កំពង់ធំៈ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៤ ​លាន​ដុល្លារ​អាមេរិក​ លើ​ «​គម្រោង​​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ ២ (LASED II) ដល់​ពលរដ្ឋ​ក្រីក្រ​ជាង​ ៦០០ ​គ្រួសារ ​នៅ​ឃុំ​ដូង​ ​ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ដ​កំពង់ធំ ខណៈ​មាន​ពលរដ្ឋ​ក្រីក្រ​ជាង​ ៥០០ ​គ្រួសារ​ហើយ ដែល​បាន​មក​ធ្វើ​កិច្ចសន្យា​ទទួល​យក​ដី​នៅក្នុង​ឆ្នាំនេះ​។

លោក សុខ លូ អភិបាលខេត្ដ​កំពង់ធំ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា គម្រោង LASED II (Land Allocation for Social and Economic Development Project Phase II) ​នេះ ជា​គម្រោង​ថ្នាក់ជាតិ​ដោយ​ទទួល​បាន​កម្ចី​ពី​ធនាគារពិភពលោក​ និង​ក្រុម​ការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្ដ​គម្រោង​នេះ​ទៅ​តាម​ខេត្ត​គោលដៅ​ដែល​មាន​ពលរដ្ឋ​ក្រីក្រ ដូចជា​នៅ​ឃុំ​ដូង ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ដ​កំពង់ធំ​នេះ​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​គម្រោង​ថ្នាក់ជាតិ​ដែល​មាន​ថវិកា​ ៤ ​លាន​ដុល្លារ​នេះ គឺ​យើង​ទទួល​បាន​ដើម្បី​យក​ទៅ​ចាត់ចែង​អភិវឌ្ឍ​នៅក្នុង​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក​ផ្ទាល់​តែម្ដង​។ ​ប៉ុន្ដែ​ការចាត់ចែង​អភិវឌ្ឍ​ផ្សេងៗ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ​ជាដើម​គឺ​ក្រុម​ការងារ​ថ្នាក់ជាតិ​ជា​អ្នកធ្វើ​ដោយផ្ទាល់​»​។

លោក​អភិបាល​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្ដ​កំពង់ធំ​ទើប​តែ​ទទួល​បាន​គម្រោង​ LASED II មួយ​នេះ​ប៉ុណ្ណោះ​ដែល​ស្ថិត​ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក​។ ​ក្នុង​នោះ​មាន​ពលរដ្ឋ​ក្រីក្រ​ជាង​ ៥០០ ​គ្រួសារ ​ធ្វើ​កិច្ចសន្យា​ទទួល​ដី​​សម្បទាន​ពី​គម្រោង​នេះ​រួចហើយ​​នៅក្នុង​ឆ្នាំនេះ​។ ​បច្ចុប្បន្ន​ពលរដ្ឋ​បាន​ចូលទៅ​រស់នៅ​ និង​ធ្វើស្រែ​ចម្ការ​ និង​ដំណាំ​ខ្លះៗ​លើ​ដី​ដែល​រដ្ឋ​បាន​ផ្តល់​ជូន​នោះ​។

លោក សុខ លូ បាន​បន្ត​ថា​តាមរយៈ​គម្រោង​នេះ រាជរដ្ឋាភិបាល​បាន​ផ្ដល់​ដី​លំនៅឋាន ដី​កសិកម្ម ផ្ដល់​ពូជ​ដំណាំ និង​សម្ភារ​កសិកម្ម និង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅ​តំបន់​នោះ​ដើម្បី​ធ្វើឲ្យ​ជីវភាព​​ពលរដ្ឋ​មាន​ភាពប្រសើរ​ឡើង​។

លោក​បន្ថែម​ថា​៖ «​ជា​រួម​ពលរដ្ឋ​ទាំងអស់​ទទួល​បាន​ដី​លំនៅឋាន​ក្នុង​ទំហំ​​ ៣០ ​គុណ​នឹង​ ៤០ ​ម៉ែត្រ ​រួម​នឹង​ដី​កសិកម្ម​ចំនួន ២ ​ហិកតា​ ក្នុង​ ១ ​គ្រួសារ​។ ពលរដ្ឋ​ដែល​ទទួល​បាន​សម្បទាន​នេះ​​គឺជា​ពលរដ្ឋ​រស់នៅក្នុង​ទីតាំង​គម្រោង​នេះ​ដែល​ក្រីក្រ និង​អ្នក​គ្មាន​ដី​ប្រកបរបរ​ចិញ្ចឹមជីវិត​»​។

