ភ្នំពេញៈ ពលរដ្ឋជាង ១០០ នាក់តំណាងឱ្យ ១៤៧ គ្រួសារមកពីខេត្តកោះកុងដែលមានជម្លោះជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័ររបស់ លោក លី យ៉ុងផាត់ និងក្រុមហ៊ុន ហេង ហ៊ុយ ខាល់ឆ័រគ្រុប ពីម្សិលមិញបានមករាជធានីភ្នំពេញជំរុញឱ្យក្រសួងពាក់ព័ន្ធពន្លឿនដំណោះស្រាយដីធ្លីដែលអូសបន្លាយជិត ១០ ឆ្នាំមកនេះ។
អ្នករងគ្រោះទាំងនោះមកពី ៧ ភូមិ រួមមាន ភូមិតាធង ព្រះអង្គកែវ ឃុំដងពែង ភូមិត្រពាំងកណ្តាល ភូមិជីខ ឃុំជីខលើ និងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ភូមិកណ្តាល ឃុំកណ្តាល ស្រុកបុទុមសាគរ ខេត្តកោះកុង។ ពួកគេក៏បានដើរជុំវិញរដ្ឋសភាមួយជុំនៅពេលរសៀលដើម្បីបង្ហាញឱ្យសាធារណជនបានឃើញថាពួកគេខ្វះដីធ្វើស្រែ និងកំពុងរកយុត្តិធម៌ពីសភាផងដែរ។
តំណាងសហគមន៍ដីធ្លីអ្នកស្រី ផាវ ញ៉ឺង បានថ្លែងថាកាលពីខែ សីហា រដ្ឋសភាបានទទួលញត្តិរបស់គាត់ដែលសុំជួយអន្តរាគមន៍តែរហូតមកទល់ពេលនេះមិនទាន់មានដំណោះស្រាយសមរម្យណាមួយឡើយ។
អ្នកស្រីថា៖ «បើតាមនីតិវិធីច្បាប់ការស្រាវជ្រាវ និងវាយតម្លៃផ្សេងៗយ៉ាងយូរ ១ ឬ ២ ខែតែមកទល់ពេលនេះ ៤ ខែហើយនៅតែស្ងាត់ហើយអត់មានការឆ្លើយតប ឬផ្តល់ដំណឹងអ្វីទេអ៊ីចឹងហើយបានជាយើងមកសភា...»។
មន្ត្រីរដ្ឋបាលនៅរដ្ឋសភាបានអនុញ្ញាតឱ្យពលរដ្ឋ ៧ នាក់ចូលជួប និងប្រាប់ឱ្យទៅក្រសួងបរិស្ថានដោយអះអាងថាសភាបានចេញអន្តរាគមន៍ទៅក្រសួងរួចហើយ។
អ្នកស្រីថា៖ «សភាគេប្រាប់ថាបានបញ្ជូនរឿងយើងទៅក្រសួងបរិស្ថានហើយដល់មកក្រសួងបរិស្ថានគេថាបានបញ្ជូនទៅសភាវិញ និងថាមានតែក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ទេដែលមានសមត្ថកិច្ចដោះស្រាយរឿងនេះ អាជ្ញាធររុញទៅរុញមកខ្ញុំជិតឆ្កួតហើយ»។
យ៉ាងណាក៏ដោយអ្នកស្រីថានៅថ្ងៃនេះពួកគាត់នឹងបន្តស្វែងរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប។
អ្នកស្រី ណុម វណ្ណារី អាយុ ៣៩ ឆ្នាំដែលមានជម្លោះជាមួយក្រុមហ៊ុន ហេង ហ៊ុយ ឆ្នាំ ២០០៩ ថ្លែងទាំងទឹកភ្នែកថាពួកគាត់កំពុងជួបបញ្ហាដោយសារខ្វះដីបង្កបង្កើនផលខណៈតុលាការបន្តកោះហៅអ្នកភូមិបន្តបន្ទាប់។
