ព្រះសីហនុ៖ រដ្ឋបាល​ខេត្ដ​ព្រះសីហនុ ក្រោយ​ពី​ស្ថាបនា​ផ្លូវ​ចំនួន ៣៤ ខ្សែ ប្រវែង​សរុប ៨៤ គីឡូម៉ែត្រ សម្រេច​បាន ១០០ ភាគរយ​ហើយ បច្ចុប្បន្ន​កំពុង​សិក្សា​ពង្រីក​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី៣ បន្ថែម ខណៈស្ថានីយ​ចំនួន ២ ក្នុង​នោះ​ស្ថានីយ​ទី១ ស្ថាបនា​រួច ១០០ ភាគរយ និង​ស្ថានីយ​ទី២ សម្រេច​បាន ៨៤% ភាគរយ។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី ២៨ ខែ​ឧសភា​នេះ បាន​ដឹកនាំ​ក្រុម​ការងារ​រួម​មាន​លោក លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​បាន​ថ្លែង​ក្នុង​ពេល​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នេះ​ថា ខ្សែ​ផ្លូវ និង​រចនា​សម្ព័ន្ធ​ឧបសម្ព័ន្ធ​សម្រេច​ស្ទើរ​តែ​ទាំង​ស្រុង។ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី២ ដែល​ប្រើ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត និង​មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ៧ ២០០ ម៉ែត្រ​គុប​ ក្នុង ១ ថ្ងៃ សម្រេច​បាន ១០០ ភាគរយ។ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី១ ដែល​មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ៥ ២០០ មែត្រ​គុប ក្នុង ១ ថ្ងៃ សម្រេច​បាន ៨៤ ភាគរយ។

លោក​បាន​បន្ត​ថា៖ «គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា (គ.អ.ឆ.ក.) ក៏​កំពុង​ពិនិត្យ​លទ្ធភាព​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី៣ មួយ​ទីតាំង​ទៀត ដើម្បី​ដោះស្រាយ​ការ​បង្ហូរ​ទឹក​កខ្វក់​ទៅ​ក្នុង​សមុទ្រ»។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ដូចជា​ស្ថានីយ​អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់ និង​បន្ទប់​ទឹក​សាធារណៈ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ជាដើម ដើម្បី​ត្រៀម​រៀបចំ​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគិន​ក្រោយ​ពេល​បិទ​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ នា​ពេល​ខាង​មុខ។

រដ្ឋបាល​ខេត្ដ​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃទី ២៨ ខែ​ឧសភា ការងារ​ចាក់​បេតុង​ផ្លូវ​ទាំង ៣៤ ក្នុង​ខេត្ដ​ព្រះសីហនុ សម្រេច​បាន ១០០% ការងារ​អ៊ុត​កៅស៊ូ​បេទីម កម្រាស់ ៧០ មិល្លីម៉ែត្រ សម្រេច​បាន ១០០%។ ការងារ​គំនូស​ចរាចរណ៍​សម្រេច​បាន ១០០% ការងារ​ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍​សម្រេច​បាន ១០០% ការងារ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សម្រេច​បាន ១០០% ការងារ​ដាំ​ដើម​ឈើ​សម្រេច​បាន ១០០% ការងារ​បន្ទប់​ទឹក​សាធារណៈ​សម្រេច​បាន ៩៣% ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​សម្រេច​បាន ៦០% ការងារ​ធ្វើ​ផ្លូវ​ប្រប​ឆ្នេរ​អូរ​ឈើទាល​កាត់​តាម​ពយ​តាមូង សម្រេច​បាន ៩៥%។

ខេត្ដ​ព្រះសីហនុ​ជា​ខេត្ត​មួយ​នៃ​ភាគនិរតី ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​ប៉ូល​សេដ្ឋកិច្ច ២ ទៀត គឺ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ដែល​រាជធានី-ខេត្ដ​ទាំង​នេះ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​តែ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ស្រូប​យក​នូវ​កំណើន​សេដ្ឋកិច្ច វិនិយោគ និង​ទេសចរណ៍​នាពេល​ខាង​មុខ។

ផ្លូវ​ចំនួន ៣៤ ខ្សែ ដែល​បាន​ស្ថាបនា​រួច​រាល់​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ប្រវែង​សរុប ៨៤ គីឡូ​ម៉ែត្រ​នេះ រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​សរុប ២៩៤ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការ​ស្ថាបនា​ជា​ផ្លូវ​គំរូ​ទី១ នៅ​កម្ពុជា។

ផ្លូវ​ទាំង ៣៤ ខ្សែ​នេះ បាន​ចាប់​ផ្ដើម​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយ​មាន​ប្រតិបត្តិករ​មក​ពី​ក្រុមហ៊ុន​ចំនួន ៦ និង ២ អង្គភាព​កង​វិស្វកម្ម​សម្តេច​តេជោ ហ៊ុន សែន សៀមរាប និង​អង្គភាព​កងវិស្វកម្ម​លេខ ៧៨ ស្ពាន​ថ្នល់​នៃ​ក្រសួង​ការពារ​ជាតិ៕