ភ្នំពេញ៖ ការ​នេសាទ​ត្រី​​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​ នឹង​ចាប់​ផ្តើម​ជា​ថ្មី​ម្តង​ទៀត​នៅ​ដើម​ខែ​មករា​ ឆ្នាំ ​២០២០​ ប្រសិន​បើ​ផ្ទៃ​មេឃ​ស្រឡះ​​ល្អ​គ្មាន​ភ្លៀង​កក់​ខែ ឬ​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ​ ប៉ុន្តែ​ស្ថាប័ន​ជំនាញ​ស្នើ​ឲ្យ​ដោះ​លែង​ត្រី​គល់រាំង​ដែល​ជិត​ផុត​ពូជ​វិញ​បើ​នេសាទ​បាន​កំពុង​នៅ​រស់​។ នេះ​បើ​​តាម​សេចក្ដី​ជូន​ដំណឹង​របស់​​រដ្ឋបាល ជលផល​ ​កាល​ពី​ថ្ងៃ​ចន្ទ​។

សេចក្ដី​ជូន​ដំណឹង​នោះ​បាន​គូស​បញ្ជាក់​ថា៖​ «ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​នៃ​របប​ទឹក​បឹង​ទន្លេសាប​នា​ពេល​បច្ចុប្បន្ន​ គន្លង​ដាយ​ត្រី​នៅ​តាម​ដង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ អាច​នេសាទ​ត្រី​បាន​ច្រើន​បន្ត​ទៀត ចាប់​ពី​ថ្ងៃទី ១ ​ដល់​ថ្ងៃទី ​៦ ​ខែ ​មករា​ ឆ្នាំ ​២០២០ ​នេះ​ ប្រសិន​បើ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ​គ្មាន​ភ្លៀង​កក់​ខែ ឬ​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ»​។

ជាមួយ​គ្នា​នេះ ​រដ្ឋបាល​ជលផល​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​និយម​ធ្វើ​ប្រហុក​ ផ្អក ទុក​ជា​ស្បៀង​បម្រុង​សម្រាប់​បរិភោគ​ប្រចាំ​ឆ្នាំ​ជា​លក្ខណៈ​គ្រួសារ ប្រញាប់​រួស​រាន់​ទៅ​ធ្វើ​ប្រហុក​ផ្អក​នៅ​ក្នុង​ចន្លោះ​ថ្ងៃ​ដែល​បាន​ប្រកាស​ខាង​លើ​នេះ​ និង​បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ មេត្តា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ធ្វើ​​ដំណើរ​ទៅ​មក​ស្នាក់នៅ​ និង​ដឹក​ជញ្ជូន​ផលិតផល​ត្រី​កុំ​ឱ្យ​រាំង​ស្ទះ។​

ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋបាល​ជលផល​ក៏​បាន​អំពាវនាវ​ដល់​ប្រជានេសាទ និង​ក្រុម​អាជីវករ​ដាយ​ត្រី​ធ្វើ​ការ​ដោះលែង​ត្រី​គល់រាំង​ដែល​ជា​មច្ឆា​និមិត្ត​រូប​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​និង​ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​ធ្ងន់ធ្ងរ​ចូល​ទៅ​ក្នុង​ទន្លេ​វិញ ប្រសិន​បើ​ត្រី​នោះ​ជាប់​មង សំណាញ់​ ឬ​អួន​ហើយ​នៅ​រស់​នោះ។​

យ៉ាង​ណា​ក្ដី ​រដូវ​ប្រមូល​ផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក ​នៅក្នុង​ឆ្នាំ​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ​មិន​សម្បូរ​ដូច​ឆ្នាំ​មុនៗ​ទេ​ រី​ឯ​តម្លៃ​ត្រី​ក៏​ថ្លៃ​ជាង​​ឆ្នាំ​មុនៗ​ទ្វេ​ដង​ផង​ដែរ​។ ជាក់​ស្ដែង​នៅ​ក្នុង​វគ្គ​ដំបូង​នៃ​ការ​ប្រមូល​ផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ផ្អក​ ឆ្នាំ​នេះ​ដែល​បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ ត្រី​សម្រាប់​ធ្វើ​ប្រហុក​ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​ចន្លោះ ​២ ០០០ ​រៀល ទៅ ​៣ ៥០០ រៀល ក្នុង ១ ​គីឡូ​ក្រាម​ ខណៈ​ត្រី​សម្រាប់​ធ្វើ​ផ្អក​ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​ពី ​៨ ០០០ ​រៀល ទៅ ១២ ​០០០ ​រៀល ​ក្នុង ​១ ​គីឡូ​ក្រាម​។