ទោះជា​យ៉ាងណា​លោក សុខ លូ ចង់​ឲ្យ​មាន​ការផ្ដល់​គម្រោង​បែប​នេះ​ដល់​ពលរដ្ឋ​ក្រីក្រ​បន្ត​ទៀត បន្ទាប់ពី​គម្រោង LASED II ដំបូង​នេះ ពីព្រោះ​នេះ​គឺជា​ការជួយ​ពលរដ្ឋ​ក្រីក្រ​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើងវិញ​ហើយ​ក៏​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ផងដែរ​។

អ្នកស្រី នួន គំនិត នាយផ្នែក​សេនាធិការ​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​លើកឡើង​ថា ក្រោយ​ទទួល​បាន​ដី​សម្បទាន​ពី​គម្រោង LASEDII ​នេះ​ពលរដ្ឋ​មានការ​សប្បាយ​រីករាយ និង​នាំគ្នា​ប្រឹងប្រែង​បង្កបង្កើនផល​លើដី​នោះ​ហើយ​នេះ​ក៏​ជា​ការជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​បរទេស​ផងដែរ​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​កាលពី​ដើមឡើយ​ពលរដ្ឋ​ក្នុង​ស្រុកភូមិ​នេះ​មាន​ជីវភាព​ខ្វះខាត​ខ្លាំងណាស់ ពួកគាត់​មិន​មាន​ដី​សម្រាប់​ធ្វើ​ផ្ទះ និង​ធ្វើស្រែ​។ ​ប៉ុន្ដែ​ឥឡូវ​ក្រោយ​ទទួល​បាន​ដីសម្បទាន​នេះ​ពលរដ្ឋ​សប្បាយ​ចិត្ដ​ និង​កំពុង​នាំគ្នា​ចាប់ផ្ដើម​ដាំដុះ​ដំណាំ​បណ្ដើរៗ​ហើយ​»​។

លោក ជុន ចេន មេឃុំ​ដូង ដែល​ស្ថិត​ក្នុង​ស្រុក​ប្រាសាទបល្ល័ង្ក​បាន​ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​ក្រីក្រ​សរុប​ជាង​ ៦០០ ​គ្រួសារ​​ ត្រូវ​ទទួល​បាន​ដី​សម្បទាន​ពី​គម្រោង​ LASED II នេះ ខណៈ​បច្ចុប្បន្ន​មាន​ប្រមាណ​ ៥៥១ ​គ្រួសារ​ បាន​មក​ធ្វើ​កិច្ចសន្យា​ទទួល​យក​ដី​។ ​ចំណែក​អ្នក​មិនទាន់​ទទួល​បាន​ដោយសារ​តែ​​ការធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ ថៃ​ ជាដើម​។​ ប៉ុន្ដែ​ពេល​ត្រឡប់​មកវិញ អាជ្ញាធរ​នៅ​តែ​ផ្ដល់​សម្បទាន​ដល់​ពួកគាត់​ដដែល​។

លោក​ថ្លែង​ថា​៖ «​ពលរដ្ឋ​នៅទីនេះ​ប្រកបរបរ​ធ្វើស្រែ​ចម្ការ ប៉ុន្ដែ​ភាគច្រើន​ខ្វះខាត​ដី​ធ្វើស្រែ​ និង​មាន​ខ្លះទៀត​គឺ​គ្មាន​ដី​តែម្ដង​។ ​ដូច្នេះ​គម្រោង​នេះ​បាន​ជួយ​ដល់​ជីវភាព​ពួកគាត់​ច្រើន​ណាស់​​ពេល​នេះ​ពលរដ្ឋ​សប្បាយ​ចិត្ដ​កំពុង​នាំគ្នា​ដាំ​ដំណាំ​ផ្សេងៗ​លើ​ដី​របស់​ពួកគាត់​»​។

លោក​​ ដោក ដូម៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​លំនៅឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ និង​ជា​នាយក​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​ ២ ​នេះ​ធ្លាប់​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ថា រាជរដ្ឋាភិបាល​គ្រោង​នឹង​ពង្រីក​គម្រោង​នេះ​នៅ​ជំហាន​ ៣ (LASEDIII) ​ទៀត​នៅ​ឆ្នាំ​ ២០២០-២០២៥ ខាង​មុខ​ក្នុង​ទំហំ​ទឹកប្រាក់​ពី​ ៦០ ​ទៅ​ ៩០ ​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ខេត្ដ​គោលដៅ​ចំនួន​ ៥ រួមមាន​ខេត្ត​កំពង់ធំ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ​ ដែល​មាន​ពលរដ្ឋ​ប្រមាណ ១៨ ០០០ គ្រួសារ​៕