កណ្តាល៖ អាជ្ញាធរខេត្តកណ្ដាលបានចេញសេចក្តីសម្រេចឱ្យបិទការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ ប៉ុន្តែអាចលក់ដោយវេចខ្ចប់ ជាវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី ១២ ខែមេសានេះ បានឲ្យដឹងថា សេចក្តីសម្រេចនេះធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ចាប់ពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១។ ក្នុងសេចក្តីសម្រេចនោះ រដ្ឋបាលខេត្តកណ្តាលបានដាក់ចេញវិធានការផ្អាកជាបណ្តោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប ស្តង់លក់អាហារ និងហាងលក់ភេសជ្ជៈគ្រប់ប្រភេទ។
រដ្ឋបាលខេត្តកណ្តាលបានសរសេរថា «អាហារដ្ឋាន តូបអាហារ ហាងភេសជ្ជៈ ហាងកាហ្វេ និងអាជីវកម្មផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ ដែលទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណទីតាំងអាជីវកម្មអាហារដ្ឋានទាំងនោះ អាចលក់ដូរជាលក្ខណៈវេចខ្ចប់បាន»។
រដ្ឋបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ស្នងការដ្ឋានគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ត្រូវចុះត្រួតពិនិត្យ តាមបណ្តាគោលដៅផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារគ្រប់ប្រភេទ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចនឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរដទៃទៀត និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន»។
រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា សេចក្តីសម្រេច សេចក្តីជូនដំណឹង សេចក្តីណែនាំ ពាក់ព័ន្ធវិធានការរដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដែលមានមុនពេលសេចក្តីសម្រេចថ្មីនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស៕