ភ្នំពេញៈ រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រកាស​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរីពិភពថ្មី ២ ស្ថិត​ក្នុងភូមិ​ត្រពាំងថ្លឹង​៤ សង្កាត់​ចោមចៅ ​១ ត្រូវ​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​បង្ហូរទឹក​ដែល​នាំឱ្យ​មាន​ទឹកជំនន់​នៅពេល​មាន​ភ្លៀង​។

រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រកាស​ឱ្យដឹងថា​ចាប់ពី​ថ្ងៃទី​ ២៨ ខែ​ តុលា ឆ្នាំ​ ២០២០ អ្នក​ដែល​បាន​សាងសង់​សំណង់​រំលោភ​លើ​មាត់លូ គម្រប​លូ ត្រូវ​រុះរើ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​ចុះ​រុះរើ​ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការខូចខាត​សំណង់​នោះទេ​។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា មាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី​ពិភពថ្មី​ជាង​ ១០ ​គ្រួសារ​បាន​យល់ព្រម​រុះរើ​ដោយ​ស្ម័គ្រចិត្ត ខណៈ​មួយចំនួន​បាន​ស្នើសុំ​ពន្យារពេល​។ ដូច្នេះ​រដ្ឋបាល​ខណ្ឌ​បាន​ទុកពេល​ឱ្យ​ពលរដ្ឋ​រុះរើ​ដោយ​ខ្លួនឯង​តាម​ការស្នើសុំ​។

លោក ដារិទ្ធិ ថ្លែងថា​៖ «​ហើយ​បើ​ក្នុងករណី​មាន​ការរឹងទទឹង និង​មិន​ព្រម​រុះរើ​នោះ​អាជ្ញាធរ​នឹង​ចុះ​រុះរើ​ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការខូចខាត​នោះឡើយ​។ ការស្នើ​ពន្យារ​ពេលនេះ​គឺ​យើង​ពិនិត្យ​ទៅលើ​ស្ថានភាព​ជាក់ស្តែង​។ ចំពោះ​ករណី​ដែល​សាងសង់​ទៅលើ​រ៉ឺហ្គែរ គម្រប​លូ មិន​អាច​ពន្យារពេល​ទេ​គឺ​ត្រូវតែ​រុះ​ជា​បន្ទាន់ ហើយ​បើ​ដល់​ថ្ងៃ​ហើយ​ (​ឱសានវាទ ១០ ​ថ្ងៃ​) មិន​រុះ​គឺ​ក្រុមការងារ ចុះ​ទៅ​កាយ​ហើយ​»​។

លោក​បញ្ជាក់ថា​៖ «​យើង​ចាប់ផ្តើម​ដំបូង​ពី​បុរីពិភពថ្មី​ត្រពាំងថ្លឹង​ ៤ ជា​មុន​សិន ព្រោះ​វា​ជា​កន្លែង​លិច​រុំារ៉ៃ​ដែល​យើង​ត្រូវតែ​ធ្វើ​មុនគេ​ជា​គំរូ​ដល់​បុរី​ដទៃទៀត ហើយ​ជា​បន្តទៀត យើង​នឹង​ធ្វើ​នៅតាម​បុរី​ផ្សេងទៀត​»​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែងថា សំណង់​ដែល​បាន​សាងសង់​បន្ថែម គឺ​ពិតជា​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​បង្ហូរទឹក​ និង​ផ្លូវ​សាធារណៈ​មែន​៕

វីដេអូ៖