កោះកុង/សៀមរាប: រដ្ឋបាល​ខេត្តកោះកុង​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ពលរដ្ឋ​ណា​ដែល​ចូលទៅ​កាប់​ទន្ទ្រាន​យក​ដី​នៅក្នុង​តំបន់​ដី​ទំហំ ៩ ៣០៦ ហិកតា​នៅក្នុង​ស្រុក​គិរីសាគរ និង​ស្រុក​បទុមសាគរ ខណៈ​អភិបាលស្រុក​បន្ទាយស្រី​ប្ដេជ្ញា​ទប់ស្កាត់​សកម្មភាព​ឈូសឆាយ​កាប់រាន​ដី​ព្រៃកោងកាង​ទឹកសាប រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​។

តាម​លិខិត​រដ្ឋបាល​ខេត្តកោះកុង​ចុះ​ថ្ងៃទី​ ៧ ខែ​កុម្ភៈ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ថ្ងៃ​អាទិត្យ​ឲ្យ​ដឹងថា ទីតាំង​ដី​ទំហំ ៩ ៣០៦ ហិកតា​ដែល​បាន​កាត់​ចេញពី​ឧទ្យាន​ជាតិ​បទុម​សាគរ​តាម​ព្រះរាជក្រឹត្យ​លេខ ០៧១៦ ចុះ​កាលពី​ខែកក្កដា​ឆ្នាំ​ ២០១៦ សម្រាប់​ផ្តល់​ជា​គោលនយោបាយ​បែងចែក​ជូន​ដល់​ពលរដ្ឋ​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​លំនៅឋាន​ចេញពី​ទីតាំង​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន UNION Development Group Co., Ltd តែប៉ុណ្ណោះ​។

លិខិត​បន្តថា កន្លងមក​សាលាខេត្ត​កោះកុង​បាន​ចេញ​សេចក្តី​ជូនដំណឹង​លេខ ០៥២ ចុះ​កាលពី​ខែ​សីហា ឆ្នាំ​ ២០០៧ ស្តីពី​ការបញ្ឈប់​ជាបន្ទាន់​នូវ​ការចេញ​លិខិត​ផ្ទេរកម្មសិទ្ធិ ទិញ លក់ និង​ការបែងចែក​នៅក្នុង​ស្រុក​គិរីសាគរ និង​ស្រុក​បទុមសាគរ​ និង​សេចក្តី​សម្រេច​លេខ​ ១១៥ ​ចុះ​កាលពី​ខែ​មេសា​ឆ្នាំ​ ២០១០ ស្តីពី​ការទុក​ជា​មោឃភាព​នូវ​រាល់​ការផ្ទេរកម្មសិទ្ធិ លក់ ទិញ​នៅក្នុង​ឧទ្យាន​ជាតិ​បទុមសាគរ​ដែល​ចុះហត្ថលេខា​ដោយ​មេឃុំ​កោះ​ស្ដេច ភ្ញីមាស ព្រែក​ខ្សាច់ តានួន និង​មេឃុំ​ថ្មស​ក្នុង​ស្រុក​បទុមសាគរ​ដែល​ស្ថិតនៅលើ​ទីតាំង​ដី​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន UNION Development Group Co., Ltd​។

លិខិត​បន្ថែមថា​កាលពី​ថ្ងៃទី ២៩ ខែ​ធ្នូ​ឆ្នាំ​ ២០០៩ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ ២៣៤ ស្តីពី​ការធ្វើ​មោឃភាព​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ និង​ឯកសារ​ផ្សេងៗ​ទៀត​ដែល​បញ្ជាក់​ពី​សិទ្ធិ​កាន់កាប់​ដីធ្លី​មិន​ស្របច្បាប់​នៅក្នុង​ស្រុក​គិរីសាគរ និង​ស្រុក​បទុមសាគរ​ក្នុង​តំបន់​វិនិយោគ​ក្រុមហ៊ុន UNION Development Group Co., Ltd ខេត្តកោះកុង​។

រដ្ឋបាល​ខេត្តកោះកុង​បញ្ជាក់ថា​៖ «​ប៉ុន្តែ​បច្ចុប្បន្ន​រដ្ឋបាលខេត្ត​ពិនិត្យ​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចូលទៅ​កាប់​ទន្ទ្រាន​ដី​ចំណុច​ ៩ ៣០៦ ហិកតា ធ្វើ​ជា​កម្មសិទ្ធិ​លក់ ទិញ និង​ផ្ទេរសិទ្ធិ​កាន់កាប់​ខុសច្បាប់​។ រដ្ឋបាលខេត្ត​កោះកុង​នឹង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ​ណា​ដែល​មិន​ព្រម​បញ្ឈប់ ហើយ​នៅតែ​បន្ត​ចូល​ទៅ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ខុសច្បាប់​។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​សកម្មភាព និង​ដកខ្លួន​ចេញ​ជាបន្ទាន់​»​។