អ្នកស្រីថា៖ «តុលាការចេញដីកាព្រហ្មទណ្ឌមករហូតហើយកាត់ក្តីឱ្យយើងចាញ់តាំងពីដំបូងដល់កំពូលអ៊ីចឹងពួកបងអស់ក្តីសង្ឃឹមអ៊ីចឹងមកលើកនេះសូមឱ្យសភាជួយពន្លឿនដោះស្រាយ និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីបើពុំនោះទេនឹងតវ៉ារហូតទោះបីកម្លាំងរដ្ឋាភិបាលចង់កាប់ ចង់វ៉ៃយកទៅចិញ្ច្រាំក៏បានព្រោះបើបងទៅវិញក៏ស្លាប់អ៊ីចឹងបងស៊ូស្លាប់នៅភ្នំពេញ»។
ក្នុងញត្តិរបស់ពួកគេដែលបានដាក់ទៅសភាកាលពីខែសីហាបានស្នើឱ្យប្រធានរដ្ឋសភាលោក ហេង សំរិន ជួយអន្តរាគមន៍ទៅមន្ត្រីថ្នាក់ក្រោមកាត់ឆ្វៀលផ្ទៃដីទំហំ ៧៨២,១៦ ហិកតាប្រគល់ឱ្យពលរដ្ឋរងគ្រោះដើម្បីយកទៅធ្វើជាកម្មសិទ្ធិ និងប្រើប្រាស់អាស្រ័យផល។
ក្នុងញត្តិបន្តថា «ចង់បានដីស្រែរបស់យើងទាំងអស់មកវិញពីក្រុមហ៊ុនទាំងពីរខាងលើសុំឱ្យក្រុមហ៊ុនផ្តល់ប្រាក់សំណងការខូចខាតដំណាំដែលក្រុមហ៊ុនរឹបអូស និងឈូសឆាយយក»។
ការដាក់ញត្តិនោះត្រូវបានប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនៃរដ្ឋសភាលោក អេង ឆៃអ៊ាង បញ្ជាក់ថារដ្ឋសភាបានបញ្ជូនលិខិតទៅកាន់ក្រសួងបរិស្ថានដើម្បីពិនិត្យលើសំណើរបស់ពលរដ្ឋរួចហើយកាលពីខែវិច្ឆិកាឆ្នាំនេះក្រោយពីទទួលបានញត្តិភ្លាម។
បើតាមពលរដ្ឋពួកគេភាគច្រើនរស់នៅតាំងពីឆ្នាំ ១៩៧៩ និងអ្នកខ្លះតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ និងបានបង្កបង្កើនផលរួមមាន ស្រូវ ពោត ដំឡូង ចេក កៅស៊ូ ស្វាយ ទុរេន ក្រូច សាវម៉ាវ ព្រមទាំងដាំបន្លែ និងរកអនុផលនៅទីនោះ។ «តែលុះដល់ឆ្នាំ ២០០៦ ក្រុមហ៊ុនទាំងពីរនេះបានយកគ្រឿងចក្រចូលមកឈូសឆាយបំផ្លាញគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះកន្លងមក និងបច្ចុប្បន្នក្រុមហ៊ុនបានធ្វើសកម្មភាពចាប់ ឬសម្លាប់សត្វគោក្របីរបស់អ្នកភូមិទៀតផង។
ភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកឧកញ៉ា ហេង ហ៊ុយ ម្ចាស់ក្រុមហ៊ុន ហេង ហ៊ុយ និងក្រុមហ៊ុនកោះកុងស៊ូហ្គ័ររបស់លោក លី យ៉ុងផាត់ បាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ដែលបានមកជួបពលរដ្ឋថ្លែងថា «ខ្ញុំជម្រាបជូនញត្តិហ្នឹងក្រសួងបានទទួលហើយនៅថ្ងៃទី ២៣ ខែ ១១ ឆ្នាំ ២០១៦ អ៊ីចឹងតាំងពីថ្ងៃនោះមកដល់ឥឡូវក្រសួងចាត់វិធានការហើយរាល់ដីសម្បទានសេដ្ឋកិច្ចបានផ្ទេរទៅឱ្យក្រសួងកសិកម្មរួចហើយដោយក្រសួងបានឆ្លើយតបសភាតាំងពីថ្ងៃទី ៩ ខែ ១២ » ម្ល៉េះ៕