សៀមរាបៈ តាម​គម្រោង​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ជួសជុល​រចនាសម្ព័ន្ធ​ស្រះ​ទឹក​ខាង​ជើង​នៃ​ប្រាសាទអង្គរវត្ត​ឱ្យ​រួចរាល់​ក្នុង​រយៈពេល ២ ​ឆ្នាំ​ខាងមុខ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​បាន​បញ្ចប់​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា និង​បាន​ជួសជុល​ច្រាំង​ខ្លះ​នៃ​ស្រះ​ទឹក​នេះ​។

បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​អំឡុងពេល​នៃ​ការស្រាវជ្រាវ​បុរាណវិទ្យា ក្រុម​អ្នកជំនាញ​បាន​ជួសជុល​ច្រាំងស្រះ​ខាងជើង​នៃ​ប្រាសាទ​អង្គរវត្ត​នេះបាន​ចំនួន​ ៥៦ ​ម៉ែត្រ​រួច​មក​ហើយ និង​បាន​បូម​បញ្ចូល​ទឹក​ក្នុង​ស្រះ​ចំនួន​ ៦០ ០០០ ​ម៉ែត្រគុប ដើម្បី​ឱ្យ​ស្រះ​នេះ​មាន​សោភណភាព​។

បើទោះ​ជា​ផ្នែក​ខ្លះ​នៃ​ស្រះ​ត្រូវ​បាន​ជួសជុល​រួច ក៏​ជុំវិញ​បរិវេណ​ស្រះ​នេះ​នៅតែ​បន្ត​បិទ​ស្បៃខ្មៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរ​ចូលទៅ​ថតរូប​ដូច​មុន​ឡើយ​ព្រោះ​គម្រោង​ជួសជុល និង​លើក​តម្លៃ​រចនាសម្ព័ន្ធ​ស្រះ​នៅតែ​បន្ត​ហើយ​អាច​នឹង​រួចរាល់​នៅ​ ២ ​ឆ្នាំក្រោយ​។

អាជ្ញាធរ​អប្សរា​បញ្ជាក់ថា​៖ «​នា​ឆ្នាំ​ ២០២១ ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​សល់​កាំជណ្តើរ​ស្រះ​ ៣ ​ជ្រុង​ទៀត ដែល​ត្រូវ​ពង្រឹង និង​កំពុងតែ​ធ្វើ​កំណាយ​មើល​ស្ថានភាព​ខូចខាត​ជាក់ស្តែង ដើម្បី​លើក​គម្រោង​ជួសជុល​បន្ថែមចំនួន​ ៦៥ ​ម៉ែត្រ​ឱ្យ​រួចរាល់​ក្នុងពេល​ ២ ​ឆ្នាំ​ទៀត​»​។

លោក ស្រ៊ុន តិច បុរាណវិទូ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​ជា​ប្រធាន​គម្រោង​ជួសជុល​រចនាសម្ព័ន្ធ​ស្រះ​ខាងជើង​ថ្លែងថា ការងារ​ទាំងនេះ​បានចាប់ផ្តើម​កិច្ចការ​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​ ២០១៨ និង​អនុវត្ត​ការជួសជុល​នៅ​ឆ្នាំ​ ២០២០ ​ហើយ​បច្ចុប្បន្ន​មិន​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ចូល​ថតរូប​ទីនេះ​ទ​។ លោក​បន្តថា​៖ «​ស្របពេល​នេះ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​មិនមាន​ភ្ញៀវ​មក​ទស្សនា​ទេ​។ ម្យ៉ាងវិញទៀត ក៏​ទុក​ឱកាស​ឱ្យ​អ្នកជំនាញ​ស្រាវជ្រាវ និង​អ្នក​ជួសជុល​ងាយស្រួល​បំពេញការងារ​បានល្អ​ផង​»​។

ទិដ្ឋភាព​ស្រះ​ទឹក​នៅ​ខាងជើង​ប្រាសាទ​អង្គរវត្ត​កំពុង​កែលម្អ​។ អាជ្ញាធរ​អប្សរា

លោក ស្រ៊ុន តិច បាន​ពន្យល់​ជា​លក្ខណៈ​បច្ចេកទេស​ថា ការអភិរក្ស​សំណង់​បុរាណ គឺ​ក្រុម​ការងារ​បច្ចេកទេស​មិនអាច​កំណត់​បាន​ដូច​សំណង់​សម័យ​ទំនើប​នោះទេ ដោយ​ត្រូវការ​ពេលវេលា​យូរ ដើម្បី​កុំឱ្យ​បាត់បង់​នូវ​ទម្រង់​ដើម​របស់​ស្រះ ឬ​សំណង់​បុរាណ​។

ម្យ៉ាងទៀត​លោក​ថា ក្រុមការងារ​ក៏​មិនអាច​ធ្វើ​ការជួសជុល​លឿន​ពេក ដោយ​មិន​គិតគូរ​អំពី​កិច្ចការ​ស្រាវជ្រាវ​បច្ចេកទេស​បុរាណ​វិស្វកម្ម​​បុរាណ ឬ​ការប្រើប្រាស់​វត្ថុធាតុដើម​នោះដែរ​។ លោក​ថា​៖ «​ដូច្នេះ​មុន​នឹង​យើង​ធ្វើ​ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ យើង​ត្រូវ​កំណាយ​បើក​ដី​មើល​ឱ្យ​អស់ពី​ស្ថានភាព​ដើម​របស់​វា រួច​សម្រង់​ប្លង់​គ្រប់​ជ្រុងជ្រោយ រួច​សិក្សា​ប្លង់ តើ​ត្រូវ​រៀបចំ​យ៉ាងម៉េច​ឱ្យ​ដូច​ទម្រង់​ដើម ដែល​សំខាន់​សម្រាប់​កិច្ចការ​អភិរក្ស​មិនអាច​កែប្រែ​វា​បានទេ​»​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា បច្ចុប្បន្ន​រចនាសម្ព័ន្ធ​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​បាន​ខូចខាត​ទ្រុឌទ្រោម​ដោយសារ​ថ្មភក់​មានប្រតិកម្ម​ខ្លាំង​នឹង​កម្តៅថ្ងៃ​ជាមួយ​នឹង​ទឹក​ធ្វើឱ្យ​ក្តៅ​សើមៗ បណ្តាល​ឱ្យ​ថ្មភក់​ងាយ​សឹករេចរឹល ងាយ​នឹង​បាក់បែក ហើយ​កន្លែង​ខ្លះ​បាត់​ថ្ម ដែល​ធ្វើឱ្យមាន​ចន្លោះ​ប្រហោង​បណ្តាលឱ្យ​ទឹក​ហូរ​នាំ​ដី​ច្រោះ​ចូលទៅក្នុង​ស្រះ​ទឹក​នេះ​។

ដូច្នេះ​ទើប​ក្រុមការងារ​អាជ្ញាធរ​អប្សរា​ត្រូវការ​សិក្សា​ស្រាវជ្រាវ​ពី​វិធីសាស្ត្រ​ពង្រឹង ការបិទ​ចន្លោះ​ប្រហោង​យ៉ាងម៉េច​ដើម្បី​កុំឱ្យ​វា​ច្រោះ​បន្តទៀត​។ កាលពី​ឆ្នាំ​ ២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​បង្ខះ​ទឹក​នៅ​កសិណ​ខាងជើង​ប្រាសាទ​អង្គរវត្ត​ដើម្បី​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា ក៏ដូចជា​ស្ដារ​ទឹកស្រះ​នេះ​ផងដែរ​៕