លោក​ សុខ សុធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​បាន​ថ្លែង​ពី​ថ្ងៃ​អាទិត្យ​ថា ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​កន្លងមក​ត្រូវបាន​អាជ្ញាធរ​ផ្ដល់​សំណង​រួចរាល់​អស់ហើយ​ ប៉ុន្ដែ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​ធ្វើការ​ទាមទារ​ដី​ក្នុង​ទីតាំង​ ៩៣០៦ ហិកតា​នេះ​។ លោក​បាន​បញ្ជាក់ថា​៖ «​ពលរដ្ឋ​ដែល​រស់នៅក្នុង​ទីតាំង​ដី ៩ ៣០៦ ហិកតា​កន្លង​មក​នេះ​យើង​បានផ្ដល់​សំណង​ឲ្យ​គាត់​ហើយ​គ្មាន​អ្នក​តវ៉ា​អ្វី​ទៀត​ទេ រីឯ​អ្នក​ដែល​តវ៉ា​រាល់​ថ្ងៃ​នេះ​គឺ​ពលរដ្ឋ​ដែល​មកពី​តំបន់​ផ្សេង​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់ ហើយ​អាជ្ញាធរ​បាន​ប្រាប់​គាត់ និង​សម្របសម្រួល​ជាច្រើនលើក​មកហើយ​គឺ​ពួកគាត់​នៅតែ​មិន​ស្ដាប់​យើង​ទេ​»​។

ប៉ុន្តែ​អ្នកស្រី សាំង ពុយ ដែលជា​តំណាង​ពលរដ្ឋ​មានទំនាស់​ដីធ្លី​ជាង ១៨០ ​គ្រួសារ​នៅ​ឃុំ​កោះស្ដេច ស្រុក​បទុមសាគរ​ថ្លែងថា ក្រុម​អ្នកស្រី​បាន​រស់នៅ​ក្នុង​ទីតាំង​ដី​ឃុំកោះ​ស្ដេច​នេះ​តាំងពី​ឆ្នាំ ១៩៩៩ មក​ម្ល៉េះ ប៉ុន្ដែ​អាជ្ញាធរ​បែរ​ជា​ចោទ​ពួក​អ្នកស្រី​ថា ជា​ពលរដ្ឋ​ចំណូល​ថ្មី​រស់នៅ​លើដី​រដ្ឋ​ខុសច្បាប់​ទៅវិញ​។ អាជ្ញាធរ​មិន​ដោះស្រាយ​សំណង​អ្វីឲ្យ​ពួក​អ្នកស្រី​ទេ ក្រោយពី​ក្រុមហ៊ុន UNION Development Group Co., Ltd បាន​ឈូសឆាយ​ផ្ទះ និង​ដំណាំ​ចោល​អស់​កាលពី​ឆ្នាំ ២០០៨ ​កន្លងទៅ​។ អ្នកស្រី​បន្តថា អាជ្ញាធរ​បាន​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ប្រមាណ​ជាង ១ ​ពាន់​គ្រួសារ​ប៉ុណ្ណោះ រីឯ​ពលរដ្ឋ​ជាង ២០០ ​គ្រួសារ​ទៀត​មិនទាន់​ទទួល​បាន​សំណង​ទេ​។ ពលរដ្ឋ​ដែល​នៅ​សេសសល់​មិនទាន់បាន​សំណង​នេះ​នៅ​តែ​បន្ត​ការតវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​។ «​អាជ្ញាធរ​គេ​ថា​ពួក​ខ្ញុំ​អ្នក​រស់នៅ​ក្រៅ​តំបន់​មានទំនាស់​ដីធ្លី ហើយ​ថា ពួកខ្ញុំ​ហ្នឹង មិន​ដឹង​ចំណាកស្រុក​មកពី​ណា តែ​ការពិត​ពួកខ្ញុំ​រស់នៅ​កន្លែង​នេះ​តាំងពី​ឆ្នាំ​ ១៩៩៩ ​មក​ម្ល៉េះ​»​។

ករណី​ស្រដៀង​គ្នា​នេះដែរ​លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ប្ដេជ្ញា​ទប់ស្កាត់​សកម្មភាព​ឈូសឆាយ​ការកាប់​ព្រៃកោងកាង​លិច​ទឹក និង​ព្រៃ​ក្បាល​ជប់​ដោយ​ខុសច្បាប់ រំលោភ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅក្នុង​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​។

លោក ហ្វីណង់ មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​ពុំមាន​អ្នកទទួល​។ ប៉ុន្ដែ​លោក​បាន​សរសេរ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​រំលោភបំពាន​ច្បាប់​តាមរយៈ​សកម្មភាព​ឈូសឆាយ​កាប់​ព្រៃកោងកាង​លិច​ទឹក និង​ព្រៃ​ក្បាល​ជប់​ដោយ​ខុស​ច្បាប់​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បែបនេះ​ជាដាច់ខាត​។

លោក​បញ្ជាក់ថា​៖ «​បើ​គិតថា ធ្វើ​អំពើ​ល្មើសច្បាប់​ហើយ​អាច​បិទបាំង​យក​រួចខ្លួន​កេង​ផលប្រយោជន៍​បាន នោះ​ជា​ការយល់ច្រឡំ​ធំ​ហើយ​។ ខ្ញុំ​ជឿជាក់​ថា អ្នកស្រុក​បន្ទាយស្រី​របស់​ខ្ញុំ​ក្នុង​សម័យកាល​នេះ​នឹង​មិន​បណ្តោយ​ឲ្យ​ជនខិលខូច​ល្មើសច្បាប់ ធ្វើអ្វី​បាន​តាម​អំពើ​ចិត្ត​នោះឡើយ​។ ខ្ញុំ​សូម​ធ្វើ​ការលើក​ទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​បន្ទាយស្រី​បន្ត​រាយការណ៍ និង​ឈឺឆ្អាល​ទៅ​លើ​រាល់​សកម្មភាព​ខុស​ច្បាប់​នៅក្នុង​ស្រុក ដើម្បី​ការពារ​ប្រយោជន៍​រួម​សម្រាប់​បន្ទាយស្រី​យើង​ទាំងអស់​គ្នា​»៕