កណ្តាល៖ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ចេញ​សេចក្តី​សម្រេច​កំណត់​ភូមិ​សាស្ត្រ​ក្រុង​ តាខ្មៅ ជា​ពីរ​តំបន់​គឺ «តំបន់​លឿង​ទុំ» និង «តំបន់​លឿង» ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​បនន្ត​រយៈពេល ៧ ថ្ងៃ​ទៀត ដែល​ចាប់​អនុវត្តន៍ចាប់​ពី​ថ្ងៃទី ២៩ ខែ​មេសា ដល់​ថ្ងៃទី ០៥ ខែ​ឧសភា។

សម្រាប់​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ត្រូវ​បាន​កំណត់​ជា ២ តំបន់ គឺ តំបន់លឿងទុំ​ សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មាន​ការ​ឆ្លង​រាល​ដាល​កម្រិត​មធ្យម​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍ និង តំបន់​លឿង សំដៅ​ដល់​ភូមិសា​ស្ត្រ​ដែល​មាន​ការឆ្លង​រាល​ដាល​កម្រិត​ស្រាល​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​សហគមន៍។

យោង​តាម​សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល នៅ​យប់​ថ្ងៃទី ២៧ ខែ​មេ​សា នេះ​បាន​បញ្ជាក់​ថា វិធានការ​ដែ​ល​ត្រូវ​អនុវត្តន៍​ចំពោះ​ភូមិ​សាស្ត្រក្រុង​តាខ្មៅ​នេះ គឺ​ត្រូវ​ចាប់​ផ្តើម​អនុវត្តន៍សម្រាប់​រយៈពេល ៧ ថ្ងៃ ដែល​គិត​ចាប់​ពី​ម៉ោង​សូន្យ​ថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៥ ខែ​ឧសភា។

លោក គង់ សោភ័ណ្ឌ បាន​លើក​ឡើង​ថា៖ «សង្កាត់​តាខ្មៅ សង្កាត់​ដើមមៀន សង្កាត់​កំពង់​សំណាញ់ និង​សង្កាត់​ស្វាយរលំ ត្រូវ​បាន​កំណត់​ជាតំ​​បន់​លឿងទុំ ឯ​តំបន់​លឿង មាន​សង្កាត់​ព្រែក​ឫស្សី សង្កាត់​តាក្តុល សង្កាត់​ព្រែកហូរ សង្កាត់​រកា​ខ្ពស់ សង្កាត់​សិត្បូ និង​សង្កាត់​កោះ​អន្លង់​ចិន»។

លោក​បាន​បន្ត​ថា បុគ្គល​គ្រប់​រូប​ដែល​រស់​នៅ​ក្នុង​តំបន់​លឿង​ទុំ ត្រូវ​បាន​ហាម​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ ទី​សំណាក់​បច្ចុប្បន្ន​របស់​ខ្លួន ប៉ុន្តែ ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ពី​លំនៅឋាន ឬ ទីសំណាក់​បច្ចុប្បន្ន អាច​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ករណីចាំ​បាច់ ហើយ​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង រាល់​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ចាប់​ពី​ម៉ោង ២០​ដល់​ម៉ោង​៥។

សេចក្តី​សម្រេច​នេះ​បាន​បញ្ជាក់​ថា សម្រាប់​តំបន់​លឿង​វិញ ការ​ធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ ជា​ធម្មតា លើក​លែង​តែ​សាលារៀន រួម​ទាំងសាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ រោង​ភាពយន្ត រោង​សម្តែង​សិល្បៈ សារមន្ទីរ ក្លិប​ហាត់​ប្រាណ និង​មជ្ឈមណ្ឌល​កីឡា។

សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​បើក​ដំណើរការ​នៅ​ក្នុង តំបន់លឿង ត្រូវ​អនុវត្តវិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺង​ម៉ាត់។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ៖ «បុគ្គល ឬនីតិបុគ្គល​ទាំង​ឡាយ​ណា ដែល​បំពាន​វិធានការ​ដែល​បាន​កំណត់​ក្នុង​ភូមិ​សាស្ត្រ​តំបន់​លឿង​ទុំ និង​តំបន់​លឿង នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​រួម​ទាំង​ការ​ឃាត់​ទុក​ជាបណ្តោះ​អាសន្ន​នូវ​មធ្យោបាយ​ធ្វើ​ដំ​​ណើរ និង​ទណ្ឌកម្ម​រដ្ឋបាល ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង នីតិវិធី​ជា​ធរមាន​ផង​ដែរ»៕