ភ្នំពេញៈ ប្រជាកសិករ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងបណ្ដាខេត្តមួយចំនួនទៀតបានអះអាងថា រដូវប្រាំងឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុនៗ ដោយមានភ្លៀងកក់ខែធ្លាក់ជាបន្តបន្ទាប់ អនុគ្រោះដល់ការងារបង្កបង្កើនផលរបស់ពួកគាត់ ជាពិសេសមិនបង្កឱ្យមានបញ្ហាកង្វះទឹកប្រើប្រាស់ និងស្រោចស្រពដូចបណ្ដាឆ្នាំមុនៗទេ។
ជាមួយគ្នានេះ ក្រសួង និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះអន្តរាគមន៍ជួសជុលស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព ដែលរួមមានប្រឡាយ ស្ទឹង ព្រែក និងស្រះទឹកជាច្រើនកន្លែងផងដែរ នៅក្នុងមូលដ្ឋានធ្វើឱ្យពលរដ្ឋលែងមានបញ្ហាខ្វះទឹកប្រើប្រាស់ដូចឆ្នាំមុនៗ។
លោក ប៉ក់ អិត អាយុ ៥៨ ឆ្នាំ ជាប្រជាកសិករនៅភូមិ-ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នៅរដូវប្រាំងឆ្នាំមុន ដោយសារបញ្ហាខ្វះទឹក អ្នកភូមិខ្ញុំភាគច្រើនមិនបានបង្កបង្កើនផលស្រូវ ឬ ដាំដំណាំហូបផ្លែផ្សេងទៀតនោះទេ ប៉ុន្តែឆ្នាំនេះពួកយើងខ្លះដាំឪឡឹកល្ពៅ ត្រសក់ផ្អែម ហើយខ្លះធ្វើស្រូវប្រាំងទៅតាមស្ថានភាពដីរៀងៗខ្លួន ព្រោះរដូវប្រាំងឆ្នាំនេះមានភ្លៀងកក់ខែជាបន្តបន្ទាប់ហើយប្រភពទឹកមួយចំនួននៅមានទឹកដក់គ្រប់គ្រាន់សម្រាប់ស្រោចស្រព»។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តបន្ទាយមានជ័យ ថ្លែងថា ថ្វីបើតំបន់ខ្លះគ្មានប្រភពទឹក និងស្ថិតនៅឆ្ងាយពីប្រព័ន្ធខ្សែបណ្ដាញធារាសាស្ត្រ ប៉ុន្តែដោយសារអាកាសធាតុនៅឆ្នាំនេះអំណោយផលជាងឆ្នាំមុន ពិសេសមានភ្លៀងកក់ខែធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យផលដំណាំរបស់ប្រជាកសិករលូតលាស់បានល្អ។
លោក ហួត ច័ន្ទតារារិទ្ធិ ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរធនធានទឹកខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ថ្វើបើពេលនេះប្រព័ន្ធធារាសាស្ត្រជាច្រើនត្រូវបានជួសជុលស្ដារឡើងវិញ និងមានសមត្ថភាពស្តុកទឹកបានច្រើនជាងមុនក៏ដោយ ប៉ុន្តែតំបន់មួយចំនួនក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡពុំមានប្រភពទឹកគ្រប់គ្រាន់ ហើយប្រព័ន្ធស្រោចស្រពក៏គ្មាននោះដែរ។
លោក ហួត ច័ន្ទតារារិទ្ធិ ក្រុមការងារកងវិស្វកម្មនៃមន្ទីរធនធានទឹកខេត្តបាត់ដំបងថ្លែងថា ប្រព័ន្ធប្រឡាយមេ និងប្រព័ន្ធស្រោចស្រពជាច្រើនខ្សែ សម្រាប់នាំទឹកពីទំនប់ដូនទ្រី និងសំណង់ស្ទាក់ទឹករាមគុណ ព្រមទាំងទំនប់កង្ហតទៅកាន់តំបន់ភាគខាងលើនៃស្រុកមោងឫស្សី និងស្រុកគាស់ក្រឡត្រូវបានស្តារ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃ ទំនប់ធារាសាស្ត្រ និងប្រព័ន្ធធារាសាស្ត្រជាច្រើននៅទូទាំងខេត្តកំពង់ស្ពឺត្រូវបានអភិវឌ្ឍន៍ កសាង និងជួសជុលឡើងវិញ ដើម្បីឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់កសិករ។
លោកថា៖ «តំបន់ខ្លះនៅក្នុងស្រុកថ្ពងធ្លាប់មានបញ្ហាខ្វះទឹកនៅរដូវប្រាំង ប៉ុន្តែឆ្នាំនេះអាកាសធាតុមានអំណោយផលល្អ មានភ្លៀងកក់ខែធ្លាក់ជាបន្តបន្ទាប់ ដែលមកទល់ពេលនេះនៅមិនទាន់មានអ្នកភូមិណាម្នាក់រាយការណ៍ពីបញ្ហាខ្វះទឹកនោះទេ៕