កំពង់ចាមៈ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​បង្ហាញ​ពី​លទ្ធផល នៃ​ការ​រក​ឃើញ​អ្នក​ជំងឺ​កូវីដ ១៩ ចំនួន ៩៣ នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ជា​សះ​ស្បើយ​មាន​ចំនួន ២៣ នាក់។

សេចក្តីប្រកាសព័ត៌មាន របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី ​២១ ខែ​ឧសភា​នេះ បាន​ឲ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល បាន​រក​ឃើញ​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ៩៣ នាក់ ក្នុង​នោះ​ស្រុក ជើងព្រៃ ៣៤ នាក់ ស្រុក​បាធាយ ៣៤​ នាក់ ស្រុក​ព្រៃឈរ ៩​ នាក់ ស្រុក​កំពង់សៀម ៦​ នាក់ និង​មក​ពី​ខេត្ត​កំពង់ឆ្នាំង ៣​ នាក់ ខេត្ត​កំពង់ធំ ៧​ នាក់ ចំណែក​ករណី​ជា​សះស្បើយ​ចំនួន ២៣​នាក់។

សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ ​«រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ចាត់​មន្ត្រី​សុខាភិបាល យក​សំណាក​លើ​អ្នក​សង្ស័យ​ចំនួន ៨០១​ នាក់ នៅ​ថ្ងៃទី​ ២០ ខែ​ ឧសភា ឆ្នាំ ២០២១ ទទួល​បាន​លទ្ធផល​តេស្ត​រហ័ស​កូវីដ​១៩ វិជ្ជមាន​កូវីដ ១៩ ចំនួន ៩៣ នាក់»។

មន្ទីរ​សុខាភិបាលនៃ​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​បញ្ជូន​អ្នក​ជំងឺ​ទាំង​នោះ ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម និង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ឬ​ដោយ​ប្រយោល និង​អ្នក​ជំងឺ​កូវីដ ១៩ ខាង​លើ​បន្ថែម​ទៀត។

ជាមួយគ្នានោះ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់​ទង នឹង​អ្នក​ជំងឺ​ខាង​លើ ទៅ​ពិនិត្យ​សុខភាព​និង​យក​សំណាក នៅ​មន្ទីរពេទ្យ​បង្អែក​ស្ថិត​នៅ​ជិត​ផ្ទះ ឬ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ ឬ​តាម​រយៈលេខ​ទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ។

ដោយឡែក ករណី​ជា​សះស្បើយ មាន​ចំនួន ២៣នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ មេគង្គ​មាន​ចំនួន ២៧០​នាក់។

អ្នក​ជំងឺ​ទាំង ២៣ នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ ដោយ​ទទួល​លទ្ធផល​តេស្តអវិជ្ជមាន​កូវីដ ​១៩ ចំនួន ២​ លើក និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ហើយ៕