ការធ្វើត្រីប្រហុកនៅខណ្ឌឫស្សីកែវកាលពីខែមុន​​។ហេង ជីវ័ន

អ្នកស្រី ​អ៊ុក​ ចន្ធី​ អាយុ ៤៥ ​ឆ្នាំ ​មក​ពី​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កាល​ពី​វគ្គ​ដំបូង​គាត់​ និង​ប្ដី​របស់​គាត់​បាន​នាំ​គ្នា​មក​កាន់​តំបន់​គន្លង​ដាយ​ត្រី​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ ​៦ ​ខណ្ឌ​ឫស្សីកែវ​ ​រាជធានី​ភ្នំពេញ​ម្ដង​រួច​មក​ហើយ​ ដើម្បី​ទិញ​ត្រី​ធ្វើ​ប្រហុក​ទុក​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។​ ប៉ុន្តែ​ដោយសារ​តម្លៃ​ត្រី​ប្រហុក​នា​ដើម​រដូវ​កាល​នៅ​ឆ្នាំ​នេះ ថ្លៃ​ខ្ពស់​ពេក ​គឺ​ក្នុង ​១ ​គីឡូ​ក្រាម ​ថ្លៃ​ពី ​៣ ០០០ ​រៀល ​ទៅ ​៣ ៥០០ ​រៀល ពួក​គាត់​ក៏​បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ដើម្បី​រង់ចាំ​វគ្គ​បន្ទាប់​នៃ​រដូវ​ត្រី​ត្រូវ ​ដែល​នឹង​មក​ដល់​នា​ដើម​ខែ​មករា ឆ្នាំ ​២០២០ ​នេះ។​

អ្នកស្រី​ ចន្ធី​ បាន​សម្ដែង​នូវ​ក្ដី​រំពឹង​ថា ​នៅ​វគ្គ​ទី ២ ​នៃ​រដូវ​ប្រមូល​ផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ ផ្អក និង​ត្រី​ឆ្អើរ​ឆ្នាំ​នេះ ​តម្លៃ​ត្រី​​អាច​នឹង​ចុះ​ថ្លៃ​ជាង​កាល​ពី​វគ្គ​ដំបូង ហើយ​តាម​គន្លង​ដាយ​ត្រី​នីមួយៗ​ អាច​នឹង​ចាប់​ត្រី​បាន​ច្រើន​ជាង​វគ្គ​ដំបូង​ផង​ដែរ​។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ ​«នៅ​ក្នុង​វគ្គ​ទី ២ ​នេះ ខ្ញុំ​នឹង​ទិញ​ត្រី​ធ្វើ​ប្រហុក​ឲ្យ​បាន ​៣០​ គីឡូ​ក្រាម ​និង​ធ្វើ​ត្រី​ឆ្អើរ​ឲ្យ​បាន ​៣០០ ​ចង្កាក់ បើទោះ​ជា​តម្លៃ​ត្រី​​មិន​ធ្លាក់​ចុះ​ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​ទៅ​នឹង​ឆ្នាំ​មុនៗ ​ដែល​មាន​តម្លៃ​ពី ​១ ២០០ រៀល ​ទៅ ១ ៥០០ រៀល ក្នុង ​១ ​គីឡូ​ក្រាម​ក្ដី»។

បើ​តាម​អ្នកស្រី ត្រី​សម្បូរ ​ឬ​ខ្សត់​នោះ គឺ​នៅ​ក្នុង​វគ្គទី ​២ នេះ​ហើយ ព្រោះ​ជា​ពេលវេលា​មួយ​ដែល​ត្រី​ប្រហុក​សម្រុក​ចេញ​ពី​បឹង​ទន្លេ​សាប ​ឬ​ប្រព័ន្ធ​ដៃ​បឹង​ទន្លេ​សាប​ ចុះ​មក​ខ្សែ​ទឹក​ខាង​ក្រោម។ ប៉ុន្តែ​រដូវ​ប្រមូល​ផល​ត្រី​អាច​អូស​បន្លាយ​រហូត​ដល់​ដំណាច់​ខែ​មករា​ ឬ​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២០ ​នេះ៕