កំពង់ស្ពឺ៖ រដ្ឋបាល​ក្រុង​ច្បារមន ចេញ​ដីកា​សម្រេច​បញ្ចប់​មុខ​តំណែង លោក ឡាក់ ប៊ុនធីម លេខាធិការ​រដ្ឋបាល ថ្នាក់​លេខ ៧ ពី​នាយក​រង​រដ្ឋបាល​សាលា​ក្រុង​ច្បារមន មក​ជា​មន្ត្រី​នៃ​រដ្ឋបាល​ក្រុង​ច្បារមន ហើយ​កាល​ពី​ម្សិលមិញ​ទាក់ទង​នឹង​រឿង​ទាត់​កញ្ច្រែង​លក់​ព្រីង​របស់​ប្រជាពលរដ្ឋ។

លោក ហុក ម៉ារ៉ាឌី អភិបាល​ក្រុង​ច្បារមន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ព្រឹក​នេះ​ថា​ លោក ឡាក់ ប៊ុនធីម បាន​អាង​អំណាច​តួនាទី ទៅ​ទាត់​កញ្ច្រែង​លក់​ព្រីង​របស់​ប្រជាពលរដ្ឋ​ឱ្យ​កំពប់​ទៅ​លើ​ដី ដែល​កំហុស​នេះ រដ្ឋបាល​ក្រុង​មិន​អាច​លើកលែង​បាន​ឡើយ។ លោក​ថ្លែង​ថា៖ «ក្រុម​ប្រឹក្សា​វិន័យ​បាន​រក​ឃើញ​ថា កំហុស​ដែល​គាត់​សាង​ឡើង​នោះ គឺ​ខុស​វិជ្ជាជីវៈ​ក្នុង​តួនាទី​មុខ​តំណែង​ដែល​គាត់​កំពុង​ធ្វើ​នោះ»។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ម្សិលមិញ​ថា ក្នុង​នាម​ថ្នាក់ដឹក​នាំ​ខេត្ត មិន​គាំទ្រ​ចំពោះ​ទង្វើ​របស់​មន្ត្រី ដែល​យក​តួនាទី​ភារកិច្ច​ទៅ​អនុវត្ត​ខុស​វិជ្ជាជីវៈ ខុស​ក្រម​សីលធម៌ រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ស្រក់​ទឹក​ភ្នែក​នោះ​ឡើយ។

លោក​បញ្ជាក់​ថា៖ «ក្នុង​ន័យ​នេះ​ខ្ញុំ ក៏​សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​ពុក​ម៉ែ​មា​មីង​បងប្អូន​ទាំង​អស់​ដែល​ប្រកប​របរ​រក​ទទួល​ទាន សូម​មេត្តា​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដើម្បី​ធ្វើ​យ៉ាង​ណា​យើង​អាច​រក្សា​បាន​នូវ​សណ្ដាប់​ធ្នាប់​សាធារណៈ ដែល​បង្ក​ឡើង​ដោយ​ភាព​អនាធិបតេយ្យ​របស់​បងប្អូន​យើង​មួយ​ចំនួន​តូច»។

ក្រោយ​ពី​បាន​ឃើញ​ហ្វេសប៊ុក​របស់​ពលរដ្ឋ​បាន​បង្ហោះ​រឿង​សន្តិសុខ ផ្សារ​កំពង់ស្ពឺ បាន​ទាត់​កញ្ច្រែង​ក្មេង​ស្រី​លក់​ព្រីង បណ្ដាល​ឱ្យ​កំពប់​ទៅ​លើ​ដី កាល​ពី​ថ្ងៃទី ២០ ខែ​ឧសភា លោក វ៉ី សំណាង បាន​សម្តែង​ការ​រន្ធត់ និង​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ទង្វើ​អសីលធម៌​បែប​​នេះ។

លោក​អភិបាល​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃទី ២០ ឧសភា បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​ក្មេង​ស្រី​ដែល​ត្រូវ​បាន​គេ​ទាត់​កញ្ច្រែង​ព្រីង និង​ផ្តល់​នូវ​សម្ភារៈ​មួយ​ចំនួន សម្រាប់​រួម​ចំណែក​សម្រួល​ដល់​ការ​លំបាក​របស់​គាត់​កន្លង​មក។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​ក្រុម​ប្រឹក្សា​ខេត្ត គណៈអភិបាល​ខេត្ត និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​ទង្វើ​ដែល​មិន​គប្បី​របស់​សន្តិសុខ​ផ្សារ​កំពង់ស្ពឺ ដែល​បាន​ប្រព្រឹត្ត​បែប​នេះ»។

លោក វ៉ី សំណាង សំណូម​ពរ​យ៉ាង​ទទូច​ដល់​បងប្អូន​អាជីវករ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទាំង​អស់​សូម​មេត្តា​រក្សា​ឲ្យ​បាន​នូវ​សណ្ដាប់​ធ្នាប់​សាធារណៈ​ដោយ​ចៀសវាង​គិត​តែ​ប្រយោជន៍​ខ្លួន ភ្លេច​អំពី​ផល​ប៉ះពាល់​ដល់​ប្រយោជន៍​អ្នក​ដទៃ ដែល​គាត់​ត្រូវ​ការ​ប្រើប្រាស់​ផ្លូវ៕

វីដេអូ៖