ព្រះសីហនុៈ រដ្ឋបាលក្រុងព្រះសីហនុនឹងបន្តចាត់វិធានការក្តៅក្នុងការចុះរុះរើតូប និងសំណង់អ្នកលក់ម្ហូបអាហារអនាធិបតេយ្យដោយបានរំលោភលើផ្លូវសាធារណៈ ខណៈដែលអាជ្ញាធរកំពុងបន្តគម្រោងសាងសង់ផ្លូវចំនួន ១២ ខ្សែនៅទូទាំងក្រុង ដើម្បីស្ដារសោភណភាពឡើងវិញ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា គម្រោងនៃការចុះរុះរើនេះធ្វើឡើងសម្រាប់ស្ថាបនាផ្លូវចំនួន ១២ ខ្សែ ដែលមានប្រវែងជិត ៦០ គីឡីម៉ែត្រ ក្នុងក្រុងព្រះសីហនុ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនាធ្វើផ្លូវឲ្យទាន់ពេលតាមការគ្រោងទុក។
លោក អ៊ី សុខឡេង បានបន្តថា អាជ្ញាធរធ្លាប់បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅតំបន់នោះតាំងពីថ្ងៃ ៦ ខែមីនា កន្លងទៅ ដើម្បីឲ្យធ្វើការចុះរើដោយខ្លួនឯង ប៉ុន្តែប្រជាពលរដ្ឋទាំងនោះនៅតែមិនព្រមរុះរើ និងបន្តសកម្មភាពដដែល។
លោកបញ្ជាក់ថា៖ «អាជ្ញាធរបាននាំយកគ្រឿងចក្រមកឈូសសម្អាត ដើម្បីសម្រួលដល់ក្រុមវិស្វកម្មស្ថាបនាពង្រីកផ្លូវជាតិលេខ ៤ តាមប្លង់ប្រព័ន្ធទំហំ ៦០ ម៉ែត្រ និងលែងឲ្យមានការលក់រំលោភបែបនេះរហូត។ សកម្មភាពដូចគ្នានេះយើងនឹងចុះអនុវត្តទៅលើអ្នកលក់ដូរម្ហូបអាហារអនាធិបតេយ្យនៅលើចិញ្ចើមផ្លូវដទៃទៀត ជាពិសេសនៅលើផ្លូវជាតិលេខ ៤ ដែលមានការសង់ជាតូប និងដាក់ឆត្រពេញផ្លូវ»។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តព្រះសីហនុបានឲ្យដឹងថា បញ្ហារំលោភយកចំណីផ្លូវនេះ គឺជារឿងមួយដែលកើតមានយូរណាស់មកហើយ និងមិនអាចដោះស្រាយបាននោះទេ។ បើសិនក្នុងគម្រោងស្ថាបនាផ្លូវលើកនេះពិតជារំដោះចំណីផ្លូវ បានមកវិញមែននោះគឺរឿងមួយដែលប្រសើរ៕