សារធាតុ​ញៀន​ទាំង ៦ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​អប់រំ​និង​ឱ្យ​ពួកគេ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​បើកបរ​និង​បាន​ឱ្យ​ឪពុកម្ដាយ​មក​ធានា​យក​ទៅ​អប់រំ​បន្ត។ ចំណែក​រថយន្ត​បាន​ឱ្យ​ភាគី​ក្រុមហ៊ុន​មក​ទទួល​និង​ធ្វើ​កិច្ច​សន្យា​ឈប់​ឱ្យ​អ្នក​ផ្ទុក​សារធាតុ​បើកបរ​ត​ទៀត។

លោក​ថា៖ «មិនអាច​ឱ្យ​ពួកគាត់​បើកបរ​ទៀត​ទេ ដោយសារ​ផ្ទុក​សារ​ធាតុ​ញៀន។លើក​ក្រោយបើ​យើង​ពិនិត្យ​ឃើញ​ថា ពួកគាត់​នៅ​តែ​បើកបរ​ទៀត យើង​ចាត់ទុក​ថា​ពួកគាត់​មិន​រាងចាល ហើយ​នឹង​អនុវត្ត​តាម​ច្បាប់​គឺ​ចាប់​ហើយ​បញ្ជូន​ទៅ​តុលាការ»។

កាលពី​ចុងខែ​មីនា​លោក​ឧ​បនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឱ្យធ្វើ​តេស្ដ​ទឹក​នោម​លើ​អ្នក​បើកបរ​រថយន្ត​ធុន​ធំ​ដោយ​លោក​សន្និដ្ឋាន​ថា​យ៉ាង​តិច​មាន ១០ ភាគរយ​បាន​ប្រើ​សារ​ធាតុ​ញៀន​ជាហេតុ​ងាយ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក​ថា៖ «អ្នក​បើកឡានធំៗហ្នឹង យ៉ាងតិច ១០% ដែល​ប្រើប្រាស់​គ្រឿងញៀន​សាក​មើល​ឥឡូវ​ហ្នឹង ព្រោះ​កន្លង​មក​យើង​ធ្លាប់​ធ្វើ​តេស្ដ​ដែរ​តើ ឥឡូវ​គួរ​តែ​សហការ​ជាមួយ​ក្រុមហ៊ុន ពីព្រោះ​បើ​ឱ្យ​គាត់​បើក គាត់​ទៅ​បុក​គេ​រញ៉េ​រញ៉ៃ ពីព្រោះ​ប្រើ​គ្រឿង​ញៀន»៕