ភ្នំពេញ៖ អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​ត្រៀម​រៀបចំ​កន្លែង​សម្រាប់​ធ្វើ​ជា​ទីផ្សារ​បោះដុំ​បន្លែ​បណ្តោះ​អាសន្ន ជំនួស​ឱ្យ​ផ្សារ​ដើមគរ ដែល​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល ១៤ ថ្ងៃ បន្ទាប់​ពី​រក​ឃើញ​មាន​អាជីវករ​ផ្សារ​ដើមគរ​ប្រមាណ ១០០ នាក់ ឆ្លង​វីរុស​កូវីដ ១៩។

រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រុម​ការងារ​នៃ​អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​ត្រៀម​ទីតាំង​សម្រាប់​ធ្វើ​ជា​ទីផ្សារ​បោះដុំ​បន្លែ​បណ្តោះអាសន្ន ជំនួស​ឱ្យ​ផ្សារ​ដើមគ ស្រប​តាម​ការ​ស្នើសុំ​របស់​សាលា​រាជធានី​ភ្នំពេញ។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី១៧ ខែ​មេសា​ថា ស្រប​តាម​ការ​ស្នើសុំ​របស់​សាលា​រាជធានី​ភ្នំពេញ នាវេលា​យប់​ថ្ងៃ​សៅរ៍ ថ្ងៃទី ១៧ ខែ​មេសា លោក​រួម​នឹង​គណៈអភិបាល​រង​ខេត្ត និង​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ត្រៀម​សម្រាប់​ធ្វើ​ជា​ផ្សារ​បោះដុំ​បន្លែ​បណ្តោះអាសន្ន ជំនួស​ឱ្យ​ផ្សារ​ដើមគរ។

លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាលកាលពីម្សិលមិញ ចុះត្រួតពិនិត្យទីតាំងលក់បន្លែត្រីសាច់បណ្តោះអាសន្ននៅក្រុងតាខ្មៅ ខណៈផ្សាររដ្ឋក្នុងក្រុងតាខ្មៅត្រូវបានបិទ ដើម្បីទប់ស្កាត់បញ្ហាកូវីដ។ រូបថត រដ្ឋបាលខេត្តកណ្ដាល

គួរ​បញ្ជាក់​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​សម្រេច​ផ្អាក​ការ​លក់​ដូរ​បណ្តោះអាសន្ន​នៅ​ទីតាំង​ផ្សារ​ដើមគ និង​ផ្សារ​បន្លែ ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់​ប្រជុំជន​ផ្សារ​ដើមគ ក្នុង​ខណ្ឌ​ទួលគោក និង​ខណ្ឌ​បឹងកេងកង រយៈពេល ១៤ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ១ ខែ​ឧសភា។

ការ​ផ្អាក​នេះ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ ១៩ លើ​អាជីវករ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ផ្សារ​ដើមគរ​ប្រមាណ ១០០ នាក់ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​ប៉ុន្មាន​ថ្ងៃ​នេះ បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស​គួរ​ឱ្យ​ព្រួយបារម្ភ ហើយ​ដែល​ស្ថានភាព​នេះ ត្រូវ​ចាត់​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ចំពោះ​មុខ​ជា​បន្ទាន់៕