កោះកុងៈ រដ្ឋបាល​ខេត្ដ​កោះកុង​សម្រេច​ដោះស្រាយ​គោលនយោបាយ​ដល់​ប្រជាពលរដ្ឋ​ចំនួន ១៣១ ​គ្រួសារ​ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ីណូម៉ិចស៊ីម​ស្ថិតនៅ​ភូមិ​ជីត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ តាមរយៈ​ការផ្ដល់​ដី​លំនៅឋាន និង​ដីចម្ការ​ដល់​ពួកគាត់​។

លោក​ សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កោះកុង​កាលពី​ថ្ងៃទី​ ២៥ ​ឧសភា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ឃុំ ស្រុក ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី នាយក​ទីចាត់ការ​អន្តរ​វិស័យ ការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​រវាង​ពលរដ្ឋ​ចំនួន​ ១៣១ ​គ្រួសារ​ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ីណូម៉ិចស៊ីម​ស្ថិត​នៅ​ភូមិ​ជីត្រេះឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ​។

លោក​​ សុទ្ធី ​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា​៖ «​បញ្ហាដីធ្លី​ពលរដ្ឋ​ចំនួន​ ១៣១ ​គ្រួសារ នៅ​ស្រុក​បទុមសាគរ​នេះ ក្រោយពី​យើង​បាន​សិក្សា​លម្អិត​ឃើញ​ថា មាន​ការណែនាំ​ពី​ក្រសួង​ដែនដី ក្រសួងបរិស្ថាន នាពេល​កន្លង​មក​ហើយ គឺ​យើង​ទទួលស្គាល់​ពួកគាត់​ជា​ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​នៅ​ភូមិ​ជីត្រេះ​នេះ និង​ផ្ដល់​គោលនយោបាយ​ផ្ដល់​ដី​លំនៅឋាន និង​ដីចម្ការ​ដល់​ពួកគាត់​»​។

បើតាម​លោក សុទ្ធី ជា​គោលការណ៍​របស់​រដ្ឋបាល​ខេត្ដ គឺ​នឹង​ផ្ដល់​ដី​លំនៅឋាន និង​ដីចម្ការ​ដល់​ពលរដ្ឋ​ទាំង​ ១៣១ ​គ្រួសារ​នេះ ដោយ​ក្នុងនោះ​ពលរដ្ឋ​ក្នុង​ ១ ​គ្រួសារ​នឹង​ទទួលបាន​ដី​លំនៅឋាន ទំហំ​ទទឹង ២០ ម៉ែត្រ និង​បណ្ដាយ ៧០ ​ម៉ែត្រ​សម្រាប់​ប្រជាពលរដ្ឋ​រស់​លើផ្លូវ​ទី​ ១ និង​ទទឹង​ ២០ ​ម៉ែត្រ​ បូក​នឹង​បណ្ដោយ​ ១០០ ​ម៉ែត្រ សម្រាប់​ពលរដ្ឋ​រស់​ផ្លូវ​ទី​ ២ នៃ​ភូមិ​ជីត្រេះ​។ រីឯ​ដីចម្ការ​ពលរដ្ឋ​ក្នុង ១ ​គ្រួសារៗ​នឹង​ទទួលបាន​ចំនួន ១,៥​ ​ហិកតា​ដូចគ្នា​។

ដី​ដែល​ផ្ដល់ឱ្យ​ប្រជាពលរដ្ឋ​នេះ គឺជា​ដី​កាត់​ចេញពី​តំបន់​ឧទ្យានជាតិ​បទុមសាគរ ហើយ​បច្ចុប្បន្ន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ដ​។ តាមរយៈ​គោលនយោបាយ​ដែល​រដ្ឋបាល​ខេត្ដ​ដាក់ចេញ​នេះ ប្រជាពលរដ្ឋ​មាន​ការសាទរ ព្រោះ​ទទួលបាន​ទាំង​ដី​លំនៅឋាន និង​ដីចម្ការ​។

លោក​ថា​៖ «​ពលរដ្ឋ​ពួកគាត់​សាទរ​ចំពោះ​គោលនយោបាយ​នេះ​ បើសិន​ជា​មិនមាន​អ្នក​នាំ​ភ្លើង (​អ្នក​ញុះញង់​) ​នៅ​ពីក្រោយ​នាំឱ្យ​ពលរដ្ឋ​មិន​សុខ​ចិត្ដ​។ ពលរដ្ឋ គឺ​ពួកគាត់​ទទួលយក​គោលនយោបាយ​នេះ​ដោយ​រីករាយ​»​។

បើតាម​លោក​ សុខ សុទ្ធី ទាក់ទិន​នឹង​ការអនុវត្ដ​គោលនយោបាយ​បែងចែក​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​នាពេល​កន្លងមក នៅក្នុង​មូលដ្ឋាន​ខេត្ដ​កោះកុង​គឺមាន​ក្រុម​បុគ្គល​ទី​ ៣ ជា​អ្នក​ញុះញង់​ប្រជាពលរដ្ឋ​មិនឱ្យ​ទទួល​យក​តាម​ការគោលនយោបាយ​របស់​រដ្ឋបាល​ខេត្ដ​។

លោក​បញ្ជាក់ថា​៖ «​បុគ្គល​ទី​៣ ​ជា​អ្នក​ញុះញង់​ព្រោះ​អ្នក​ទាំងនោះ មាន​ការទិញ-លក់ និង​ចូលទៅ​ទន្ទ្រាន​ដី​នៅក្នុង​តំបន់​នោះ​កាលពី​ពេល​កន្លងមក ហើយ​រដ្ឋបាល​ខេត្ដ​យើង​មិនមាន​ការទទួលស្គាល់​ដី​បុគ្គល​ទាំង​នោះទេ​»​។

លោក ថោង ច័ន្ទតារា មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ដ​កោះកុង​បាន​ឯកភាព​ ចំពោះ​គោលនយោបាយ​របស់​រដ្ឋបាល​ខេត្ដ ក្នុង​ការផ្ដល់​ដី​លំនៅឋាន និង​ដីចម្ការ​ដល់​ពលរដ្ឋ​ទាំង ១៣១ គ្រួសារ​ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ីណូម៉ិចស៊ីម​នេះ​។

លោក​ថ្លែងថា​៖ «​យើង​សប្បាយចិត្ដ​តាមរយៈ​គោលនយោបាយ​ផ្ដល់​ដី​ដល់​ពលរដ្ឋ​បែបនេះ ប៉ុន្ដែ​អ្វីដែល​យើង​ព្រួយបារម្ភ​នោះ​គឺ​ការបែងចែក​ដី​មិន​ស្មើភាព ដល់​ពលរដ្ឋ​ដែល​រស់នៅ​ជាក់ស្ដែង​»​។

ភ្នំពេញ​ ប៉ុស្ដិ៍​ មិនមាន​ប្រភព​ទំនាក់ទំនង​ដើម្បី​សុំ​អត្ថាធិប្បាយ​ទៅ​តំណាង​ពលរដ្ឋ​ដែល​នឹង​ទទួល​បាន​ដី​គោលនយោបាយ​នេះ​នៅឡើយ​ទេ​៕