The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ជិត ១ ០០០ នាក់​បន្ថែម​ទៀត ខណៈ​ជា​សះស្បើយ ៣៦១ នាក់




រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ជិត ១ ០០០ នាក់​បន្ថែម​ទៀត ខណៈ​ជា​សះស្បើយ ៣៦១ នាក់

Content image - Phnom Penh Post
កុមារាម្នាក់រស់នៅម្ដុំផ្សារចាស់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកដើម្បីធ្វើតេស្តស្វែងរកមេរោគកូវីដ ១៩។ ហ៊ាន រង្សី

រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ជិត ១ ០០០ នាក់​បន្ថែម​ទៀត ខណៈ​ជា​សះស្បើយ ៣៦១ នាក់

ភ្នំពេញ៖ មនុស្ស​ជិត ១ ០០០ នាក់​ ត្រូវ​បាន​ក្រសួង​សុខាភិបាល​រក​ឃើញ​មាន​ឆ្លង​វីរុស​កូវីដ ១៩ ក្នុង​រយៈពេល ១ ថ្ងៃ ស្រប​ពេល​ដែល​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៣៦១ នាក់ និង​មាន​អ្នក​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ ១៩ បន្ថែម​ចំនួន ០១ នាក់​ទៀត។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ០៤ ខែ​ឧសភា​នេះ បាន​ឱ្យ​ដឹង​ថា ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ចំនួន ៩៣៨ នាក់ ក្នុង​នោះ​រាជធានី ភ្នំពេញ​មាន​ចំនួន​ឆ្លង​ច្រើន​ជាង​គេ រហូត​ដល់ ៦០៨ នាក់។

ខេត្ត​ដែល​មាន​ឆ្លង​ច្រើន​បន្ទាប់ មាន​ខេត្ត​កណ្តាល ដែល​មាន​ចំនួន ១៧៥ នាក់ ខេត្ត​ព្រះសីហនុ ចំនួន ៧៧ នាក់ ខេត្ត​បន្ទាយមានជ័យ ចំនួន ៥១ នាក់ ខេត្ត​កំពង់ស្ពឺ​ចំនួន ១៤ នាក់ ខេត្ត​តាកែវ ៤ នាក់ ខេត្ត​កំពង់ចាម ៣ នាក់ ខេត្ត​ត្បូងឃ្មុំ ២ នាក់ និង​ខេត្ត ៥ ផ្សេង​ទៀត​មាន​ករណី​ឆ្លង​ចំនួន ០១ នាក់​ដូច​គ្នា គឺ​ខេត្ត​ពោធិ៍សាត់ ស្វាយរៀង បាត់ដំបង ប៉ៃលិន និង​ខេត្តសៀមរាប។

ជាមួយ​គ្នា​នេះ​ដែរ ករណី​អ្នក​ជំងឺ​ជា​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ ៨១ ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី ០៣ ខែ​ឧសភា ដោយ​មាន​ការ​រលាក​សួត​ធ្ងន់ធ្ងរ ដោយ​សារ​ជំងឺ​កូវីដ ១៩។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ០៤ ខែ​ ឧសភា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ចំនួន ១៦ ២៩៩ នាក់ អ្នក​ជា​សះស្បើយ​ចំនួន ៥ ៧៩១ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ១០ ៣៩៤ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ចំនួន ១០៧ នាក់៕

អត្ថបទគួរចាប់អារម្មណ៍