កណ្តាល៖ រដ្ឋបាល​ខេត្ត​កណ្តាល​នៅ​ថ្ងៃទី ១៣ ខែ​មេសា​នេះ បាន​សម្រេច​បិទ​ផ្សារ​គគីរ​នៅ​ក្នុង​ស្រុក​កៀនស្វាយ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​អាជីវករ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​នេះ បាន​ឆ្លង​មេរោគ​កូវីដ ១៩ ជា​បន្តបន្ទាប់។ អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ បាន​ប្រាប់ ភ្នំពេញ បុស្តិ៍ នៅ​ថ្ងៃទី ១៣ ខែ​មេសា​នេះ​ថា នេះ​គឺ​ជា​ការ​បិទ​ផ្សារ​សាធារណៈ​ជា​លើក​ដំបូង នៅ​ក្នុង​ខេត្ត​ដែល​នៅ​ជាប់​នឹង​រាជធានី​ភ្នំពេញ​មួយ​នេះ ចាប់​តាំង​ពី​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​មក។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​កណ្តាល បាន​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​អាជីវករ និង​អតិថិជន​ទាំង​អស់​ដែល​ចេញ​ចូល​ផ្សារ​គគីរ ក្នុង​ស្រុក​កៀនស្វាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​បងប្អូន​អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​គគីរ ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​គគីរ បាន​ឆ្លង​វីរុស​កូវីដ ១៩ ក្នុង «ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ» ដែល​ស្ថានភាព​នេះ អាច​រីក​រាលដាល​ជា​បន្តបន្ទាប់​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ចាំបាច់​ត្រូវ​មាន​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ជា​បន្ទាន់។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «នៅ​ចំពោះ​មុខ រដ្ឋបាល​ខេត្តកណ្តាល សូម​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​គគីរ ចាប់​ពី​ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២១ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី ដើម្បី​បង្ការ និងទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ទៅ​ដល់​បងប្អូន​អាជីវករ និង​អតិថិជន​ដទៃ​ទៀត ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ផ្សារ​នេះ»។

ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន​ផ្សារ​គគីរ​នេះ រដ្ឋបាល​ខេត្ត​កណ្តាល ធានា​រ៉ាប់រង​លើ​ការងារ​សន្តិសុខ និង​សុវត្ថិភាព​ចំពោះ​សម្ភារ និង​អីវ៉ាន់​គ្រប់​ប្រភេទ​របស់​បងប្អូន​អាជីវករ ដែល​បាន​រក្សា​ទុក​ក្នុង​តូប​នីមួយៗ មិន​ឲ្យ​មាន​ការ​បាត់បង់ និង​មិន​តម្រូវ​ឲ្យ​មាន​ការ​បង់​ថ្លៃ​សេវា​ទៅ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ណា​មួយ​ឡើយ។

ដោយ​ឡែក ចំពោះ​ផលិតផល​ដែល​អាច​ខូច​គុណភាព ដូចជា​បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូម​បងប្អូន​អាជីវករ មេត្តា​ទំនាក់ទំនង​ជាមួយ​គណៈកម្មការ​ផ្សារ ដើម្បី​យក​ទៅ​រក្សា​ទុក​ដោយ​ខ្លួន​ឯង ចៀស​វាង​ខូចខាត​ជាយថាហេតុ។

អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ថ្លែង​ថា ការ​បិទ​ផ្សារ​ដែល​មាន​លក្ខណៈ​ជា​សាធារណៈ​បែប​នេះ នៅ​ក្នុង​ខេត្ត​កណ្តាល​ទើប​តែ​មាន​ផ្សារ​គគីរ​នេះ​មួយ​ទេ ចំណែក​ការ​ផ្អាក​នៅ​កន្លែង​ផ្សេងៗ​មួយ​ចំនួន​ទៀត គឺ​ដោយសារ​តែ កន្លែង​ខ្លះ​មាន​ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​លក់​ដូរ​ដែល​មិន​មែន​ជា​លក្ខណៈ​ផ្សារ​ឡើយ គឺ​ជា​ការ​លក់​ដូរ​ជា​តូប​រាយ​ប៉ាយ​នៅ​ដោយ​កន្លែង។

លោក​ថ្លែង​ថា ៖ «ការ​បិទ​ទ្រង់ទ្រាយ​ផ្សារ​ធំ​ជា​សាធារណៈ​តែ​ម្តង គឺ​មាន​តែ​ផ្សារ​គគីរ​ហ្នឹង​ទេ ដោយសារ​យើង​ស្រាវជ្រាវ​ឃើញ​ថា វា​មាន​ពាក់ព័ន្ធ​ច្រើន ហើយ​អ្នក​ពាក់ព័ន្ធ​ហ្នឹង​ទៀត​សោត​មាន​ឆ្លង​ជំងឺ​កូវីដ​ផង​ដែរ។ អ៊ីចឹង​យើង​គិត​ថា មាន​ការ​ប្រឈម​ច្រើន ចៀសវាង​មាន​ការ​ចម្លង​ច្រើន ទើប​យើង​សម្រេច​ថា បិទ​មួយ​រយៈ​ខ្លី​សិន»៕