សីហនុៈ រដ្ឋបាល​ក្រុងព្រះសីហនុ​នឹង​ចាត់វិធានការ​ក្ដៅ​ចំពោះ​អ្នកលក់ដូរ​អនាធិបតេយ្យ​ជិត​ ១០០ ​តូប និង​រទេះ​ចាប់ពី​ថ្ងៃទី​ ១៧ ខែ​មិថុនា​ តទៅ បន្ទាប់ពី​អ្នកលក់ដូរ​ទាំងនេះ​បាន​នាំគ្នា​សាងសង់​តូប​ និង​ដាក់រទេះ​លក់ដូរ​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​សណ្ដាប់ធ្នាប់​តាម​ចិញ្ចើមផ្លូវ​ និង​ទីសាធារណៈ​ក្នុង​ក្រុង​ជាប់មាត់​សមុទ្រ​មួយ​នេះ​បើទោះបី​ជា​អ្នកលក់ដូរ​ទាំងនេះ​បាន​ធ្វើការ​តវ៉ា​ពី​ម្សិលមិញ​ក៏ដោយ​។

លោក លឹម ភត្រី មន្ដ្រីរដ្ឋបាល​ក្រុង​ព្រះសីហនុ​ទទួល​បន្ទុក​រដ្ឋបាល​សាធារណៈ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​ និង​មន្ដ្រី​សាលាក្រុង​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​អ្នកលក់ដូរ​ទាំង​ជិត​ ១០០ ​តូប និង​រទេះ​នេះ​មិន​ឱ្យ​មាន​ការលក់ដូរ​ចល័ត​គ្រប់​ប្រភេទ​លើ​ចំណីផ្លូវ និង​លើ​ផ្លូវ​បន្ត​ទៀតឡើយ​។

លោក​ថា​៖ «​តាម​បទបញ្ជា​របស់​រដ្ឋបាល​ខេត្ដ​ និង​ក្រុងព្រះសីហនុ ដាច់ខាត​ត្រូវតែ​ចាត់វិធានការ​ក្តៅ​ចាប់ពី​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២០ ​នេះ​តទៅ​ មិន​ឱ្យ​មាន​ការ​លក់ដូរ​បែប​អនាធិបតេយ្យ​បែបនេះ​ទៀតឡើយ​។ ករណី​មិន​អនុវត្តតាម​នឹង​ចាប់យក​រទេះ​លក់ដូរ និង​សម្ភារ​មក​រក្សាទុក​នៅ​សាលាក្រុង​ព្រះសីហនុ​បណ្ដោះអាសន្ន​»​។

លោក ភត្រី ឲ្យ​ដឹងថា ការលក់ដូរ​បែប​អនាធិបតេយ្យ​នៅលើ​ចំណីផ្លូវ និង​ទីសាធារណៈ​បែប​នេះ គឺ​បាន​បង្ក​ផលប៉ះពាល់​ជាច្រើន​ទៅដល់​សាធារណជន និង​អ្នកទេសចរ​ក្នុង​នោះ​អ្នកលក់ដូរ​ទាំងនេះ​បាន​ចោល​សំរាម និង​បង្ក​ភាពខ្វះ​អនាម័យ​នៅ​ទីតាំង​ដែល​លក់ដូរ​នោះ​ផងដែរ​។

លោក​បន្ថែម​ថា ក្រោយពេល​អាជ្ញាធរ​ក្រុង​ព្រះសីហនុ​បាន​ចុះ​ផ្សព្វផ្សាយ​ និង​ណែនាំ​ដល់​អ្នកលក់ដូរ​ខាងលើ​រួចមក​នៅ​ព្រឹក​ម្សិលមិញ​អ្នកលក់ដូរ​ប្រមាណ​ ៤០ ​នាក់​ ​បាននាំគ្នា​មក​តវ៉ា​នៅ​សាលាក្រុង​ព្រះសីហនុ ចំពោះ​ចំណាត់ការ​ក្ដៅ​នេះដែរ ប៉ុន្ដែ​រដ្ឋបាល​ក្រុង​មិនបាន​បោះបង់​ជំហរ​នៃ​ចំណាត់ការ​ក្ដៅ​នេះឡើយ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​ថ្លែងថា​៖ «​ចំពោះ​វិធានការ​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​ផ្សេងៗ​ក្នុង​ក្រុង​នេះ​គឺ​រដ្ឋបាល​ក្រុង​បាន​ធ្វើ​ជា​ប្រចាំ មិនមែន​ធ្វើ​តែ​លើ​ករណី​អាជីវករ​លក់ដូរ​លើ​ចំណី​ផ្លូវ​នេះ​ទេ​»​។

លោកស្រី ជៀប សុធារី ​មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​ព្រះសីហនុ​បាន​ឱ្យ​ដឹងថា ការ​ទៅ​តវ៉ា​នៅមុខ​សាលាក្រុង​របស់​អ្នកលក់ដូរ​ទាំងនោះ​មិន​ទទួល​បាន​ការបកស្រាយ​ណាមួយ​ពី​រដ្ឋបាល​ក្រុង​ឡើយ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា អាជ្ញាធរ​គួរតែ​ពិចារណា​ដែរ​ក្នុង​ការរក​ទីកន្លែង​សមរម្យ​ណាមួយ ដើម្បី​ឱ្យ​ពួកគាត់​បន្ត​មុខរបរ​លក់ដូរ​ចិញ្ចឹមជីវិត​បាន ព្រោះ​ពួកគាត់​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ចិញ្ចឹម​ជីវិត​ដោយ​ពឹង​ផ្អែកលើ​មុខរបរ​លក់ដូរ​បែបនេះ​»​។

លោកស្រី​ឱ្យ​ដឹងថា ព្រោះតែ​បញ្ហា​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ធ្វើឱ្យ​ពលរដ្ឋ​បាត់បង់​មុខរបរ និង​ការងារ​ធ្វើ​ជា​ច្រើន ដូច្នេះ​ទើប​មាន​ពលរដ្ឋ​មកពី​បណ្ដា​ខេត្ដ​ផ្សេង​មកកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ប្រកបរបរ​លក់ដូរ​នៅ​តាម​ទីសាធារណៈ​បែបនេះ​។

លោកស្រី​បានលើក​ឡើង​ថា ពលរដ្ឋ​ទាំងនេះ​មិន​មាន​សមត្ថភាព​ដើម្បី​ទៅ​ជួល​ទីតាំង ឬ​តូប​លក់ដូរ​នៅក្នុង​ខេត្ត ក្រុង​ព្រះសីហនុ​បាន​ទេ ពួកគាត់​អាច​ត្រឹម​ប្រកបរបរ​ចល័ត​បែបនេះ​ប៉ុណ្ណោះ​។ ដូច្នេះ​រដ្ឋបាល​ខេត្ដ ក្រុង គួរ​មាន​វិធានការ​ណាមួយ​ក្នុង​ការជួយ​សម្រួល​ដល់​ការប្រកបរបរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់​៕