ព្រះ​សីហនុ ៖ រហូត​មក​ដល់​ម៉ោង ៨ កន្លះ ព្រឹក​​ថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នកជួយ​សង្គ្រោះជន​រងគ្រោះ ដោយ​សារ​ការ​រលំ​បាក់​អគារសំណង់ ​៧ ​ជាន់​ នៅ​ខេត្ត​ព្រះ​សីហនុ បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ចំនួន ១៧​ នាក់​ និង​រង​របួស ​២៤ ​នាក់ ខណៈ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​ប្រកាសផ្តល់​ថវិកា​​ជូន​ជន​រង​គ្រោះដែល​ស្លាប់​​ក្នុង​ម្នាក់​ ៤០​ លាន​រៀល​។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ប្រាប់ ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​នេះ​ថា៖«រហូត​មក​ដល់​ថ្មើ​​រនេះ (ម៉ោង ៨ កន្លះ) តួលេខ​ គឺ ២​៤​ និង ១៧ ។ ស្លាប់ ១៧ នាក់ ហើយ​របួស​ធ្ងន់​ស្រាល​ ២៤ នាក់​ខ្ញុំ​រវល់​»។

អគារ​ដែល​កំពុង​សាង​សង់​កម្ពស់ ៧ ជាន់ បាន​រលំបាក់​នៅ​ម៉ោង​ប្រមាណ​ជា​​​ ៤​ ជិត​ភ្លឺ​​ថ្ងៃ​ទី ២២​ ខែ ​មិថុនា ហើយ​គិត​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ក្រុម​កម្លាំង​ជួយ​សង្គ្រោះ​ បាន​បន្ត​ធ្វើ​ការ​រុក​រក​ជន​រង​គ្រោះ​ ដែល​ស្ថិត​ក្នុង​ឧបទ្ទវ​ហេតុ​នៃ​ការ​រលំបាក់​អគារ​នេះ​​ខណៈដែល​​ក្រុម​គ្រួសារ​មួយ​ចំនួន​ បាន​បំពេញ​បែប​បទ​យក​សព​ទៅ​ធ្វើ​បុណ្យ​​ជា​បន្ត​បន្ទាប់​​។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពីយប់​មិញ បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​៖ «ជន​រួម​ជាតិ​ជាទីគោរព​ស្រឡាញ់។ សោដ​នាដ​កម្ម​បាក់​អគារ​នៅ​ខេត្តព្រះសីហ​នុ​​ គឺជា​រឿង​ឈឺ​ចាប់​របស់ជាតិ​យើង​ ពិសេស​ក្រុម​គ្រួសារ​ នៃអ្នក​ដែល​បាន​បាត់​បង់​ជិវិត​ដែល​ជាភរិយា​ ឬ​ស្វាមី​ ឬ​កូន ​ឬ​ឪពុ​កម្តាយ​។ល។»។

លោក​ ហ៊ុន សែន បាន​សរសេរ​បន្ត​ទៀត​ថា​៖«ដើម្បី​ចូល​រួម​មរណៈ​ទុក្ខ​ និង​ជួយដល់​ជីវភាព​ក្រុម​គ្រួសារ​ក្នុង​នាមរាជ​​រដ្ឋាភិបាល​ ខ្ញុំ​សម្រេច​បញ្ចេញថវិកាជាតិ​ ជួយ​ដល់​ក្រុម​គ្រួសារអ្នក​ស្លាប់​ ក្នុង​មួយ​នាក់​ ៤០ ​លាន

រៀល ​(សែសិប​លាន​រៀល) ១ ម៉ឺនដុល្លា​រ (១០ ០០០ ដុល្លារ​)។ សម្រាប់​អ្នក​ត្រូវ​របួស​ទាំង​អស់​ត្រូវទទួល​​បាន​ការ​ព្យាបាល​ដោយ​ឥតគិត​ថ្លៃ​ នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ និងទទួល​បាន​ជំនួយ​ក្នុង​មួយ​នាក់​ចំនួន​ ៥​ លាន​រៀល (ប្រាំ​លាន​រៀល)។ ឯក​ឧត្តម​ ប៊ិន ឈិន​ ឧបនាយក​រដ្ឋ​មន្ត្រីប្រចាំ​ការ​​ និង​ជា​រដ្ឋ​មន្រ្តី​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី​ទទួល​ចាត់​ចែង​ថវិកា​នេះ​ជូន​បង​ប្អូន។ យប់​នេះ​ ខ្ញុំ​នៅ​បន្តតាម​ដាន​ការងាររុក​រក​និង​សង្គ្រោះ​ជាមួយ​បង​ប្អូនតទៅ​ទៀត»​។

លោកស្រី​ ជៀប សុធារី អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ ប្រចាំ​ខេត្ត​ព្រះសីហនុ  ប្រាប់ភ្នំប៉ុស្តិ៍​ពីកន្លែងកើត​ហេតុ​នៅ​​ព្រឹកថ្ងៃ​អាទិត្យ​នេះ​​ថា កំលាំង​ជំនាញ​រាប់​រយ​នាក់ បាន​ផ្លាស់​វេន​គ្នា​ជួយ​ស្វែង​រក​ជន​រង​គ្រោះ ពីគំនរអគារ​បាក់​បែក​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់ព្រឹក​នេះ។

លោក​ស្រីបន្ត​ថា ការ​កកាយ​សំណង់​អគារ​បាក់​បែក​នេះ​ ទើប​តែ​ធ្វើឡើង​ បាន​ប្រហែល​ជា ​៣០ ទៅ ៥០ % ប៉ុណ្ណោះ ព្រោះ​តែ​គំនរ​នៃ​ការ​បាក់​បែក​ មាន​ទំហំធំ​ ហើយ​បាន​បាក់​សង្កត់​គរ​លើ​គ្នា ដូច្នេះ ​សមត្ថ​កិច្ច​ជំនាញ បាន​ប្រើប្រាស់​កម្លាំង និង​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​។

លោក​ស្រី​បញ្ជាក់​ថា​៖ «កម្លាំង​គ្រឿង​ចក្រ ដែល​ដឹក​កម្ទេក​កម្ទី​ហ្នឹង មាន​​ដល់​ទៅ​ ៤-៥ គ្រឿង​ ហើយ​អេសស្កាវ៉ាទ័រ​ មាន​ ៣ មាន​អាស្ទូច​មួយ​គ្រឿង​ទៀ​ត​។ អ៊ីចឹង​ពួក​គាត់​ខំ​ប្រឹង​ធ្វើ​ (ស្វែង​រក​ជន​រង​គ្រោះ) ព្រោះអី​បើការ​គាស់កកាយ​ហ្នឹង​ យឺត​យ៉ាវ អាច​ធ្វើ​ឲ្យជន​រង​គ្រោះ ដែល​មាន​របួស​នៅមា​ន​ជីវិត​ហ្នឹង អាច​ស្ទះដង្ហើម​ ដោយ​សារ​ថប់​ដង្ហើម​នៅក្នុង​ហ្នឹង»៕